Monday, December 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​អំពាវនាវដល់រដ្ឋភាគីទាំងអស់ ឱ្យរក្សានូវបទដ្ឋាន និងស្មារតីនៃអនុសញ្ញាអូតាវ៉ា ដោយ​មិនត្រូវកេងចំណេញផលប្រយោជន៍ ឬធ្វើសកម្មភាពណាមួយដែលផ្ទុយនឹងគោលការណ៍ និងតម្លៃមនុស្សធម៌

ហ្សឺណែវ​-ស្វីស​៖ តាងនាម​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ ឯកឧត្ដម​បណ្ឌិត​ លី​ ធុជ​ ទេសរដ្ឋមន្រ្តី​ និង​ជា​អនុប្រធាន​ទី១​ អាជ្ញាធរ​មីន​ អញ្ជើញ​ធ្វើ​សេចក្ដី​ថ្លែងការណ៍ស្តីពីវឌ្ឍនភាពនៃសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ក្នុងកិច្ចប្រជុំលើកទី២២នៃរដ្ឋភាគីអនុសញ្ញា​ហាម​ប្រាម​ការ​ប្រេីប្រាស់​មីន​ប្រឆាំង​មនុស្ស​ (អនុសញ្ញាអូតាវ៉ា​) នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥​ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ​ កម្ពុជា​បានអំពាវនាវដល់រដ្ឋភាគីទាំងអស់ ឱ្យរក្សានូវបទដ្ឋាន និងស្មារតីនៃអនុសញ្ញាអូតាវ៉ា ហើយកម្ពុជាជឿជាក់ថា រដ្ឋភាគីទាំងអស់មិនត្រូវកេងចំណេញផលប្រយោជន៍ ឬធ្វើសកម្មភាពណាមួយដែលផ្ទុយនឹងគោលការណ៍ និងតម្លៃមនុស្សធម៌ដែលជាបេះដូងនៃអនុសញ្ញានេះឡើយ។​ ជាពិសេស​ រួម​គ្នា​សម្រេចឱ្យបាននូវផែនការសកម្មភាព និងសេចក្តីថ្លែងការនយោបាយសៀមរាប-អង្គរ​ ដេីម្បី​បោសសម្អាត​អតីត​កាល​ និងកសាងអនាគតមួយដែលមានសន្តិភាពសម្រាប់​មនុស្ស​ជាតិ​។

ជាមួយ​គ្នានោះ​ ឯកឧត្ដម​ លី​ ធុជ​​ បាន​បញ្ជាក់​ពី​គោលការណ៍​នៃកម្មវិធីសកម្មភាពមីនរបស់កម្ពុជា ដែល​ធ្វើ​ឡេីង​ប្រកបដោយតម្លាភាព ប្រកបដោយវិជ្ជាជីវៈ និងអនុលោមតាមកាតព្វកិច្ច​របស់​ខ្លូន​ ដើម្បីធានាបាននូវទំនុកចិត្តរវាងរដ្ឋភាគី​រហូត​ដល់​កម្ពុជា​ទទួល​បាន​ការ​វាយតម្លៃ​ខ្ពស់​ជាប្រទេសឈានមុខគេក្នុងការបោសសម្អាតមីន ការគ្រប់គ្រងព័ត៌មាន​ និងការគាំទ្រជនរងគ្រោះដែលបន្តរស់រានមានជីវិត។

ឯកឧត្ដម​ទេសរដ្ឋមន្រ្តី​ លី​ ធុជ​ បាន​ថ្លែង​បញ្ជាក់​ទៀតថា​ កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះគោលដៅនៃអនុសញ្ញានេះ ហើយនឹងបន្តពង្រឹងសមត្ថភាពជាតិ គាំទ្រជនរងគ្រោះ​ ចែករំលែកជំនាញទៅកាន់ពិភពលោក និងផ្តល់ការគាំទ្រទៅតាមតម្រូវការនិងការស្នើសុំរបស់ប្រទេសផ្សេងទៀតដែលរងគ្រោះដោយសារមីន។

ឯកឧត្ដម​ លី​ ធុជ​ លេីកឡេីង​ទៀត​ថា កម្ពុជាទទួលស្គាល់ថា តំបន់ព្រំដែននៅប្រទេស​មួយ​ចំនួន​ នៅបន្តរងគ្រោះដោយសារមីនដូច​កម្ពុជា​ ដែលមានភាពស្មុគស្មាញ បន្សល់ទុកដោយសង្គ្រាមពីអតីតកាល ហើយតំបន់ទាំងនេះបានបង្កហានិភ័យដល់ទាំងប្រជាជនស៊ីវិល និងកងកម្លាំងយោធា។ ទោះ​បី​យ៉ាងណា​ កម្ពុជា​បានដោះស្រាយបញ្ហាប្រឈមទាំងនេះ ដោយផ្តោតសំខាន់លើផលវិបាកមនុស្សធម៌ សេដ្ឋកិច្ច និងនយោបាយ ដែលបង្កឡើងដោយចម្ការមីន ហើយកម្ពុជាបានជ្រើសរើសការដោះស្រាយបញ្ហា តាមរយៈ​កិច្ចសហប្រតិបត្តិការ ការសន្ទនា និងផ្អែកលើទិដ្ឋភាពបច្ចេកទេស ដើម្បីធានាបាននូវសុខសុវត្ថិភាពនៅតាមបណ្តោយព្រំដែន៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×