Saturday, December 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចចម្រុះ ឃាត់ខ្លួនជនសង្ស័យជនជាតិកូរ៉េខាងត្បូង៩នាក់ ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scam)

ភ្នំពេញ៖ជនសង្ស័យចំនួន៩នាក់ជាជនជាតិកូរ៉េខាងត្បូង ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួនក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ នៅផ្ទះលេខ១៤ ផ្លូវលេខ ១៣ ស្ថិតក្នុងបុរីពិភពថ្មីផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រ ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្រោមការសង្ស័យថាមានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ និងមន្ត្រីជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ មានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានដឹកនាំប្រតិបត្តិការនេះ នៅថ្ងៃទី០៦ខែធ្នូ ឆ្នាំ២០២៥ ដោយបានចុះត្រួតពិនិត្យនៅទីតាំងសង្ស័យ ហើយឈានទៅឃាត់ខ្លួនជនសង្ស័យខាងលើ ក្រោយពីពួកគេធ្វើសកម្មភាពលួចយកព័ត៌មានពីគណនីធនាគាររបស់ជនរងគ្រោះជាច្រើននាក់ និងក្លែងបន្លំឯកសារអត្តសញ្ញាណដើម្បីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមានគោលដៅទៅប្រទេសផ្សេងៗ។

ក្នុងចំណោមជនសង្ស័យទាំង០៩នាក់ មានជនជាតិកូរ៉េខាងត្បូងចំនួន០៧នាក់(ស្ត្រី០២នាក់) និងជនជាតិខ្មែរ ចំនួន០២នាក់ ជាអ្នកបើកបររថយន្ត។ ជាមួយគ្នានេះ សមត្ថកិច្ច ក៏បានរឹបអូសសម្ភារៈជាវត្ថុតាងរួមមាន កុំព្យូទ័រយួរដៃ Laptop ចំនួន០៦គ្រឿង , កុំព្យូទ័រ All in one ចំនួន០៤គ្រឿង , ម៉ូនីទ័រ ចំនួន០៦គ្រឿង , iPad ចំនួន០៨គ្រឿង រួមជាមួយ ឯកសារក្លែងបន្លំដែលមានត្រារបស់ស្ថាប័នពន្ធដារកូរ៉េ, រូបភាពអីវ៉ាន់ផ្សេងៗ, រូបភាពបង្កើតបណ្ណសម្គាល់ក្លែងក្លាយ និងខ្លឹមសារអត្ថបទ ( script) សម្រាប់និយាយឆ្លើយឆ្លងជាមួយភ្ញៀវផងដែរ។

ក្រោយការបង្រ្កាបនេះ សមត្ថកិច្ចជំនាញបច្ចុប្បន្នកំពុងសហការជាមួយ ភាគីពាក់ព័ន្ធ ក្នុងការបន្តស្រាវជ្រាវបន្ថែមទៀត ដើម្បីឈានទៅវែកមុខ និងចាត់វិធានការផ្លូវច្បាប់ចំពោះមេខ្លោងនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ខណៈជនសង្ស័យត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ ចំណែកឯទីតាំងខាងលើត្រូវបានបិទបណ្តោះអាសន្ន។
‎ សូមបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះទូទាំងប្រទេសនឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹង អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយគ្មានការលើកលែងឡើយ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×