ភ្នំពេញ ៖ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលពាក់ព័ន្ធដូចខាងក្រោម៖
១- ករណីខេត្តព្រៃវែង៖ ទី១-“ពលរដ្ឋថា មន្ត្រី PM ស្រុកពារាំង ទារលុយពីអ្នកឆក់ត្រីចំនួន ៨០០.០០០រៀល ជាថ្នូរនឹងការប្រគល់ម៉ូតូឱ្យវិញ!” និងទី២- “ក្រុមគ្រួសារសពស្នើឱ្យលោកវរសេនីយ៍ត្រី អន សូរវង្ស និងលោក ឃៀម សុខា ចេញមុខទទួលខុសត្រូវ ផ្តល់សំណង ឬចូលបុណ្យឱ្យបានសមរម្យ ដើម្បីដោះស្រាយជីវភាពក្នុងគ្រួសារ!” ករណីខាងលើនេះ ខ្ញុំបាទបានឆ្លើយតបជូនជ្រាបកាលពីថ្ងៃទី២១ និងថ្ងៃទី២៦ ខែវិច្ឆិកា រួចហើយ នាយទាហាននៃកងរាជអាវុធហត្ថទាំង២រូប មិនបានប្រព្រឹត្តបទល្មើសនោះទេ គឺកងរាជអាវុធហត្ថ បានប្រតិបត្តិតួនាទី ភារកិច្ច តាមការអនុញ្ញាតដោយច្បាប់ និងគោលការណ៍ឯកត្តកម្មនៃការទទួលខុសត្រូវព្រហ្មទណ្ឌ។ ជាមួយគ្នានោះដែរ ជំនាញមន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តព្រៃវែង ក៏បានអនុវត្តតាមនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរួចហើយ។ ចំពោះផ្សព្វផ្សាយតាមបណ្ដាញព័ត៌មានសង្គមថា “ក្រុមគ្រួសារសពស្នើឱ្យលោកវរសេនីយ៍ត្រី អន សូរវង្ស និងលោក ឃៀម សុខា ចេញមុខទទួលខុសត្រូវ ផ្តល់សំណង ឬចូលបុណ្យឱ្យបានសមរម្យ ដើម្បីដោះស្រាយជីវភាពក្នុងគ្រួសារ” គឺក្រុមគ្រួសារមានសិទ្ធិពេញលេញតាមផ្លូវច្បាប់ ប្តឹងតវ៉ាទៅតុលាការ ដូចមានចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ និងក្រមព្រហ្មទណ្ឌ។ ក្នុងនាមជាមន្ត្រីប្រតិបត្តិច្បាប់ និងជាអ្នកបម្រើ ការពារសន្តិសុខជូនប្រជាពលរដ្ឋ នៅថ្ងៃទី២២ ខែវិច្ឆិកា លោកវរសេនីយ៍ឯក ញ៉ែម វីរៈជួប មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តព្រៃវែង ក៏បានចូលរួមក្នុងពិធីបុណ្យដោយយកថវិកាចំនួន ២លានរៀល ចូលរួមរំលែកទុក្ខជាមួយគ្រួសារសព ដែលទទួលមរណភាពដោយសារលង់ទឹក ផងដែរ។
២-ករណីនៅខេត្តក្រចេះ៖ ទី១-គណនីហ្វេសបុកឈ្មោះ Tan Kimsour បានបង្ហោះពាក់ព័ន្ទនឹងមន្ត្រីកងរាជអាវុធហត្ថខេត្តក្រចេះ បានសួរនាំអំពី “បេសកកម្ម” កងរាជអាវុធហត្ថក៏បានឆ្លើយតប និងទទួលយកជាកំហុស “វិជ្ជាជីវៈ” ហើយឯកឧត្តម នាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការណែនាំឱ្យលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ត្រូវតែសហការបង្ក្រាប។ ជាមួយគ្នានោះ កម្លាំងជំនាញស្រាវជ្រាវព័ត៌មានសន្តិសុខ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះសហការជាមន្ត្រីជំនាញធ្វើការចាប់យកវត្ថុតាង ប្រគល់ជូនសង្កាត់រដ្ឋបាលព្រៃឈើបឹងចារ ដើម្បីបន្តតាមនីតិវិធី។ ទី២-កងរាជអាវុធហត្ថ បាននិងកំពុងបន្តធ្វើការស៊ើបអង្កេតស្រាវជ្រាវបុគ្គលដែលពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសព្រៃឈើនេះ ដើម្បីអនុវត្តតាមច្បាប់ជាធរមាន។ ទី៣-កងរាជអាវុធហត្ថ នឹងទទួលយករាល់ព័ត៌មានទាំងអស់ដែលពាក់ព័ន្ធករណីខាងលើនេះ ប៉ុន្តែកងរាជអាវុធហត្ថ មិនអាចទទួលយកបាននូវការជេរប្រមាថ គ្មានក្រមសីលធម៌ វិជ្ជាជីវៈជាអ្នកសារព័ត៌មានមកលើបុគ្គល ឬអង្គភាពកងរាជអាវុធហត្ថ។ ក្រោមការដឹកនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដាក់ចេញនូវទិសស្លោក “ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប” គឺបុគ្គលណាដែលប្រព្រឹត្តបទល្មើសត្រូវតែអនុវត្តច្បាប់ ប្រព្រឹត្តខុសវិន័យត្រូវតែអនុវត្តវិន័យទណ្ឌកម្ម។ កងរាជអាវុធហត្ថនឹងប្រកាសព័ត៌មានជូនក្រោយពីបញ្ចប់នីតិវិធី។ រក្សាសិទ្ធដោយ៖សុទ្ធលី







