ភ្នំពេញ៖ បើតាមការឲ្យដឹងពីជនរងគ្រោះ ស្ត្រីឈ្មោះ ងៀង សេងឡុងរូបនេះ បានរៀបគម្រោងការបោកប្រាស់ដៃគូអាជីវកម្ម និង មិត្តភក្តិជិតស្និទ្ធជាច្រើនរូប ហើយគេចខ្លួនទៅនៅបរទេស។
ជនរងគ្រោះម្នាក់ បានប្រាប់ឲ្យដឹងថា គាត់ជាម្ចាស់ដេប៉ូបោះដុំភេសជ្ជៈ ត្រូវបានឈ្មោះ ងៀង សេងឡុង បញ្ជាទិញទំនិញចំនួនច្រើន សរុបជាទឹកប្រាក់ជាង ១០ម៉ឺនដុល្លារ ដោយសុំពេលវេលាបន្តិច ក្នុងការទូទាត់ ប៉ុន្តែដល់ពេលកំណត់ ឈ្មោះ ងៀង សេងឡុងនេះ មិនបានទូទាត់តាមការសន្យា ហើយព្យាយាមគេចវេះ និងឲ្យមេធាវីម្នាក់ មកចរចាថា សុំពេលបន្តិច និងសងប៉ុន្តែការពិត គឺដើម្បីពន្យារពេល ហើយគេចខ្លួនទៅបរទេសបាត់ ព្រោះឈ្មោះ ងៀង សេងឡុងនេះ បានរៀបគម្រោងបោកប្រាស់លុយពីមនុស្សជាច្រើននាក់ សរុបជាទឹកប្រាក់ខ្ទង់លានដុល្លារ។
បន្ទាប់មកជនរងគ្រោះ បានព្យាយាមទៅរកបុគ្គលឈ្មោះ ងៀង សេងឡុងនេះ នៅឃ្លាំងដែលបើកអាជីវកម្ម តែមិនជួប ទៅរកនៅផ្ទះក៏មិនឃើញ សួរម្តាយរបស់គាត់ក៏មិនដឹង មិនឆ្លើយរឿងអ្វីទាំងអស់ មិនដឹងកូនគាត់ទៅណា។

ក្រោយជនរងគ្រោះ បានជួបនឹងជនរងគ្រោះជាច្រើននាក់ផ្សេងទៀត ដែលព្យាយាមរកបុគ្គលឈ្មោះ ងៀង សេងឡុង នេះ ទើបជនរងគ្រោះទាំងអស់ បានដឹងច្បាស់ថា ឈ្មោះ ងៀង សេងឡុងនេះ បានរៀបគម្រោងការ បោកប្រាស់យ៉ាងល្អិតល្អន់ និងបោកប្រាស់ដៃគូអាជីវកម្ម មិត្តភក្តិជិតស្និទ្ធជាច្រើននាក់ក្នុងរូបភាពផ្សេងៗគ្នា សរុបទឹកប្រាក់ខ្ទង់លានដុល្លារ ដោយម្នាក់ៗមិនក្រោម ១០ម៉ឺនដុល្លារនោះទេ ព្រមទាំងបានកុហកបោកប្រាស់តាមរយៈចេញសែកគ្មានទឹកប្រាក់ប្រគល់ជូនជនរងគ្រោះទៀតផង។
ក្រោយដឹងច្បាស់ថា ឈ្មោះ ងៀង សេងឡុងនេះ បានបោកលុយមនុស្សជាច្រើន និងមិនអាចទាក់ទងបុគ្គលនេះទៀតបាន ទើបជនរងគ្រោះ បានសម្រេចដាក់ពាក្យបណ្ដឹងទៅតុលាការ ដើម្បីរកយុត្តិធម៌ ព្រោះជនរងគ្រោះ បានរង់ចាំអស់រយៈពេលយ៉ាងយូរ និងមិនឃើញពីភាពមិនទទួលខុសត្រូវរបស់ជនជាប់ចោទ ដោយមិនបង្ហាញពីឆន្ទៈ ក្នុងការដោះស្រាយបញ្ហាទាល់តែសោះ។

បន្ទាប់ពីរងការប្ដឹងពីជនរងគ្រោះ ទៅតុលាការរួចមក ពេលនេះ ស្ត្រីម្នាក់ ដែលជាអាជីវករលក់ដូរភេសជ្ជៈឈ្មោះ ងៀង សេងឡុង ត្រូវបានតុលាការសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគាររយៈពេល១ឆ្នាំ ៦ខែ និងបង្គាប់ឲ្យសងថ្លៃទំនិញ ទៅជនរងគ្រោះតាមចំនួនដែលបានជំពាក់ និងសងជំងឺចិត្តចំនួន ៤លានរៀល។
ការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីរកឃើញថា ជនជាប់ចោទឈ្មោះ ងៀង សេងឡុង ពិតជាបានប្រព្រឹត្តកំហុស ដូចការចោទប្រកាន់ នៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ៥០០៧ ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ ពិតប្រាកដមែន។
បើតាមប្រភពជនរងគ្រោះម្នាក់ទៀត ដែលជាមិត្តជិតស្និទ្ធ បានឲ្យដឹងថា ឈ្មោះ ងៀង សេងឡុងនេះ បានបោកប្រាស់លុយពីខ្លួន ចំនួន ២០ម៉ឺនដុល្លារ ដោយលួងលោមខ្លួន ឲ្យបណ្ដាក់ទុនរកស៊ីជាមួយបន្តិចម្តងៗ រហូតដល់ចំនួនជាង ២០ម៉ឺនដុល្លារ ឈ្មោះ ងៀង សេងឡុងនេះ បានគេចវេះ មិនសង និងមិនអាចទាក់ទងបានអ្វីទាំងអស់ ទោះបីជាពីមុនគាត់ធ្លាប់ចេញចូលផ្ទះជនឆបោករូបនេះ ញឹកញាប់យ៉ាងណាក៏ដោយ ហេតុនេះហើយ ទើបជនរងគ្រោះសម្រេចចិត្ត បង្ហោះហ្វេសប៊ុក ដើម្បីឲ្យបុគ្គលឈ្មោះងៀង សេងឡុងនេះ ចេញមុខមកដោះស្រាយ សងលុយគាត់វិញ ប៉ុន្តែបុគ្គលឈ្មោះ ងៀង សេងឡុង មិនត្រឹមតែមិនសង ហើយថែមទាំងឲ្យមេធាវី ផ្ញើលិខិតជូនដំណឹងដល់ជនរងគ្រោះ ឲ្យលុបរាល់ការបង្ហោះហ្វេសប៊ុក ដែលទាក់ទងពីការបរិហារកេរ្តិ៍ឈ្មោះ ងៀង សេងឡុងនេះ ជាសាធារណៈក្នុងរយៈពេល២៤ម៉ោង បើមិនដូច្នោះទេ គេនឹងចាត់វិធានការ ដាក់ពាក្យបណ្ដឹងទៅកាន់អាជ្ញាធរ សមត្ថកិច្ច ឬស្ថាប័នតុលាការតាមនីតិវិធីច្បាប់។

លើសពីនេះទៅទៀត ជនរងគ្រោះ ដែលជាម្ចាស់បោះដុំភេសជ្ជៈ បានបន្ថែមទៀតថា បន្ទាប់ពីគាត់បានដាក់ពាក្យបណ្ដឹងហើយតុលាការចេញសេចក្ដីសម្រេច ឲ្យជាប់ពន្ធនាគារ និងចេញដីកាចាប់ខ្លួនឈ្មោះ ងៀង សេងឡុង នេះ ជនជាប់ចោទនេះ នៅតែមិនព្រមទាក់ទងរកដំណោះស្រាយ ថែមទាំងឲ្យមេធាវីប្ដឹងទាស់ទៀត ប៉ុន្តែតុលាការសាលាដំបូងនៅតែសម្រេចដដែល ខណៈដែលទាំងមេធាវីតំណាងជនជាប់ចោទ និងជនជាប់ចោទឈ្មោះ ងៀង សេងឡុង មិនបានចូលខ្លួនបង្ហាញវត្តមាននៅថ្ងៃសវនាការ នោះទេ។ តែទោះបីជា តុលាការសាលាដំបូងចេញសេចក្ដីសម្រេចបែបនេះហើយ ក៏ជនជាប់ចោទ ឈ្មោះ ងៀង សេងឡុងនេះ នៅតែមិនព្រមសងលុយដល់ជនរងគ្រោះ ហើយថែមទាំងឲ្យមេធាវីប្ដឹងទាស់ ទៅសាលាឧទ្ទរណ៍ថែមទៀត។
សូមជម្រាបថា យោងតាមអង្គហេតុនៃដំណើររឿងនៅក្នុងសាលក្រមព្រហ្មទណ្ឌលេខ ២៧៦៣ “គ១” បានរៀបរាប់ថា ដើមឡើយពោលគឺនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ជនជាប់ចោទឈ្មោះ ងៀង សេងឡុង និងជនរងគ្រោះ បានចាប់ផ្តើមមានទំនាក់ទំនងរកស៊ីជាមួយគ្នា ហើយមធ្យោបាយទំនាក់ទំនងការងាររកស៊ី ធ្វើឡើងតាមរយៈទូរស័ព្ទ និងប្រព័ន្ធតេលេក្រាម ហើយមធ្យោបាយទូទាត់ប្រាក់ ធ្វើឡើងតាមប្រព័ន្ធអនឡាញប្រតិបត្តិការតាមធនាគារជាធម្មតា។
