Monday, December 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការពារជាតិកម្ពុជា សូមធ្វើការបដិសេធ ចំពោះការចុះផ្សាយរបស់ផេកផ្លូវការរបស់កងទ័ពភូមិភាគទី២ថៃ មានភាពសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ជាបន្តបន្ទាប់ដែលខុសស្រឡះពីការពិត ដោយបានចុះផ្សាយថា ”កម្ពុជាបានចល័តសព្វាវុធធុនធ្ងន់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ”

ភ្នំពេញ ៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ បានថ្លែងថា ៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅវេលាយប់ថ្ងៃទី៧ រំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានកត់សម្គាល់បន្ថែមថា ផេកផ្លូវការរបស់កងទ័ពភូមិភាគទី២ថៃមានភាពសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយជាបន្តបន្ទាប់ដែលខុសស្រឡះពីការពិត ដោយបានចុះផ្សាយថា ”កម្ពុជាបានចល័តសព្វាវុធធុនធ្ងន់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ”ហើយត្រូវបានបណ្តាញសារព័ត៌មានរបស់ថៃមួយចំនួនបានដកស្រង់ និងចេញផ្សាយជាបន្តបន្ទាប់ ក្នុងចេតនាបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិ និងយកមកធ្វើជាលេសដើម្បីបង្កឱ្យមានភាពតានតឹងផ្នែកយោធាជាមួយកម្ពុជាឡើងវិញ។

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការបដិសេធ និងសូមគូសបញ្ជាក់នូវការពិតថា៖
១. ការលើកឡើងរបស់ផេកផ្លូវការរបស់កងទ័ពភូមិភាគទី២ថៃ និងបណ្តាញសារព័ត៌មានថៃមួយចំនួន ដែលថាកម្ពុជាបានចល័តសព្វាវុធធុនធ្ងន់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ គឺជាព័ត៌មានមិនពិត
២. កងកម្លាំងរបស់កម្ពុជាមិនបានធ្វើសកម្មភាពណាមួយដែលរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដូចការលើកឡើងរបស់បណ្តាញសង្គម និងសារព័ត៌មានថៃនោះឡើយ

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការគោរព និងការអនុវត្ត នូវកិច្ចព្រមព្រៀងបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ឱ្យបានពេញលេញ និងខ្ជាប់ខ្ជួនបំផុត ព្រមទាំងបន្តសហការគ្នាឱ្យបានជិតស្និទ្ធនៅគ្រប់កម្រិត សំដៅស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងដើម្បីលើកកម្ពស់ សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឱ្យបានឆាប់រហ័ស៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×