ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី
លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ និងមហាសន្និបាតន អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC) ទីក្រុងសៅប៉ៅឡ ប្រទេសប្រេស៊ីល ថ្ងៃទី២០-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។
គណបក្សប្រជាជនកម្ពុជា សូមជម្រាបជូនអំពីលទ្ធផលនៃការចូលរួម កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ នឹងមហាសន្និបាតនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាល អន្តរជាតិ (CDI-IDC) នៅទីក្រុងសៅប៉ៅឡូ ប្រទេសប្រេស៊ីល នៅថ្ងៃទី២០-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ កិច្ចប្រជុំបានដាក់ចេញនូវសេចក្តីថ្លែងការណ៍ទីក្រុងសៅប៉ៅឡូ ដោយបានធ្វើការត្រួតពិនិត្យឡើងវិញនូវស្ថានភាពនៃលទ្ធិប្រជាធិបតេយ្យនិយមកណ្តាលដែលកំពុងស្ថិតនៅលើចំណុចរបត់ដ៏សំខាន់មួយនិងត្រូវការកំណែទម្រង់។
CDI-IDC ក៏បានបញ្ជាក់អំពីការប្តេជ្ញាចិត្ត ចំពោះការលើកកម្ពស់និងការការពារលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស សេរីភាពជាមូលដ្ឋាន នីតិរដ្ឋ និងប្រព័ន្ធអភិបាលកិច្ចពហុបក្ស និងការចូលរួមរបស់ប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោតដោយសេរី យុត្តិធម៌ និងតម្លាភាព ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ការឯកភាព ក្នុងចំណោមសមាជិក CDI-IDC និងការទទួលស្គាល់នូវគុណតម្លៃនៃភាពចម្រុះវប្បធម៌ ភូមិសាស្ត្រ និង ប្រវត្តិសាស្ត្រ។
គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ត្រូវបានបោះឆ្នោតបន្តជាអនុប្រធាន CDI-IDC សម្រាប់អាណត្តិ៤ឆ្នាំ (២០២៥-២០២៩) ដោយមាន ឯកឧត្តម សួស យ៉ារ៉ា ជាតំណាងរបស់គណបក្សប្រជាជនកម្ពុជា។ មហាសន្និបាត CDI-IDC ដែលមានសមាជិក ១០៥គណបក្ស មកពី ៨២ប្រទេស បានបោះឆ្នោតជ្រើសរើស ឯកឧត្តម Andres Pastrana អតីតប្រធានាធិបតីកូឡុំប៊ី ជាប្រធានសារជាថ្មីដោយសម្លេងឯកច្ឆ័ន្ទ និង បានបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការប្រតិបត្តិចំនួន១៦រូប មកពីប្រទេសអាល់បានី អង់ហ្គោឡា អាហ្សង់ទីន ប្រេស៊ីល កម្ពុជា ឆាដ កូស្តារីកា កូដឌឺវរ ក្រូអាស៊ី ហុងគ្រី ឥណ្ឌូនេស៊ី លីបង់ ម៉ិកស៊ិកកូ ម៉ារ៉ុក ប៉រ៉ូ និងផ្លូវនី ក្នុងនោះមានឥស្សរជនថ្នាក់ដឹកនាំសំខាន់ៗ រួមមាន ឯកឧត្តម Victor Orban នាយករដ្ឋមន្ត្រីហុងគ្រី ឯកឧត្តម Andrej Plenkovic នាយករដ្ឋមន្រ្តីក្រូអាត ឯកឧត្តម Janez Jansa អតីត នាយករដ្ឋមន្ត្រីស្លូវេនី ព្រមទាំងបានជ្រើសតាំង ឯកឧត្ដម Antonio Lopez Isturiz ជាអគ្គលេខាធិការ។
កិច្ចប្រជុំក៏បានអនុម័តនូវសេចក្តីថ្លែងការណ៍គាំទ្រ «បទឈប់បាញ់និងកិច្ចព្រមព្រៀង សន្តិភាពកម្ពុជា-ថៃ» ដោយបាន ១) កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍ អន្តរជាតិជាពិសេស តួនាទីរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងប្រធានអាស៊ានប្តូរវេនរបស់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម និងតួនាទីស្ថាបនារបស់សាធារណរដ្ឋប្រជាមានិតចិន ២) ស្នើឱ្យភាគីនៃជម្លោះគោរពសេចក្ដីថ្លែងការណ៍រួម ឱ្យបានពេញលេញនិងដោយស្មោះត្រង់ ដើម្បីស្ដារ ឡើងវិញនូវប្រក្រតីភាពនៃទំនាក់ទំនងសង្គម វប្បធម៌ និងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុង តំបន់រងផលប៉ះពាល់ ៣) អំពាវនាវឱ្យមានការដោះលែងទាហានកម្ពុជាទាំង១៨រូប ដោយគ្មានលក្ខខណ្ឌ ៤) ទទូចឱ្យបញ្ចប់នូវអំពើគ្រប់បែបយ៉ាងដែលប្រឆាំងនឹងសេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិ និងការរំលោភ បំពានច្បាប់អន្តរជាតិ រួមទាំងច្បាប់មនុស្សធម៌អន្តរជាតិ និង ៥) អំពាវនាវឱ្យសហគមន៍អន្តរជាតិជួយស្ដារ ឡើងវិញនូវតំបន់បេតិកភណ្ឌពិភពលោកយូណេស្កូ និងបេតិកភណ្ឌវប្បធម៌ ដែលរងការខូចខាតដោយ ការប៉ះទង្គិចប្រដាប់អាវុធដោយការបាញ់ផ្លោងកាំភ្លើងធំ និងការទំលាក់គ្រាប់បែក។
ឯកឧត្តម Andres Pastrana ប្រធាន CDI-IDC និងសមាជិកគណៈកម្មាធិការប្រតិបត្តិ បានសម្តែង នូវការកោតសរសើរនិងគាំទ្រចំពោះជំហរអត់ធ្មត់ជាអតិបរិមារបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការ ដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានបង្ហាញដល់ ពិភពលោកនូវគុណតម្លៃនៃភាពជាអ្នកដឹកនាំនិយមកណ្តាល ក្នុងការតម្កល់ផលប្រយោជន៍ប្រជាជនជាស្នូល ការដោះស្រាយជម្លោះដោយសន្តិវិធី និងការគោរពនូវគោលការណ៍សន្តិសហវិជ្ជមានជាមួយនឹងប្រទេសជិតខាង ដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្នុងតំបន់រយៈពេលវែង៕ រក្សាសិទ្ធដោយ៖សុទ្ធលី






