Sunday, December 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងបរិស្ថាន បិទអាជីវកម្មក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD. ដែលបង្កឲ្យមានការបំពុលបរិស្ថាននៅតំបន់អូរឬស្សីបណ្តាលឱ្យត្រី និងសត្វគោងាប់ ក្រោយផឹកទឹកអូរនេះ

ខេត្តកំពង់ឆ្នាំង ៖ ក្រសួងបរិស្ថានបានសម្រេចបិទអាជីវកម្មរបស់ក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD ក្រោយពីរកឃើញថា អាជីវកម្មរបស់ក្រុមហ៊ុន បង្កឲ្យមានការបំពុលបរិស្ថាននៅតំបន់អូរឬស្សីក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលពីពេលកន្លងទៅនេះបណ្តាលឱ្យត្រី និង សត្វគោ បានងាប់ ក្រោយពីផឹកទឹកអូរនេះ។

នៅក្នុងខ្លឹមសារនៃដែលបានចុះផ្សាយនៅលើផេកផ្លូវការរបស់ក្រសួងបរិស្ថាននៅថ្ងៃទី៧ ខែធ្នូឆ្នាំ២០២៥នេះ បានបញ្ជាក់ថា ក្រសួងបរិស្ថានបានរកឃើញក្រុមហ៊ុន បានប្រព្រឹត្តល្មើសច្បាប់បរិស្ថាន ដោយបានបញ្ចេញសំណល់រាវមិនត្រឹមត្រូវប៉ះពាល់ទឹកនៅក្នុងប្រព័ន្ធទឹកអូឬស្សីក្នុងភូមិសាស្ត្រឃុំខ្លុងពពក ឃុំជាប ឃុំអភិវឌ្ឍ និងឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ក្រុមហ៊ុន ត្រូវបានរកឃើញការគ្រប់គ្រងសំណល់រាវពុំបានត្រឹមត្រូវ ដោយអាងស្តុសំណល់រាវជាស្រះស្តុកធម្មតាមិនមានបំពាក់ប្រព័ន្ធសំអាតត្រឹមត្រូវទេ ដោយគ្រប់សំណល់រាវចេញពីទីតាំងកិន និងរែងរ៉ែបានបង្ហូរលាយឡំជាមួយប្រព័ន្ធលូទឹកភ្លៀង។ លើសពីនេះ ក្រុមហ៊ុនមិនមានកន្លែងទុកដាក់គរសំណល់រឹង និងសារធាតុគ្រោះថ្នាក់ ត្រឹមត្រូវនៅឡើយទេ។ លើសពីនេះ ក្រុមហ៊ុនពុំបានអនុវត្តធ្វើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន ស្របតាមក្រមបរិស្ថាននិងធនធានធម្មជាតិ និងបទដ្ឋានគតិយុត្តជាធរមាន។
យោងតាមលទ្ធផលសំណាកទឹកទាំង៦ទីតាំងខាងលើ គឺមានស្ថានភាពគុណភាពទឹកមិនអនុលោម តាមស្តង់ដារទឹកសាធារណៈ ជាពិសេសប៉ារ៉ាមែត្រ Cyanide នៅចំនួន៥ទីតាំង មានកំហាប់ប្រែប្រួល ទាប ខ្ពស់ ។ សារធាតុ Cyanide នេះត្រូវបានគេប្រើប្រាស់ជាទូទៅនៅក្នុងវិស័យឧស្សាហកម្ម សម្រាប់ចម្រាញ់រ៉ែមាស។ ចំពោះប៉ារ៉ាមែត្រ CODCr ជាប៉ារ៉ាមែត្របញ្ជាក់ពីសាធាតុគីមីចេញពីរោងចក្រ ដែលជាធម្មតាមិនអាចរកឃើញនៅក្នុងទឹកធម្មជាតិ គឺត្រូវបានរកឃើញគ្រប់ទីតាំងយកសំណាកទាំងអស់ ទោះបីជាស្ថិតក្នុងកម្រិតទាបក៏ដោយ។

ក្រសួងបរិស្ថាន បានចាត់វិធានការបន្ទាន់ដោយស្នើដល់ប្រជាពលរដ្ឋដែលពាក់ព័ន្ធនៅក្នុងតំបន់ប្រើប្រាស់ទឹកអូរឬស្សី ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ផ្អាកការប្រើប្រាស់ទឹក នេសាទ ឬយកសត្វចិញ្ចឹមចុះផឹកទឹកអូរ ជាបណ្តោះអាសន្ន រហូតដល់មានការណែនាំជាថ្មី។ ជាមួយគ្នានេះក្រសួងបរិស្ថាន សម្រេចបិទអាជីវកម្មក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD.។ ជាមួយគ្នានេះ ក្រសួងងនឹងអនុវត្តវិធានការច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដល់ក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD. ចំពោះករណីប្រព្រឹត្តល្មើស បង្កឱ្យមានការបំពុលទឹកនៅក្នុងប្រព័ន្ធទឹកអូរឬស្សី។

ទន្ទឹមនឹងនេះដែរក្រសួងកំពុងចាត់វិធានការបច្ចេកទេសទប់ស្កាត់ការបំពុលតំបន់ទឹកអូរឬស្សីដោយមានការសហការពីក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្ត កំពង់ឆ្នាំង អាជ្ញាធរមូលដ្ឋាន និងសហគមន៍ប្រជាពលរដ្ឋបន្ថែមទៀត៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×