ភ្នំពេញ៖រាជធានីភ្នំពេញគឺជារាជធានីដែលមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយក៏ជាទីក្រុងដែលមានសោភ័ណ្ឌភាព មានសណ្ដាប់ធ្នាប់ល្អ ជាទីក្រុងមានភាពវៃឆ្លាត។ ក្រុងម៉ាណដាលូយ៉ុង ( Mandaluyong) នៃសាធារណរដ្ឋហ្វ៊ីលីពីន នឹងសិក្សារៀនសូត្រពីរាជធានីភ្នំពេញ លើការរៀបចំក្រុងពិសេស គឺការរៀបចំសណ្ដាប់ធ្នាប់នៃការកាត់ខ្សែកាប្លអុបទិក ខ្សែអ៊ីនធើណេតពីលើអាកាសទៅដាក់ក្រោមដី។នេះជាការលើកឡើងរបស់លោក ជំទាវ ខា មេលីតា មែនឈី អាហ្គីឡា អាបាឡូស ( Carmelita ” Menchie ” Aguilar Abalos ) អភិបាលក្រុងម៉ាណដាលូយ៉ុង ( Mandaluyong ) នៃសាធារណរដ្ឋហ្វ៊ីលីពីន ក្នុងឱកាសលោកជំទាវជំនួបសម្ដែងការគួរសម ជាមួយឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នារសៀល ថ្ងៃ ទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២៥នេះ នៅសាលារាជធានីភ្នំពេញ ។
លោកជំទាវ ខា មេលីតា មែនឈី អាហ្គីឡា អាបាឡូស បានមានប្រសាសន៍ថា៖ ទីក្រុងម៉ាណដាលូយ៉ុង របស់លោកជំទាវជាទីក្រុងតូច តែជាទីក្រុងដែលបានជាប់ចំណាត់ថ្នាក់លេខ២ នៅប្រទេសហ្វីលីពីន មានទំហំត្រឹមតែ២២,២៤គីឡូម៉ែត្រការ៉េ និងមានប្រជាជនរស់នៅអចិន្ត្រៃយ៍ត្រឹមតែ៤៥ម៉ឺននាក់ប៉ុណ្ណោះ។ ប៉ុន្តែទីក្រុងមួយនេះ មានប្រជាពលរដ្ឋចេញ ចូលរកស៊ី រហូតទៅដល់២លាន៣សែននាក់ ដែលចំនួននេះប្រហាក់ប្រហែលនិងរាជធានីភ្នំពេញដែរ។
លោកជំទាវ បានបញ្ជាក់ថា៖ ការមកបំពេញទស្សនកិច្ចនិងសម្ដែងការគួរសម នាពេលនេះមានគោលបំណងចង់សិក្សារៀនសូត្រ ពីរាជធានីភ្នំពេញ លើការរៀបចំក្រុង ពិសេសគឺការកាត់ខ្សែកាប្លខ្សែអុបទិក ខ្សែអ៊ីនធើណេតពីលើអាកាសទៅដាក់ក្រោមដី។ នេះជាគំរូដ៏ល្អរបស់រាជធានីភ្នំពេញដែលនាំឲ្យរាជធានីមួយនេះមានភាពស្រស់ស្អាតនិងឆ្លាតវៃ។ ការមកបំពេញទស្សនះកិច្ចនិងសិក្សាស្វែងយល់ រៀនសូត្រពីរាជធានីភ្នំពេញ វាមិនគ្រាន់តែជាការផ្សារភ្ជាប់ទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរប៉ុណ្ណោះទេ ប៉ុន្តែវាបានផ្សាភ្ជាប់បទពិសោធន៍ឲ្យគ្នាទៅវិញទៅមកថែមទៀត។
