Monday, December 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្រ្ដី ឆាយ ឫទ្ធិសែន : ក្រសួងអភិវឌ្ឍន៍ជនបទ សម្រេចបាននូវគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទ សម្រាប់រយៈពេលវែង ដើម្បីទុកជាត្រីវិស័យចង្អុលបង្ហាញ”ផ្លូវ និងទិសដៅអភិវឌ្ឍន៍ជនបទឱ្យកាន់តែរីកចម្រើន

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១១កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិស្តីពី ការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ និងវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំក្នុងវិស័យអភិវឌ្ឍន៍ជនបទវគ្គទី៥ ជូនដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់, មន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥រាជធានី-ខេត្ត មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៅក្រសួងអភិវឌ្ឍន៍ជនបទ និងតាមប្រព័ន្ធនិម្មិត ZOOM ។

អញ្ជើញមានប្រសាសន៍ក្នុងពិធីបើក ឯកឧត្តម ឆាយ ឫទ្ធិសែន បានជម្រាបជូនថា សិក្ខាសាលាផ្សព្វផ្សាយ និងវគ្គបណ្ដុះបណ្ដាលនាពេលនេះ នឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺនាថ្ងៃទី១-២ ខែធ្នូ ឆ្នាំ២០២៥ ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងឱ្យកាន់តែស៊ីជម្រៅ ដើម្បីអាចចូលរួមអនុវត្តគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ នេះឱ្យមានប្រសិទ្ធិភាព និងសក្ក័សិទ្ធភាពខ្ពស់។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ជូនអង្គពិធីផងដែថា គោលនយោបាយជាតិស្តីពី ការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ នេះទើបត្រូវបានឯកភាព និងទទួលបានការអនុម័តដាក់ឱ្យអនុវត្តជាផ្លូវការ ដោយកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅនេះ។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តលើកឡើងទៀតថា នេះជាលើកទី១ហើយ ដែលក្រសួងអភិវឌ្ឍន៍ជនបទ សម្រេចបាននូវគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទ សម្រាប់រយៈពេលវែង ដើម្បីទុកជាត្រីវិស័យចង្អុលបង្ហាញផ្លូវ និងទិសដៅអភិវឌ្ឍន៍ជនបទឱ្យកាន់តែរីកចម្រើន ដោយផ្តោតសំខាន់ទៅលើតម្រូវការជាអាទិភាពនៃតំបន់ភូមិសាស្ត្រផ្សេងៗគ្នានៅក្នុងព្រះរាជាណាចក្រកម្ពុជា។ គោលនយោបាយនេះបានកំណត់ចក្ខុវិស័យ “កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយ បរិយាបន្ន សមធម៌ និងចីរភាព” និងមានគោលបំណងធ្វើឱ្យ “ប្រជាជននៅតំបន់ជនបទមានជីវភាពសមរម្យប្រកបដោយភាពធន់ មានសុខភាពមាំមួន រស់នៅក្នុងបរិស្ថានល្អដោយចីរភាពនិងមានសេចក្តីថ្លៃថ្នូរ” ដែលជាមូលដ្ឋានដ៏សំខាន់មួយសម្រាប់គាំទ្រដល់ការអនុវត្ត យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំបន្តវេនប្រកបដោយគតិបណ្ឌិត និងថាមវន្ដរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឆ្ពោះទៅសម្រេចបានចក្ខុវិស័យ “កម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០”។

ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំនាអាណត្តិមុន ដែលបានចាប់ផ្ដើមរៀបរៀងតាក់តែងសេចក្តីព្រាងគោលនបាយអភិវឌ្ឍន៍ជនបទ និងបន្សល់ទុកនូវសមិទ្ធផលជាច្រើន សម្រាប់អ្នកបន្តវេនក្នុងនិតិកាលថ្មី។ ឯកឧត្ដមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះគណៈកម្មការចំពោះកិច្ចរៀបចំគោលនយោបាយ ក្នុងអាណត្តិថ្មី ដែលបានពិនិត្យ រៀបរៀងកែសម្រួលបញ្ជប់សេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍន៍ជន រហូតទទួលបានសេចក្តីទុកចិត្ត និងឯកភាពពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានផ្ដល់អនុសាសន៍គន្លឹះមួយចំនួនដល់អង្គសិក្ខាសាលាទាំងមូល ត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់ក្នុងការទទួលយកចំណេះដឹងថ្មីៗ ដើម្បីយកទៅបណ្ដុះបណ្ដាលបន្ដ និងអនុវត្តក្នុងការការងាររបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×