មន្ត្រីនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ នេះ បានផ្តល់វឌ្ឍនភាពនៃការងារចុះវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៤២-៤៧ នៅក្នុងភូមិសាស្ត្រ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទល់មុខស្រុកគោកស៊ូង ខេត្តស្រះកែវ។ ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០២៥ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរបានអនុវត្តការងារវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ននៅលើដីជាក់ស្តែងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៤២-៤៣ ដោយចាប់ផ្តើមចេញពីទីតាំងបង្គោលព្រំដែនលេខ ៤២ បានចំនួន ៤៤បង្គោល
បណ្តោះអាសន្ន លើចំនួនសរុប ២៧៧បង្គោលបណ្តោះអាសន្ន។
សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមវាស់វែងចម្រុះនៃភាគីកម្ពុជា និងភាគីថៃ បានចុះអនុវត្តការងារលើដីជាក់ស្ដែងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ ៤២-៤៣ ដែលមានប្រវែងប្រមាណ ៧គ.ម. ដោយបានបញ្ចប់ទាំងស្រុងការងារថតរូបពីលើអាកាសដោយប្រើដ្រូនដើម្បីបង្កើតផែនទីរូបថត (Photomap)។ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ភាគីទាំងពីរបានរួមគ្នារៀបចំទិន្នន័យរូបថតពីលើអាកាស ដើម្បីបង្កើតផែនទីរូបថត(Photomap)៕ រក្សាសិទ្ធដោយ៖សុទ្ធលី