លោកជំទាវបន្តថា៖ គំរូដ៏ល្អរបស់រាជធានីភ្នំពេញដែលកាត់ខ្សែកាប៌ដាក់ទៅក្រោមដី វាមិនត្រឹមតែលើកសោភ័ណភាពរាជធានីភ្នំពេញប៉ុណ្ណោះទេ។ប៉ុន្តែវាបានកាត់បន្ថយនូវគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ថែមទៀតផង។ ក្រោយការសិក្សារៀនសូត្រពីរាជធានីភ្នំពេញ ទីក្រុងម៉ាណដាលូយ៉ុង និងមានភាពស្រស់ស្អាតមានសោភ័ណភាព ជាទីក្រុងដែលមានភាពវ័យឆ្លាត ដូចទីក្រុងភ្នំពេញដែរ។
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងពីភូមិសាស្រ្តក៏ដូចជាប្រវត្តិនៃការកកើតរបស់រាជធានីភ្នំពេញ។ទីក្រុងភ្នំពេញជាទីក្រុងដែលមានប្រវត្តិដ៏សែនជូរចត់ នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ដោយវាបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធទាំងស្រុងរបស់រាជធានីភ្នំពេញ។ប៉ុន្តែក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានធ្វើឲ្យ ប្រទេសមួយនេះមានអាការអភិវឌ្ឍន៍រីកចម្រើនរហូតមកដល់បច្ចុប្បន្ននេះ។
ឯកឧត្ដម ឃួង ស្រេងបានបន្តថា រាជធានីភ្នំពេញមិនបានទទួលរងនៅការជន់លិចដោយជំនន់ទឹកភ្លៀងធ្ងន់ធ្ងរនោះទេ ទាំងនេះគឺដោយសារយើងបានរៀបចំហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូក្រោមដីល្អ ហើយគួបផ្សំនិងស្ថានភាពភូមិសាស្ត្ររបស់ប្រទេសកម្ពុជា មានភាពល្អប្រសើរ អំណោយផលផងដែរនោះ ទើបមិនបណ្ដាលឲ្យមានការលិចលង់ដោយជំនន់ទឹកភ្លៀងធ្ងន់ធ្ងរដូចប្រទេសក្បែរខាងរបស់កម្ពុជា។
ឯកឧត្ដម ឃួង ស្រេងក៏បានបន្តទៀតថា៖ រាជធានីភ្នំពេញមានតំបន់ទេសចរណ៍ជាច្រើន ហើយនៅពេលថ្មីៗនេះ យើងបានបង្កើតឲ្យមានតំបន់ទេសចរថ្មីមួយទៀត នោះគឺផ្លូវថ្មើជើងចតុមុខ។ តំបន់ទេសចរថ្មីនេះ ទទួលបានការគាំទ្រនិងពេញនិយមពីសំណាក់ភ្ញៀវជាតិ អន្តរជាតិយ៉ាងច្រើនកុះករ ដោយក្នុងមួយថ្ងៃមានភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិប្រមាណជាង១០ម៉ឺននាក់ មកដើរលេងកំសាន្ត។ ជាមួយគ្នានេះរាជធានីភ្នំពេញក៏មានគម្រោងបង្កើតឲ្យមានតំបន់ទេសចរណ៍ជាច្រើនកន្លែងទៀតផងដែរ។
ឯកឧត្ដមអភិបាលរាជធានីក៏បានបញ្ជាក់ផងដែរថា៖ គម្រោងកាត់ខ្សែកាប្ល ខ្សែអុបទិក ខ្សែអ៊ីនធើណេតពីលើអាកាសទៅដាក់ក្រោមដីនេះ រដ្ឋបាលរាជធានីភ្នំពេញបានអនុវត្តគម្រោង កាលពីឆ្នាំ២០១៥ ជាគម្រោងនិងបញ្ចប់នៅក្នុងឆ្នាំ២០២៧ ប៉ុន្តែដោយការរំខានដោយជម្ងឺ covid-19 គម្រោងនេះមិនត្រូវបានបញ្ចប់ទៅតាមផែនការនោះទេ គឺអាចបញ្ចប់នៅក្នុងឆ្នាំ២០២៩៕រក្សាសិទ្ធដោយ៖សុទ្ធលី


















