Friday, December 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិចិនម្នាក់ បានដកអាវុធខ្លីពីចង្កេះ បានរាលកៃផ្ទុះគ្រាប់កាំភ្លើងនៅចង្កេះបណ្តាលអោយរងរបួសខ្លួនឯង ព្រោះខឹងសន្តិសុខមិនអនុញ្ញាតអោយចូលកាស៊ីណូវីននើសទៀន ដោយសារចតរថយន្តមិនត្រូវចំណត

ខេត្តស្វាយរៀង ៖ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានចេញសេចក្តីប្រកាសព័ត៌មាន ពាក់ព័ន្ធទៅនឹងករណីផ្ទុះអាវុធ នៅក្រុងបាវិត កាលពីយប់ថ្ងៃទី០៤​ ខែធ្នូ ឆ្នាំ២០២៥។

ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា៖ កាលពីយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១៨:៣០នាទី នៅចំណុចខាងមុខកាស៊ីណូវីននើសទៀន (កាស៊ីណូកញ្ចក់) ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត មានករណីផ្ទុះអាវុធបានកើតឡើង បណ្តាលអោយរងរបួសជនជាតិចិន ០១នាក់ ប្រុស និងមានអាវុធខ្លី ០១ដើម ម៉ាក Glock22 ពណ៌ខ្មៅ និងមានក្បាលគ្រាប់ធ្លាក់ ក្បែរកន្លែងកើតហេតុ។

ភ្លាមនោះសមត្ថកិច្ចយើងបានទៅដល់កន្លែងកើតហេតុ ពិនិត្យឃើញមានអ្នករងរបួសម្នាក់កំពុងដេកដួលលើដី (អាចនិយាយ និងកម្រើកបាន) សមត្ថកិច្ចយើងក៏បានហៅរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ។

តាមការសាកសួរព័ត៌មានបឋមពីសន្តិសុខនៅកន្លែងកើតហេតុបានឆ្លើយថា៖ មុនពេលកើតហេតុ ជនជាតិចិននោះ បានចុះពីរថយន្តគោលបំណងដើរចូលមកក្នុងកាស៊ីណូ ប៉ុន្តែសន្តិសុខមិនអនុញ្ញាតអោយចូល ដោយសារចតរថយន្តមិនត្រូវចំណត (កន្លែងមិនអនុញ្ញាតអោយចត) ពេលនោះជនជាតិចិនបានដកអាវុធខ្លីពីចង្កេះ ក៏បានរាលកៃផ្ទុះ គ្រាប់កាំភ្លើងនៅចង្កេះបណ្តាលអោយរងបួសខ្លួនឯងតែម្តង។

បច្ចុប្បន្នជនជាតិចិនខាងលើ កំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យ និងមានកម្លាំងនគរបាលការពារផងដែរ។ ស្នងការដ្ឋាននគរបាលខេត្ត កំពុងធ្វើការស៊ើបអង្កេតស្រាវជ្រាវករណីនេះ ឈានដល់ស្វែងរកប្រភពអាវុធ ដើម្បីចាត់ការ តាមនីតិវិធីច្បាប់៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×