ភ្នំពេញ ៖ ប្រជាពលរដ្ឋជាង៣០០នាក់ដែលជាជនរងគ្រោះ ដោយសារក្រុមហ៊ុនពិភពដីមាស នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លើកគ្នាតវ៉ាទ្រង់ទ្រាយធំ រហូតឈានដល់ការបិទផ្លូវនៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌជ្រោយចង្វា បន្ទាប់ពីការដោះស្រាយសងប្រាក់ពលរដ្ឋ បានអូសបន្លាយយូរខែយូរឆ្នាំមកហើយ។
សូមរំលឹកថា កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួនឧកញ៉ា ហ៉ី គីមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស និងក្រុមអង្គរក្សសរុប ១៤នាក់ ពាក់ព័ន្ធករណីបោកប្រាស់ប្រជាពលរដ្ឋ។ ការចាប់ខ្លួននេះ ធ្វើឡើងនៅរសៀលថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៣ នៅស្នាក់ការក្រុមហ៊ុនពិភពដីមាស ស្ថិតក្នុងភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ការចាប់ខ្លួនឧកញ៉ាម្ចាស់ក្រុមហ៊ុនពិភពដីមាសរូបនេះ ធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ការបញ្ជូនខ្លួនលោកឧកញ៉ា ហ៊ី គីមហុង និងអង្គរក្ស១៣នាក់ទៅតុលាការនេះ គឺពាក់ព័ន្ធបទល្មើសមួយចំនួនដូចជា អំពើឆបោកមានស្ថានទម្ងន់ទោស ពាក់ព័ន្ធការញុះញង់ឲ្យប្រព្រឹត្តអំពើប្រឆាំងអ្នករាជការសាធារណៈ និងពាក់ព័ន្ធការសម្អាតប្រាក់។
ទោះជាយ៉ាងណា ម្ចាស់ក្រុមហ៊ុនពិភពដីមាស ឧកញ៉ា ហ៊ី គីមហុង ត្រូវបានដោះលែងឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន បន្ទាប់ពីជាប់ពន្ធនាគារបានមួយរយៈខ្លី ៕ រក្សាសិទ្ធដោយ៖សុទ្ធលី








