ភ្នំពេញ៖ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥នេះ គឺជាទិវាដ៏មហានក្ខត្តឫក្សរំឭកខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដ៏ជាញជ័យ ដែលប្រជាជនកម្ពុជា បានហៅរណសិរ្សនេះ ដោយគោរពស្រឡាញ់ និងដឹងគុណបំផុតថា ជារណសិរ្ស២ធ្នូៗ។

នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ មេទិញដ៏មហាឡារិក អធិកអធមមួយ ត្រូវប្រព្រឹត្តធ្វើឡើងនៅសាលសន្និសីទចតុមុខ រាជធានីភ្នំពេញ ដោយមានការចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់ គណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាល រណសិរ្ស អង្គទូតបរទេស អង្គការមហាជន និស្សិត សិស្ស បញ្ញវន្ត ព្រះសង្ឃ ព្រះពុទ្ធសាសនាកម្មករ កសិករ ជនជាតិដើមភាគតិចប្រមាណជាង៧០០នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម ហ៊ុន ម៉ានី អនុប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកាឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ប្រយោជន៍រំឭកឡើងវិញ នូវមហាករុណាទិគុណ នៃអគ្គស្ថាបនិក រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ១៩៧៨ នៅលើទឹកដីស្រុកស្នួល ខេត្តក្រចេះនោះ គឺវិរជនស្នេហាជាតិ ដឹកនាំការសង្គ្រោះជាតិកម្ពុជា ចេញពីរបបកាប់សម្លាប់ដ៏សាហាវឃោរឃៅយង់ឃ្នងព្រៃផ្សៃប្រល័យពូជសាសន៍ គឺសម្ដេចពញាចក្រី ហេង សំរិន សម្ដេចតេជោ ហ៊ុន សែន សម្ដេចធម្មពោធិសាលជាស៊ីម។

ក្នុងរយៈពេលតែ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ពួកប្រល័យពូជសាសន៍ ប៉ុល ពត និងអង្គការអាវខ្មៅ ដ៏អប្រិយ ជូរជាតិ បានជ្រមុជប្រទេសកម្ពុជា ធ្លាក់ទៅក្នុងនរកអវចីយ៍ ពួកវា បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសង្គមជាតិខ្មែរ ឲ្យរលាយខ្ទេចខ្ទី ដល់ឫសគល់ បំផ្លាញចោលទាំងស្រុង នូវតម្លៃជាសារវ័ន្តរបស់មនុស្ស លុបបំបាត់ផ្សារផ្សោរ សាលារៀន វត្តអារាម ប្រាក់កាស សេដ្ឋកិច្ចទីផ្សារ ជំនឿសាសនាទូទៅ វប្បធម៌ប្រពៃណីជាតិខ្មែរដ៏ផូរផង់ រុញច្រានឲ្យប្រជាជនកម្ពុជា ជាង ៣លាននាក់ ស្លាប់បាត់បង់ជីវិត ដោយការកាប់សម្លាប់ ការបង្អត់អាហារ និងជំងឺតម្កាត់ គ្មានការព្យាបាល នាចន្លោះពីថ្ងៃទី១៧ មេសា ១៩៧៨ ដល់ ០៦ មករា ១៩៧៩។

នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ១៩៧៨ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយ បានបង្កើតឡើងដោយមានការឧបត្ថម្ភគាំទ្រ ពីរដ្ឋាភិបាលវៀតណាម កម្លាំងតស៊ូ ៥ភាគី ដែលមានគោលបំណងដូចគ្នា គឺផ្តួលរំលំរបបប៉ុល ពត ដើម្បីសង្គ្រោះជាតិ និងប្រជាជន បានជួបប្រជុំគ្នាទាំងយប់ ទាំងថ្ងៃ ក្នុងគោលបំណងដ៏សំខាន់គឺរៀបចំកម្មវិធីនយោបាយរណសិរ្ស ឈ្មោះរណសិរ្ស ទង់ជ័យ រចនាសម្ព័ន្ធ ថ្នាក់ដឹកនាំរណសិរ្ស ដើម្បីឈានទៅបើកមហាសន្និបាត បង្កើតរណសិរ្សមួយ ដែលមានឈ្មោះថា រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលឈ្មោះនេះ សមស្របជាមួយនឹងឈ្មោះកងកម្លាំងប្រដាប់អាវុធ សាមគ្គីសង្គ្រោះជាតិកម្ពុជា។

រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ឬក៏ហៅតាមប្រជាជនកម្ពុជាថា ជារណសិរ្ស២ធ្នូៗ ដូចដែលបានរៀបរាប់មកខាងលើ ជាបុព្វធិការី នៃរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បច្ចុប្បន្នដែលមានសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធាននៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានរណសិរ្ស កំពុងតែសកម្មដឹកនាំក្រុមប្រឹក្សារណសិរ្សជាតិតាមបុព្វហេតុដើម គឺដើម្បីឧបត្ថម្ភប្រយោជន៍ នៃប្រជាជាតិ និងប្រជាជនកម្ពុជា នៅគ្រប់កាលៈទេសៈ តាមឧត្តមគតិដើមនៃគណបក្សប្រជាជនកម្ពុជា គឺសន្តិភាព ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ សំដៅបម្រើប្រយោជន៍ និងសុភមង្គលរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប។
រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាដែលបន្តបុព្វបទពីរណសិរ្ស២ធ្នូដោយមានអាយុកាល ៤៧ ឆ្នាំមកហើយ បានឆ្លងកាត់នៅមហាសន្និបាតចំនួន ៦លើក មកហើយ ហើយមហាសន្និបាត នីមួយៗ សុទ្ធតែត្រូវបានប្រារឰឡើង តាមខ្លឹមសារប្រាកដនិយម សង្គមកម្ពុជា និងការអភិវឌ្ឍនៃស្ថានការណ៍នយោបាយតំបន់ និងអន្តរជាតិ ប៉ុន្តែមិនបានធ្វើឲ្យប្រាសចាកពីខ្លឹមសារដើមនៃគោលការណ៍ ១១ របស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាទេ ដែលមានជាអាទិ៍ និងពិសេសបំផុត គឺ អនុវត្តនូវរាល់សិទ្ធិសេរីភាព ប្រជាធិបតេយ្យ គោរពសិទ្ធិ និងតម្លៃមនុស្សរបស់ប្រជាជន ដោះស្រាយរាល់បញ្ហាវិវាទជាមួយបណ្ដាប្រទេសជិតខាងដោយសន្តិវិធី គោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពដែនដីគ្នាទៅវិញទៅមក។

ឯកឧត្ដម កែវ បាភ្នំ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា (CCP) និងជាប្រធានគណៈស្រាវជ្រាវប្រវត្តិគណបក្សប្រជាជនកម្ពុជា បានសរសេរនៅក្នុងសៀវភៅ ក្រោមចំណងជើងថា «សម្ដេចតេជោ ហ៊ុន សែន អ្នកគូសវាសជោគវាសនាកម្ពុជា» ការចាប់បដិសន្ធិឡើងនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា រួមជាមួយនឹងសេចក្ដីថ្លែងការណ៍នៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ជាកម្មវិធីនយោបាយមួយដ៏ត្រឹមត្រូវនោះ បានបើកចេញនូវរបត់មួយយ៉ាងធំធេង សម្រាប់ប្រជាជាតិកម្ពុជាក្នុងការតស៊ូផ្តួលរំលំរបបប្រល័យពូជសាសន៍ និងកសាងប្រទេសជាតិឡើងវិញ ព្រមទាំងបានរួមចំណែកស្ដារទំនាក់ទំនងរវាងកម្ពុជានិងវៀតណាម។

ស្មារតីរណសិរ្ស ២ធ្នូ បាននិងកំពុងព្រមទាំងនៅតែបន្ត ឆ្លុះបញ្ចាំងនៅក្នុងសកម្មភាពបច្ចុប្បន្នរបស់រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដោយក្នុងនោះ ផ្ដោតសំខាន់បំផុតទៅលើ៖
-ការគោរព និងចូលរួមអនុវត្តតាមកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងមានសម្តេចតេជោ ហ៊ុន សែនជាប្រមុខដឹកនាំ ហើយសម្ដេចតេជោ ក៏ជាអធិបតីកិត្តិយសនៃរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា។
-គាំទ្រ និងអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ បញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា -ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងទំនាក់ទំនងល្អ រវាងរណសិរ្សគ្រប់ថ្នាក់ និងជាពិសេសនៃសភាពការណ៍តំបន់ និងពិភពលោក បច្ចុប្បន្ន រណសិរ្ស ត្រូវពង្រីក និងពង្រឹងទំនាក់ទំនងសាមគ្គីភាព និងសហប្រតិបត្តិការល្អជាមួយបណ្ដាប្រទេសជាមិត្ត ជាពិសេសមិត្តវៀតណាម និងឡាវ បណ្ដាប្រទេសនៅក្នុងតំបន់ និងសកលលោក ហើយក៏មិនត្រូវភ្លេចជាដាច់ខាតនូវការលើកកម្ពស់ស្មារតីជាតិនិយមដ៏ត្រឹមត្រូវ ក្នុងគន្លងនៃការថែរក្សាស្ថិរភាពនយោបាយ សន្តិភាព ការពារឲ្យខាងតែបាននូវសុខសន្តិភាព ការពារសមិទ្ធផលសង្គមជាតិ និងការអភិវឌ្ឍប្រទេសជាតិ តាមគោលការណ៍ប្រជាធិបតេយ្យ និងសេដ្ឋកិច្ចទីផ្សារសេរី។

