Friday, November 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន បានឯកភាពទាំងស្រុងចំពោះការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីវៀតណាម ចំពោះការរក្សាបាននូវសន្តិសុខតាមព្រំដែនរវាងប្រទេសទាំងពីរ

ភ្នំពេញ ៖ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃសុក្រ ៨កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម Bui Thanh Son ឧបនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយដែលបានជួបឯកឧត្តម និងប្រតិភូក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ។ សម្តេចតេជោបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកម្ពុជា និងវៀតណាមទាំងក្របខណ្ឌរដ្ឋាភិបាល ក្របខណ្ឌស្ថាប័ននីតិប្បញ្ញត្តិ និងក្របខ័ណ្ឌគណបក្ស គឺមានភាពរីកចម្រើនគួរឱ្យគាត់សម្គាល់។ ជាមួយគ្នានេះ សម្ដេចតេជោក៏ឆ្លៀតឱកាសសម្ដែងនូវការសោកស្ដាយចំពោះគ្រោះមហន្តរាយធម្មជាតិដែលបានកើតឡើងនៅក្នុងប្រទេសវៀតណាមដែលបានបង្កឱ្យមានការខូចខាតមួយចំនួនផងដែរ។

ឯកឧត្តម Bui Thanh Son បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងប្រតិភូបានចូលជួបសម្ដែងការគួរសមនៅពេលនេះ។ ឯកឧត្តមបានអរគុណចំពោះមនោសញ្ចេតនារបស់សម្ដេចដែលបានចូលរួមសម្ដែងនូវការសោកស្ដាយចំពោះគ្រោះមហន្តរាយធម្មជាតិនៅវៀតណាម។

ឯកឧត្តមក៏បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម, ឯកឧត្តមប្រធានរដ្ឋសភាវៀតណាម, ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម ជូនចំពោះសម្ដេចតេជោផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីវៀតណាម បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកម្ពុជា និងវៀតណាមនាពេលបច្ចុប្បន្ន ជាពិសេសមិនត្រឹមតែទំនាក់ទំនងក្នុងក្របខ័ណ្ឌរដ្ឋាភិបាលនោះទេ ក៏ប៉ុន្តែទាំងទំនាក់ទំនងរវាងគណបក្ស និងគណបក្សផងដែរ ដែលមានភាពរីកចម្រើនល្អប្រសើរ។ ឯកឧត្តមបានរំលេចទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការមួយចំនួនរវាងកម្ពុជា និងវៀតណាម ជាពិសេសលើពាណិជ្ជកម្ម ដែលត្រឹមតែរយៈពេល៩ខែឆ្នាំ២០២៥នេះ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានជាង៩ពាន់លានដុល្លារ។ ឯកឧត្តមក៏បានកោតសរសើរចំពោះការរក្សាបាននូវសន្តិសុខ និងកិច្ចសហប្រតិបត្តិការដ៏ល្អតាមព្រំដែនរវាងប្រទេសទាំងពីរ។

សម្ដេចតេជោ ហ៊ុន សែន បានឯកភាពទាំងស្រុងចំពោះការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីវៀតណាម ចំពោះការរក្សាបាននូវសន្តិសុខតាមព្រំដែនរវាងប្រទេសទាំងពីរ ដែលភាគីទាំងពីរបានដោះស្រាយជាមួយគ្នាជាច្រើនទាំងកិច្ចសហប្រតិបត្តិការប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងវិធានការផ្សេងៗទៀត ដែលធ្វើយ៉ាងណាឱ្យព្រំដែននៃប្រទេសទាំងពីរ ជាព្រំដែនដែលមានសុខសន្តិភាព និងធ្វើឱ្យប្រជាជនរស់នៅកាន់តែមានភាពល្អប្រសើរ។ សម្ដេចតេជោ ក៏បានមានប្រសាសន៍ លើកឡើង ពីការផ្សារភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរវាងប្រទេសទាំងពីរ ដែលវាជាអំណោយផលដល់ការធ្វើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានភាពល្អប្រសើរ ដែលជាបំណងរបស់សម្តេចតេជោ។

សម្ដេចតេជោក៏បានមានប្រសាសន៍លើកឡើងនូវការពេញចិត្តចំពោះពាណិជ្ជកម្មរវាងប្រទេសទាំងពីរដែលមានការកើនឡើងជាបន្តបន្ទាប់ ហើយសង្ឃឹមថាគោលដៅដែលប្រទេសទាំងពីរដែលចង់សម្រេចឱ្យបាន ២០ពាន់លានដុល្លារនោះ នឹងអាចសម្រេចបាននៅពេលខាងមុខ។

សម្តេចតេជោក៏បានមានប្រសាសន៍ អំពីគម្រោងដែលភាគីទាំងពីរនឹងសម្ពោធច្រកព្រំដែនអន្តរជាតិម៉ឺនជ័យជាមួយគ្នានៅដើមខែធ្នូខាងមុខនេះ ដែលនេះជាសញ្ញាបង្ហាញយ៉ាងវិជ្ជមានចំពោះការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ការដឹកជញ្ជូនទំនិញ ផលិតផលទៅវិញទៅមករវាងប្រទេសទាំងពីរ កាន់តែមានភាពរីកចម្រើន ព្រមទាំងធ្វើឱ្យវិស័យផ្សេងៗមានទំនាក់ទំនងកាន់តែល្អប្រសើរបន្ថែមទៀតរវាងប្រទេសទាំងពីរ។
ជាចុងក្រោយសម្ដេចតេជោ ហ៊ុនសែន បានជូនពរឯកឧត្តមឧបនាយករដ្ឋមន្ត្រីវៀតណាម និងប្រតិភូទទួលបានជោគជ័យក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជានៅពេលនេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×