ក្រោយមក គឺនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ ជនជាប់ចោទ បានធ្វើការបញ្ជាទិញទំនិញជាច្រើនមុខ ក្នុងបរិមាណច្រើនគិតជាទឹកប្រាក់ជាង ១០ម៉ឺន ដុល្លារអាមេរិក ដោយជនជាប់ចោទឈ្មោះ ងៀង សេងឡុង បានស្នើសុំទូទាត់ប្រាក់តាមក្រោយ ក្នុងនោះ ជនរងគ្រោះបានយល់ព្រម និងផ្តល់ឱកាសដល់ជនជាប់ចោទ ដោយទុកពេលឱ្យជនជាប់ចោទរហូតដល់លក់ទំនិញអស់ ទើបធ្វើការទូទាត់ប្រាក់ទាំងអស់មកជនរងគ្រោះ ប៉ុន្តែជនជាប់ចោទមិនគោរពតាមការសន្យា ក្រោយពីលក់ទំនិញអស់ហើយ បានគេចវេសមិនព្រមទូទាត់ប្រាក់មកឱ្យជនរងគ្រោះទាល់តែសោះ ហើយថែមទាំងគេចខ្លួនបាត់មិនអាចទាក់ទងបាន។

ដោយរងចាំអស់រយៈពេលយ៉ាងយូរ និងមើលឃើញពីភាពមិនទទួលខុសត្រូវរបស់ជនជាប់ចោទ ដោយមិនបានបង្ហាញពីឆន្ទៈក្នុងការដោះស្រាយបញ្ហាទាល់តែសោះ ទើបជនរងគ្រោះសម្រេចចិត្តដាក់ពាក្យប្តឹងទៅតុលាការដើម្បីរកយុត្តិធម៌។
គួរបញ្ជាក់ថា ទោះបីជនជាប់ចោទព្យាយាមប្តឹងទាស់តាមរយៈមេធាវីរបស់ខ្លួនយ៉ាងណាក៏ដោយ ក៏សេចក្តីសម្រេចនៃសាលក្រមបណ្តឹងទាស់លេខ ៣០៤៦ “គ១” ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ របស់សាលាដំបូងរាជធានីភ្នំពេញសម្រេច៖
១- ប្រកាសថា បណ្តឹងទាស់របស់លោកស្រី លឹម ច័ន្ទលីដា និងលោកស្រី សួន ចន្ថា ជាមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទឈ្មោះ ងៀង សេងឡុង ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ទុកជាឯកសារ ឥតបានការ។
២- តម្កល់សាលក្រមព្រហ្មទណ្ឌលេខ ២៧៦៣ “គ១” ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ របស់សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល។
យោងតាមរយៈសេចក្តីសម្រេចនៃសាលក្រមបណ្តឹងទាស់លេខ ៣០៤៦ “គ១” ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ របស់សាលាដំបូងរាជធានីភ្នំពេញមានន័យថា ស្ត្រីជនជាប់ចោទឈ្មោះ ងៀង សេងឡុង នៅតែត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១ឆ្នាំ ៦ខែ និងបង្គាប់ឱ្យសងប្រាក់ថ្លៃទំនិញទៅជនរងគ្រោះដែលជនជាប់ចោទនៅជំពាក់ បូករួមនិងសងជំងឺចិត្តចំនួន៤លានរៀល៕ រក្សាសិទ្ធដោយ៖CEN















