ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ គឺជាកាលានុវត្តភាពថ្មីដ៏សំខាន់មួយ ដើម្បីបង្ហាញពីផលប៉ះពាល់លើការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ជាមួយការប្រឈមថ្មីនានា រួមទាំងការកាត់បន្ថយថវិកាពីអ្នកផ្តល់ជំនួយអន្តរជាតិ ក៏ដូចជាដើម្បីបង្ហាញពីចីរភាព និងភាពធន់របស់ប្រទេស និងសហគមន៍ដែលក្រោកឈរយ៉ាងរឹងមាំក្នុងការការពារសមិទ្ធផលសម្រេចបាន ព្រមទាំងជំរុញការឆ្លើយតបនឹងមេរោគអេដស៍ ឈានឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០។
សម្តេចធិបតី បានថ្លែងថា ប្រធានបទឆ្នាំនេះ «យកឈ្នះការរំខាន បរិវត្តកម្មឆ្លើយតបនឹងជំងឺអេដស៍» ដែលមានន័យសំខាន់ ក្នុងការជំរុញឱ្យសង្គមខិតខំប្រឹងប្រែងបន្តការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ឱ្យកាន់តែមានប្រសិទ្ធភាព និងមានភាពរឹងមាំជាងមុន។ ការរំខានដូចជា ការរើសអើង ការមាក់ងាយចំពោះអ្នកផ្ទុកមេរោគអេដស៍ ប្រជាជនគន្លឹះ កង្វះការយល់ដឹង ត្រឹមត្រូវពីប្រជាពលរដ្ឋ កង្វះធនធានឬកង្វះការយកចិត្តទុកដាក់របស់អ្នកពាក់ព័ន្ធ ដែលតម្រូវឱ្យយើងទាំងអស់ ពង្រឹងកិច្ចសហការគ្រប់តួអង្គ ដើម្បីគាស់រំលើងឧបសគ្គទាំងនោះ ហើយជំរុញឱ្យមានបរិវត្តកម្មឬការផ្លាស់ប្តូរដ៏វិជ្ជមានមួយ ក្នុងការដឹកនាំ គ្រប់គ្រង និងបង្ការជំងឺអេដស៍។ ការយកឈ្នះការរំខាន គឺជាគន្លងដ៏សំខាន់ក្នុងការអភិវឌ្ឍវិធានការ ឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ ប្រកបដោយប្រសិទ្ធភាពនិងសក្តិសិទ្ធិភាព សមស្របតាមការប្រែប្រួល របស់សង្គម សេដ្ឋកិច្ច និងបច្ចេកវិទ្យា៕ រក្សាសិទ្ធដោយ៖សុទ្ធលី







