Tuesday, December 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរដ្ឋទូតឆែក ៖ នាពេលខាងមុខនេះ អ្នកវិនិយោគមកពីប្រទេសឆែក នឹងមកប្រទេសកម្ពុជា ដើម្បីវិនិយោគទៅលើកសិកម្ម គឺដំណាំម្រេចនៅកម្ពុជា

ភ្នំពេញ ៖ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីជួបជាមួយនឹងឯកអគ្គរដ្ឋទូតកាណាដារួចហើយនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោកជំទាវ Marketa Kolc Hajkova ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែក ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនេះ សម្ដេចតេជោបានសម្ដែងនូវការស្វាគមន៍ចំពោះលោកជំទាវឯកអគ្គរដ្ឋទូតឆែក និងសហការី ហើយសម្ដេចបានចាត់ទុកវត្តមានរបស់លោកជំទាវជាឯកអគ្គរដ្ឋទូតថ្មីប្រចាំកម្ពុជា ដែលមានការតែងតាំងថ្មីដ៏ឆាប់រហ័សនេះ គឺបង្ហាញច្បាស់អំពីការផ្ដល់តម្លៃពីសាធារណរដ្ឋឆែក មកកាន់ប្រទេសកម្ពុជា ពោលគឺទំនាក់ទំនងរវាងកម្ពុជា និងឆែកតែម្ដង។

សម្ដេចតេជោ បានបញ្ជាក់ថា កម្ពុជា និងឆែកមានទំនាក់ទំនងជាប្រវត្តិសាស្រ្តដ៏យូរអង្វែង ហើយព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ន ព្រះអង្គក៏ធ្លាប់យាងទៅសិក្សានៅប្រទេសនេះដែលជានិមិត្តរូប នៃទំនាក់ទំនងរវាងប្រទេសទាំងពីរដ៏ល្អប្រសើរផងដែរ។ ក្នុងឱកាសនោះលោកជំទាវ
ឯកអគ្គរដ្ឋទូតឆែកប្រចាំ​នៅ​កម្ពុជា បានសម្ដែងនូវក្ដីអរគុណចំពោះ សម្ដេចតេជោដែលបានអនុញ្ញាតឱ្យលោកជំទាវ និងសហការីចូលជួបនិងសម្ដែងការគួរសម ក្នុងឱកាសនេះ។

លោកជំទាវ Marketa Kolc Hajkova បានលើកឡើងថា ក្នុងអាណត្តិដែលលោកជំទាវ ធ្វើជាឯកអគ្គរដ្ឋទូតថ្មីនេះ នឹងធ្វើយ៉ាងណាជំរុញទំនាក់ទំនងរវាងកម្ពុជា និងឆែកឱ្យមានភាពរីកចម្រើន និងល្អប្រសើរ ពោលជាពិសេសគឺ ទំនាក់ទំនងពាណិជ្ជកម្ម ការវិនិយោគរវាងកម្ពុជា និងឆែកឱ្យកាន់តែរីកចម្រើន ជាពិសេស លោកជំទាវនឹងប្រឹងប្រែងកៀងគរអ្នកវិនិយោគ នៅក្នុងសាធារណរដ្ឋឆែកឱ្យមកវិនិយោគនៅកម្ពុជា ដើម្បីស្វែងរកឱកាសក្នុងការវិនិយោគ។

លោកជំទាវឯកអគ្គរដ្ឋទូតឆែក បានថ្លែងប្រាប់សម្ដេចតេជោថា នាពេលខាងមុខនេះ អ្នកវិនិយោគមកពីប្រទេសឆែក នឹងមកប្រទេសកម្ពុជា ដើម្បីវិនិយោគទៅលើកសិកម្ម គឺដំណាំម្រេចនៅកម្ពុជា។ លោកជំទាវបានរំលេចថា នៅក្នុងខួបឱកាសខួប ៧៥ លោកជំទាវនឹងខិតខំពង្រីកបន្ថែម ជាពិសេសការរៀបចំព្រឹត្តិការណ៍នានា រួមទាំងការទស្សនកិច្ចផ្លូវការរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ មកកាន់កម្ពុជាផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់លោកជំទាវ ហើយសម្ដេចបានលើកឡើងថា សក្ដានុពលរវាងកម្ពុជា និងឆែក គឺនៅមានចន្លោះជាច្រើនទៀត ដែលអាចធ្វើជាមួយគ្នាឱ្យសមស្របទៅនឹងទំនាក់ទំនងការទូត និងនយោបាយរវាងប្រទេសទាំងពីរឱ្យមានភាពល្អប្រសើរ។

សម្ដេចតេជោសង្ឃឹមថា សាធារណរដ្ឋឆែក នឹងធ្វើយ៉ាងណាចាត់ទុកកម្ពុជា ជាដៃគូដ៏ល្អក្នុងការពង្រីកទំនាក់ទំនង រួមទាំងពាណិជ្ជកម្មនានា ដែលអាចធ្វើជាមួយគ្នា។ ក្រៅតែពីដៃគូទំនាក់ទំនងការងាររវាងកម្ពុជា និងឆែក ប្រទេសទាំងពីរក៏ក្នុងក្របខ័ណ្ឌនៃសមាជិកអាស៊ាន ឯសាធារណរដ្ឋឆែកនៅក្នុងសាធារណរដ្ឋអឺរ៉ុប។ ដូច្នេះសក្ដានុពលទាំងទ្វេរភាគី និងពហុភាគី គឺអាចធ្វើជាមួយគ្នាច្រើន នឹងអាចញ៉ាំងផ្លែផ្កាដល់តំបន់ទាំងពីរផង និយាយជារួមអាចផ្ដល់ផលប្រយោជន៍ទាំងសងខាង។
ជាចុងក្រោយសម្ដេចតេជោ ហ៊ុន សែន បានជូនពរឱ្យលោកជំទាវឯកអគ្គរដ្ឋទូតឆែកប្រចាំនៅកម្ពុជា ទទួលបាននូវភាពជោគជ័យក្នុងបេសកកម្មការងារ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×