ដើម្បីថែរក្សាបាននូវខ្លឹមសារដ៏ពិសិដ្ឋ និងបេសកកម្មជាប្រវត្តិសាស្ត្រនៃអង្គការរណសិរ្សពីរធ្នូ គឺត្រូវទាមទារឲ្យរណសិរ្ស នាសព្វថ្ងៃនេះ ក្រោមការដឹកនាំរបស់សម្ដេចប្រធាន ម៉ែន សំអន ឯកឧត្តមអនុប្រធាន ហ៊ុន ម៉ានី គឺត្រូវទាមទារឲ្យមានការចូលរួមសហការយ៉ាងស្អិតរមួតពីសំណាក់ថ្នាក់ដឹកនាំ និងសមាជិកសមាជិការណសិរ្សគ្រប់ជាន់ថ្នាក់ ទើបធ្វើឲ្យទិសដៅការងារទាំងឡាយទទួលបាន លទ្ធផលល្អប្រសើរ ស្របតាមគោលបំណង និង សំណូមពររបស់ប្រជាជនកម្ពុជា ដើម្បីឲ្យអត្ថន័យ និងខ្លឹមសារនៃរណសិរ្ស២ធ្នូ ស្ថិតនៅជាសច្ចធម៌ប្រវត្តិសាស្ត្រនៃប្រជាជនកម្ពុជា។ ចូរយើងរាល់គ្នាជំនាន់អ្នក ដែលនៅសេសសល់ពីការកាប់សម្លាប់នៃរបបប្រល័យពូជសាសន៍ និងកូនចៅរបស់អ្នក ដែលនៅសេសសល់ពីការកាប់សម្លាប់នេះ ត្រូវរួមអាហារសាមគ្គីគ្នាជាធ្លុងមួយ ការពារសន្តិភាព ស្ថិរភាពនយោបាយ និងរាល់សមិទ្ធផលសង្គមជាតិ ឲ្យបានរឹងមាំស្ថិតស្ថេរគង់វង្ស ហើយរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ត្រូវតែរួមចំណែកឲ្យបានយ៉ាងសកម្មខ្ជាប់ខ្ជួន ប្រកបដោយនិរន្តរភាពពីជំនាន់មួយទៅជំនាន់មួយ ប្រយោជន៍កសាងព្រះរាជាណាចក្រកម្ពុជា ដែលមានព្រះករុណា នរោត្តមសីហ មុនីទ្រង់គ្រងព្រះបរមរាជ្យសម្បត្តិ ទៅជារដ្ឋប្រជាធិបតេយ្យ សេរីពហុបក្ស ដ៏ជឿនលឿន និងរឹងមាំ ដោយផ្អែកលើច្បាប់ មានសេដ្ឋកិច្ចរីកចម្រើនប្រកបដោយចិរភាព និងសមធម៌ ប្រជាជនមានជីវភាពសម្បូរសប្បាយ បានរស់នៅយ៉ាងសុខដុមរមនា ប្រកបដោយកិត្តិយសសេចក្ដីថ្លៃថ្នូរហើយបរិយាយមកទាំងអម្បាលម៉ាណខាងលើនេះ ព្រះរាជាណាចក្រកម្ពុជាយើង នឹងបានចូលរួមយ៉ាងសកម្ម ចំពោះបុព្វហេតុសន្តិភាព ស្ថិរភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់ និងនៅលើពិភពលោកយើងផង៕
ជយោ! ស្មារតីរណសិរ្សពីរធ្នូ ជាអមតៈ!៕ រក្សាសិទ្ធដោយ៖ CEN













