រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំស្តីពី ការរៀបចំផែនការដើម្បីជួយគាំទ្រសាលារៀនដែលរងប៉ះពាល់នៅតំបន់ព្រំដែនកម្ពុជា-ថៃ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។
មុនឈានចូលដល់កិច្ចពិភាក្សា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានណែនាំក្រុមការងារឱ្យបន្តយកចិត្តទុកដាក់តាមដានបច្ចុប្បន្នភាពស្ថានភាព និងការវិវឌ្ឍថ្មីៗនៅតាមតំបន់ព្រំដែន ដើម្បីបន្តផ្តល់ការគាំទ្រទាន់ពេលវេលា ឆ្លើយតបនឹងតម្រូវការជាក់ស្តែង។
កិច្ចប្រជុំនេះបានចាប់ផ្តើមជាមួយការរាយការណ៍ពីបច្ចុប្បន្នភាពស្ថានភាពរបស់សាលារៀន សិស្សានុសិស្ស និងសហគមន៍ ក្នុងខេត្តបន្ទាយមានជ័យ ឧត្តមានជ័យ ព្រះវិហារ និង ពោធិ៍សាត់ ដែលបច្ចុប្បន្នកំពុងបន្តកើនកម្ដៅ និងការវិឌ្ឍនៃភាពតានតឹងពីការប៉ះទង្គិចប្រដាប់អាវុធនៅតាមព្រំដែន។ កិច្ចប្រជុំបានបន្តជាមួយការពិភាក្សាប្រមូលធាតុចូលដើម្បីឈានទៅដាក់ចេញវិធានការឆ្លើយតបបន្ទាន់ ដើម្បីជួយគាំទ្រនិងសម្របសម្រួលស្ថានភាព ធានាឱ្យបាននូវសុខសុវត្ថិភាពរបស់បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។
បន្ទាប់ពីស្តាប់របាយការណ៍ស្តីពី បច្ចុប្បន្នភាពស្ថានភាពនៅតាមតំបន់រងប៉ះពាល់ និងមតិសំណេះសំណាលផ្លាស់ប្តូរយោបល់រួចមក ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ ដូចជា៖ ១) ជាបឋមសូមផ្តោតលើការតាមដានសភាពការណ៍ឱ្យបានដិតដល់ និងពិនិត្យលទ្ធភាពជួយគាំទ្រតាមភាពជាក់ស្តែង ២) សូមរៀបចំក្រុមជាក់លាក់ដើម្បីទទួលបន្ទុកអនុវត្ត និងតាមដានការងារនេះ ដោយត្រូវរៀបចំរបាយការណ៍ពីការវិវឌ្ឍថ្មីៗ នៃស្ថានការណ៍ និងស្ថានភាពរបស់បុគ្គលិកអប់រំ លោកគ្រូអ្នកគ្រូ សិស្សានុសិស្សនិងក្រុមគ្រួសារជាប្រចាំថ្ងៃ និងរៀបចំសេចក្តីរាយការណ៍ព័ត៌មាន ៣) រៀបចំលិខិតអំពាវនាវស្វែងរកការចូលរួមសហការ ដើម្បីផ្តល់ការគាំទ្រទាំងសម្ភារៈ និងថវិកា ពីសំណាក់ដៃគូអភិវឌ្ឍ អង្គការដៃគូ វិស័យឯកជន និងសាធារណជនគ្រប់មជ្ឈដ្ឋាន ៤) សូមកំណត់អាទិភាពនៃតម្រូវការ ដែលក្នុងនោះរួមមាន គ្រឿងឧបភោគបរិភោគចាំបាច់នានា សម្ភារៈសិក្សា និងតង់ដើម្បីប្រើប្រាស់ជាថ្នាក់រៀនបណ្ដោះអាសន្ននៅទីតាំងសុវត្ថិភាពសម្រាប់ជនភៀសសឹក និង ៥) សូមក្រុមការងារជំនាញពិនិត្យលទ្ធភាពរៀបចំប្រព័ន្ធដើម្បីរៀនពីចម្ងាយ។
ជាថ្មីម្តងទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមលើកទឹកចិត្តក្រុមការងារ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ បន្តរក្សាស្មារតីឱ្យរឹងមាំរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ប្តេជ្ញាបន្តខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តចូលរួមក្នុងបុព្វហេតុការពារជាតិ និងបន្តជឿជាក់លើចំណាត់ការរបស់រាជរដ្ឋាភិបាល ដែលបានខិតខំដោះស្រាយបញ្ហាជម្លោះព្រំដែន ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពអត់ធ្មត់ខ្ពស់ ទន្ទឹមនឹងនេះ ក៏បានសំដែងនូវការដឹងគុណជាទីបំផុត ចំពោះទឹកចិត្តមោះមុតក្លាហានរបស់វីរយុទ្ធជនដែលកំពុងឈរជើងនៅសមរភូមិតាមព្រំដែនដើម្បីការពារទឹកដី ដោយគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្តវេនពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងយកចិត្តទុកដាក់ចំពោះសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងបានដាក់ចេញវិធានការឆ្លើយតបភ្លាមៗនៅក្នុងការការពារបូរណភាពទឹកដីប្រឆាំងនឹងការឈ្លានពានរបស់កងទ័ពថៃ៕រក្សាសិទ្ធដោយ៖សុទ្ធលី








