ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំការធ្វើបទបង្ហាញជូនសមាជិកនៃអង្គទូត និង តំណាងអង្គការអន្តរជាតិពាក់ព័ន្ធប្រចាំនៅរាជធានីភ្នំពេញ ស្តីអំពីលទ្ធផលនៃការស៊ើបអង្កេតបឋមលើ ការបាញ់ប្រហារមកលើជនស៊ីវិលកម្ពុជា ដោយកងកម្លាំងប្រដាប់អាវុធថៃ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
យោងតាមលទ្ធផលនៃការស៊ើបអង្កេតបឋមក្នុងបទបង្ហាញ ការបាញ់ប្រហារដោយកងកម្លាំងថៃគឺ ដោយគ្មានការបង្កហេតុញុះញង់ ហើយបានបណ្ដាលឱ្យជនស៊ីវិលកម្ពុជាម្នាក់ស្លាប់ និងបីនាក់ទៀតរង របួស នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។
ពុំមានការផ្ទុះអាវុធពីសំណាក់កងកម្លាំងកម្ពុជានៅមុន ឬក៏នៅក្រោយពេលដែលកងកម្លាំងថៃបាញ់ប្រហារចូលទៅក្នុងភូមិនេះទេ។ នេះគឺជាលទ្ធផលនៃការស៊ើប អង្កេតនៅទីតាំងកើតហេតុក្នុងភូមិព្រៃចាន់ ដែលអនុវត្តដោយនគរបាលជាតិកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការចូលរួមពីក្រុមសង្កេតការណ៍អាស៊ាន(AOT)។
លោកជំទាវរដ្ឋលេខាធិការប្រចាំការបានបញ្ជាក់ជាថ្មីថា កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះ ការអនុវត្តពេញលេញនូវកិច្ចព្រមព្រៀងឈប់បាញ់ កាលពីថ្ងៃទី២៨ ខែកក្កដា និងសេចក្ដីថ្លែងការណ៍រួម ទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ លោកជំទាវបានបញ្ជាក់ជាថ្មីនូវការបដិសេធយ៉ាងដាច់ អហង្ការរបស់កម្ពុជា ចំពោះការចោទប្រកាន់ថាកងកម្លាំងកម្ពុជាបានដាក់មីនថ្មីហើយបានសម្តែងការ សោកស្ដាយយ៉ាងខ្លាំង ដែលប្រទេសថៃបានសម្រេចចិត្តផ្អាកការអនុវត្តសេចក្តីប្រកាសរួមទីក្រុងគូឡាឡាំពួរ បន្ទាប់ពីឧបទ្ទវហេតុទាហានថៃជាន់មីនផ្ទុះ នៅថ្ងៃទី១០ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងពេលដែលពួកគេចូល ទៅតំបន់ចំការមីនចាស់ក្នុងដែនដីកម្ពុជា យោងតាមផែនទីផលិតដោយគណៈកម្មការចម្រុះបារាំង-សៀម
ដែលតុលាការយុត្តិធម៌អន្តរជាតិបានប្រើប្រាស់ជាមូលដ្ឋានសម្រាប់សាលក្រមឆ្នាំ១៩៦២និងឆ្នាំ២០១៣៕ រក្សាសិទ្ធដោយ៖សុទ្ធលី













