ខេត្តកំពង់ចាម: ក្នុងរយៈពេល៣ថ្ងៃដោយបានដំណើរការចាប់ពីថ្ងៃទី៤ ដល់ទី៦ធ្នូ ឆ្នាំ២០២៥ ក្នុងកម្មវិធីមហោស្រពកំពង់ចាមជាទីស្រឡាញ់នៃឱកាសបុណ្យណូអែល ដ៏ធំដែលពុំធ្លាប់មានកាលពីមុនមកមានមនុស្សចូលរួមរហូតដល់១២០០០នាក់ ដែលបានធ្វើឡើងនៅបរិវេណកីឡាដ្ឋានបាល់ទាត់ក្រុងកំពង់ចាម។នេះបើតាមការបញ្ជាក់ពីលោកចេង សុជាតិ ប្រធានគណៈកម្មការ christ បរិស័ទខេត្តកំពង់ចាមថ្លែងឲ្យដឹងនាល្ងាចថ្ងៃទី៧ធ្នូ ២០២៥ ហើយកម្មវិធីនេះក៏បានយកចិត្តទុកដាក់ពីឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តបានជួយបង្កលក្ខណៈដល់កម្លាំងសមត្ថកិច្ចព្រមទាំងមន្ទីរសុខាភិបាលខេត្តបានជួយឲ្យកម្មវិធីនេះបានប្រព្រឹត្តទៅមានភាពល្អប្រសើរ។
លោកចេង សុជាតិ ប្រធានគណៈកម្មការគ្រីសបរិស័ទខេត្តបានឲ្យដឹងថា: កម្មវិធីបុណ្យណូអែល រយៈពេល៣ថ្ងៃនេះ
គឺមានបងប្អូនមកពីតាមក្រុមជំនុំនានានៅក្នុងខេត្តកំពង់ចាមនិងខេត្តត្បូងឃ្មុំ ដោយមានការជួយសម្របសម្រួលនិងឧបត្ថម្ភពីអង្គការ YWAM youth mission team និង Fire and Rain
សម្រាប់ថ្ងៃនីមួយៗគឺមានចាប់ឆ្នោតដើម្បីផ្សងសំណាងមានរង្វាន់ជាច្រើនដែលថ្ងៃចុងក្រោយមានរង្វាន់ធំម៉ូតូ ឆ្នាំ២០២៦មួយគ្រឿង។
ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍ឲ្យដឹងថា ក្នុងនាមរូបលោកក៏ដូចជារដ្ឋបាលខេត្តផ្ទាល់បានចូលរួមក្នុងកម្មវិធីមហោស្រពកំពង់ចាមជាទីស្រឡាញ់នេះគឺពិតជាមានអារម្មណ៍សប្បាយរីករាយដោយឃើញបងប្អូននៅក្នុងខេត្តកំពង់ចាម បានសហការគ្នាបានល្អក្នុងការប្រគុំតន្ត្រី ក្នុងនោះមានបងប្អូនមកពីខេត្តត្បូងឃ្មុំនិងមួយផ្នែកនៅខេត្តក្រចេះទៀតផង។ជាមួយនោះសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ក៏បានរៀបចំអំណោយចែកជូនបងប្អូនអញ្ជើញចូលរួមមានចំនួន ៥០០គ្រួសារមាន អង្ករមួយបាវព្រមទាំងគ្រឿងឧបភោគបរិភោគ។បើនិយាយពីនៅក្នុងសង្គមគឺមានភាពសុខដុមរមណីយកម្ម គ្មានបញ្ហាទំនាស់សាសនាណាមួយកើតឡើងនោះទេគឺយើងចេះរួបរួមសាមគ្គីគ្នាតាមរយៈអាជ្ញាធរដែនដីក៏បានខិតខំខ្នាស់ខ្នែងជួយផងដែរ។ តាមពិតទៅសាសនាណាក៏ល្អដែរបានប្រៀនប្រដៅមនុស្សឲ្យប្រព្រឹត្តនៅទង្វើល្អ។
ឯកឧត្តម ឧកញ៉ា សៀ សុភ័ក្រ្តរដ្ឋលេខាធិការក្រសួងធម្មការនិងសាសនាមានប្រសាសន៍ឲ្យដឹងដែរថា
រូបលោកសូមថ្លែងអំណរគុណដល់ឯកឧត្តមអភិបាលខេត្តដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីនេះ។ជាមួយនោះក៏សូមអរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានខិតខំពង្រឹងសន្តិសុខនិងសណ្ដាប់ធ្នាប់ដល់កម្មវិធីនេះជាការពិតណាស់យើងជាប្រជាពលរដ្ឋកម្ពុជាដែលជឿព្រះគ្រីស្ទត្រូវថ្វាយបង្គំព្រះជារបៀបខ្មែរ ។ហើយនៅក្នុងប្រទេសកម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងធម្មការនិងសាសនាជាសេនាធិការដោយឈរនៅលើភាពសុខដុមរមនីយកម្មជាមួយនោះក៏បានបើកសិទ្ធិសេរីភាពដ៏ប្រជាជនគ្រប់រូបមានសិទ្ធិគោរពជំនឿសាសនារៀងៗខ្លួននៅកម្ពុជាគឺមានព្រះពុទ្ធសាសនា ឥស្លាមសាសនា និងគ្រីសសាសនា ។សម្រាប់បងប្អូនគ្រីសបរិស័ទគឺបានចូលរួមសកម្មភាពមនុស្សធម៌ជាច្រើននៅតាមបណ្ដាខេត្តផ្សេងទៀតរួមជាមួយនឹងខេត្តកំពង់ចាម៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

















