កណ្តាល ៖ សមត្ថកិច្ចនគរបាលស្រុកកៀនស្វាយ បានប្រើរយៈពេលត្រឹម៦០នាទី បំបែកបាននិងឃាត់ខ្លួនឃាតកដ៏ឃោរឃៅ និងបក្សពួកបាន៤នាក់ ដែលបានប្រព្រឹត្តិលើ ករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (កាប់និងកាំបិតផ្គាក់ដាច់ ក ម្នាក់ និងរបួស១នាក់ធ្ងន់)។
យុវជនមួយក្រុមចេញពីលេងបាល់ជាមួយគ្នា បានទៅកម្មវិធីជាប់ពាក្យកូនឪពុកធម៌របស់ខ្លួន ខណៈដែលចេញត្រឡប់មកផ្ទះវិញ កំពុងតែជិះសុខៗស្រាប់តែ ជនសង្ស័យដែលជាមិត្តភក្កិរបស់ខ្លួននោះ បានទាញកាំបិតកាប់ដាច់ក្បាលធ្លាក់ដល់ដី (អ្នកជិះពីក្រោយ) រួចកាំបិតនោះក៏ហួសទៅត្រូវកញ្ចឹងកជនរងគ្រោះម្នាក់ទៀតដែលជាអ្នកឌុបបណ្ដាលឲ្យរងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យ ភ្លាមៗកម្លាំងសមត្ថកិច្ចល្បាតក៏ប្រទះឃើញជនរងគ្រោះនិងជនសង្ស័យ សរុប 6នាក់ កំពុងតែត្រហោយំនៅក្បែរសាកសព សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យ ៤នាក់យកទៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ ដើម្បីសួរនាំ ក្រោយពីសមត្ថកិច្ចសាកសួរជំហានដំបូងរួចមក ជនសង្ស័យបានសារភាពប្រាប់សមត្ថកិច្ចថាខ្លួនកាប់ច្រឡំចំមិត្តភក្តិខ្លួនឯង។
របាយការណ៍ដដែលបានបន្តទៀតថា នៅថ្ងៃព្រហស្បតិ៍ ៧កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្ភស័ក ព.ស ២៥៦៩ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង២២:៣០នាទី កម្លាំងប៉ុស្តិ៍សំរោងធំបានចេញល្បាតតាមបណ្តោយផ្លូវជាតិលេខ១ លុះមកដល់ចំណុចមុខជីផ្កាយ៥ ស្ថិតក្នុងភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ក៏ប្រទះឃើញសាកសពដេកស្លា/ប់នៅជាប់និងផ្លូវជាតិលេខ១ ហើយមានក្រុមក្មេងស្ទាវចំនួន០៤នាក់នៅនឹងកន្លែងកើតហេតុ ភ្លាមនោះកម្លាំងយើងបានឃាត់ខ្លួនក្រុមក្មេងស្ទាវចំនួន៤នាក់ យកមកប៉ុស្តិ៍ដើម្បីសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ ហ៊ាន សៀងហៀង ភេទប្រុស, ឈ្មោះ ហ៊ាន សៀងហៃ ភេទប្រុស,ឈ្មោះ ឆុន ឆាយ ភេទប្រុស បានសារភាពថា: ឈ្មោះ កល់ ដារ៉ុង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ជាអ្នកកាប់ជនរងគ្រោះបណ្តាលឲ្យស្លាប់ ចំនែកជនសង្ស័យឈ្មោះ កល់ ដារ៉ុង ភេទប្រុស បានសារភាពថា: ខ្លួនបានកាប់ជនរងគ្រោះ១កាំបិតផ្គាក់បណ្តាលឲ្យស្លាប់ ១នាក់និងរបួស១នាក់ធ្ងន់កម្លាំងបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ចំពោះករណីនេះកម្លាំងជំនាញសហការជំនួញកម្លាំងកោសលវិច្ច័យកំពុង បន្តនីតិវិធី។ ជនសង្ស័យនិងអ្នកពាក់ព័ន្ធ ជំនាញកំពុងសាកសួរ ដើម្បីបន្តនីតិវិធីច្បាប់៕រក្សាសិទ្ធដោយ៖សុទ្ធលី


























