Saturday, December 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កោះហៅនាយប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ មកសួរនាំជាបន្ទាន់ បន្ទាប់ពីបណ្តាញសង្គមចោទថា លោកនាយប៉ុស្តិ៍នគរបាលជ្រោយចង្វារ ដេញប្រជាពលរដ្ឋចេញពីប៉ុស្តិ៍មិនជួយទទួលដោះស្រាយករណីជនជាតិចិន១នាក់ដេកលក់លើម៉ូតូកង់៣

ភ្នំពេញ ៖ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ការិយាល័យបុគ្គលិក ផែនការងារធនធានមនុស្ស បានអញ្ជើញលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ មកសួរនាំបំភ្លឺជាបន្ទាន់ ក្រោយឃើញមានការផ្សព្វផ្សាយតាមបណ្តាញសង្គមចោទថា លោកនាយប៉ុស្តិ៍នគរបាលជ្រោយចង្វារ ដេញប្រជាពលរដ្ឋចេញពីប៉ុស្តិ៍នគរបាលរដ្ឋបាលមិនជួយទទួលដោះស្រាយករណីជនជាតិចិន០១នាក់ដេកលក់លើម៉ូតូកង់៣ (PassApp) របស់ខ្លួនមិនក្រោក។

សូមបញ្ជាក់ថា: តាមណែនាំរបស់ឯកឧត្តមស្នងការ ចំពោះមន្ត្រីដែលបំពេញភារកិច្ច អនុវត្តការងារមិនបានត្រឹមត្រូវដោយគ្មានវិន័យ ខ្វះក្រមសីលធម៌ វិជ្ជាជីវៈ និងបម្រើមិនល្អក៏ដូចជាប៉ះពាល់អារម្មណ៍ប្រជាពលរដ្ឋ ក្នុងករណីស្រាវជ្រាវរកឃើញមន្រ្តីនោះពិតជាប្រព្រឹត្តល្មើសវិន័យនគរបាលជាតិ គឺនឹងប្រឈមទទួលរងវិន័យរបស់នគរបាលជាតិដោយមិនលើកលែងឡើយ។

ដំណើររឿង: នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង៩:០០នាទីព្រឹក មានអ្នករត់កង់បី ( PassApp ) ផ្លាកលេខ ភ្នំពេញ 1LF-4963 ពណ៌ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានបើកកង់បីខាងលើ មកឈប់នៅមុខប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ ហើយអ្នកបើកបរកង់បីនោះបានចូលមករាយការណ៍ថា មានជនជាតិចិន ០១នាក់បានដេកលក់នៅលើកង់បីរបស់គាត់ ហើយដាស់មិនងើប ពេលទទួលបានពត៌មាន មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ បានដើរទៅមើលជនជាតិចិននោះ ក៏បានឃើញជនជាតិចិននោះកំពុងដេកក្នុងកង់បី មន្ត្រីនគរបាលក៏បានសួរទៅអ្នកបើកបរកង់បីនោះពីដំណើររឿង អ្នកបើកបរកង់បីនោះបាននិយាយប្រាប់ថា នៅវេលាម៉ោងប្រហែល ៥:០០នាទីព្រឹក (ថ្ងៃដដែល) គាត់បានដឹកជនជាតិចិន នោះចេញពីការ៉ាស់សាំងតេលា រង្វង់មូល ព្រហ្មមុខបួន ជ្រោយចង្វារ ទៅផ្សារទំនើប អ៊ីអន ៣ ហើយដឹកមកវិញដល់ចំណុចរង្វង់មូល វិមានឯករាជ្យ ជនជាតិចិន នោះក៏បានដេក ដាស់មិនងើប គាត់ក៏ដឹកមកការ៉ាស់សាំងតេលារង្វង់មូលព្រហ្មមុខបួននោះវិញ ហើយសួរនាំអ្នកជិតៗនោះថាជនជាតិចិននោះមកពីណា ? គេក៏ប្រាប់គាត់ថា ដឹកយកទៅប៉ុស្តិ៍ទៅ បន្ទាប់មកគាត់ក៏ដឹកជនជាតិចិននោះមកប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ។ មន្ត្រីនគរបាលម្នាក់ក៏បានដាស់ជនជាតិចិន នោះតែគាត់មិនងើបឡើយ គ្រាន់តែបើកភ្នែកមើល ហើយស្រែកហឹះ!រួចក៏បិទភ្នែកដេកទៅវិញទៅ។ ក្រោយពីដាស់ជនជាតិចិននោះ មិនងើប មន្ត្រីប៉ុស្តិ៍ក៏ចូលមកប៉ុស្តិ៍ហើយ រាយការណ៍ជូនលោកនាយប៉ុស្តិ៍ ខណៈនោះលោកនាយប៉ុស្តិ៍ក៏ប្រាប់ឲ្យអ្នកបើកបរកង់បីនោះដឹកគាត់យកទៅពេទ្យទៅ ហើយបុរសនោះក៏ដឹកជនជាតិចិនចេញទៅបាត់ ទើបបន្ទាប់មកឃើញបុរសអ្នករត់កង់៣ខាងលើបានបង្ហោះព័ត៌មានតាមបណ្តាញសង្គម ចោទលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារដេញគាត់ចេញពីប៉ុស្តិ៍មិនជួយទទួលដោះស្រាយករណីជនជាតិនោះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×