Saturday, December 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

២​ឆ្នាំ​កន្លងទៅ បទល្មើស​ឆ្លងដែន ខុសច្បាប់​គ្រប់​ប្រភេទ តាម​ព្រំដែន​កម្ពុជា និង​វៀតណាម បង្ក្រាបបាន​៣៧​ករណី

ភ្នំពេញ ៖ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​កម្ពុជា និង​បញ្ជាការដ្ឋាន​កងទ័ព​ការពារ​ព្រំដែន​វៀតណាម បាន​ឯកភាព​ខ្ពស់​លើ​បណ្តា​វិធាន​ការដែល​បានលើកឡើង​នានា និង​ឯកភាព បន្ត​ចុះហត្ថលេខា លើ​កំណត់ហេតុ​ធ្វើ​ការងារ ដើម្បី​អនុវត្ត​នា​ឆ្នាំ​២០១៨ ខាងមុខ ពិសេស​លើ​ករណី​ទប់ស្កាត់​បទល្មើស​ឆ្លងដែន​ខុសច្បាប់​គ្រប់​ប្រភេទ និង​អំពើ​ភេរវកម្ម ខណៈ​ក្នុងអំឡុង ២​ឆ្នាំ​កន្លងទៅនេះ បទល្មើស​កើតឡើង​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​វៀតណាម មាន​ចំនួន ៣៩​ករណី បង្ក្រាបបាន​ចំនួន ៣៧​ករណី ចាប់ខ្លួន​ជនសង្ស័យ​សរុប​ចំនួន ៤៩​នាក់​។​

​នា​ល្ងាច​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ នេះ នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ មាន​រៀបចំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​កិច្ចសហប្រតិបត្តិការ​ការពា​រ​សន្តិសុខ​ព្រំដែន​កម្ពុជា​-​វៀតណាម ក្រោម​អធិបតីភាព​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ ដាំ វុទ្ធី អគ្គ​ស្នងការរង​នគរបាលជាតិ និង​លោក ឧ​ត្ត​ម​សេនីយ៍​ទោ ហ័ង សួន​ចៀន មេបញ្ជាការ​កងទ័ព​ការពារ​ព្រំដែន​វៀតណាម ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហ័ង សួន​ចៀន មេបញ្ជាការ​កងទ័ព​ការពារ​ព្រំដែន​វៀតណាម បាន​មានប្រសាសន៍ថា កន្លងមក​អគ្គស្នងកា​រដ្ឋា​ន​នគរបាលជាតិ​កម្ពុជា បាន​សហការគ្នា​ល្អ​លើ​កិច្ចការពារ​សន្តិសុខ​តាម​បន្ទាត់​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ ជាពិសេស​បាន​បង្កលក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ទាំងសង្ខាង​ក្នុងការ​ផ្លាស់ប្តូរ​ទំនិញ​ពាណិជ្ជកម្ម ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធា​ប្រសើរឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ។ លោក ឧ​ត្ត​ម​សេនីយ៍​ទោ ហ័ង សួន​ចៀន ក៏បាន​សំណូមពរ​ដល់​អគ្គស្នងកា​រដ្ឋា​ន​នគរបាលជាតិ​កម្ពុជា បន្ត​កិច្ចសហប្រតិបត្តិការ​ការពា​រ​សន្តិសុខ​តាម​បន្ទាត់​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​ឲ្យ​បានល្អ​ថែមទៀត ពិសេស​ទប់ស្កាត់​បទល្មើស​ឆ្លងដែន​ខុសច្បាប់​គ្រប់​ប្រភេទ និង​អំពើ​ភេរវកម្ម ។​

​ក្នុងឱកាស​នោះដែរ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ ដាំ វុទ្ធី អគ្គ​ស្នងការរង​នគរបាលជាតិ មានប្រសាសន៍ថា អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​កម្ពុជា នៅតែ​បន្ត​បង្កើន​កិច្ចសហប្រតិបត្តិការ​ការពា​រ​សន្តិសុខ​តាម​បន្ទាត់​ព្រំដែន​ជាមួយ​បញ្ជាការដ្ឋាន​កងទ័ព​ការពារ​ព្រំដែន​វៀតណាម ឲ្យ​កាន់តែ​ល្អ​ថែមទៀត ដើម្បី​ឲ្យ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​រក្សាបាន​នូវ​សាមគ្គីភាព មិត្តភាព សហប្រតិបត្តិការ និង​ការអភិវឌ្ឍ ។ លោក​បញ្ជាក់ប្រាប់​ភាគី​វៀតណាម​បន្តថា “​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​កម្ពុជា នឹង​រួម​សហការគ្នា​ក្នុងការ​ទប់ស្កាត់​បទឧក្រិដ្ឋ​ឆ្លងដែន ដូចជា​ការជួញដូរ និង​ចរាចរណ៍​គ្រឿងញៀន​ខុសច្បាប់ ការជួញដូរ​មនុស្ស ជាពិសេស​ស្ត្រី និង​កុមារ បទល្មើស​ព្រហ្មទណ្ឌ បទល្មើស​សេដ្ឋកិច្ច ការ​លួច​ជ្រៀតចូល​ឆ្លងដែន​ខុសច្បាប់ ដែល​សកម្មភាព​ទាំងអស់នេះ នៅតែ​បន្ត​កើតឡើង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម​ក៏ដូចជា​នៅតាម​តំបន់​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​ផងដែរ​” ។​

​ក្នុងឱកាស​នេះដែរ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ ដាំ វុទ្ធី ក៏បាន​ស្នើសុំ​ភាគី​វៀតណាម​យោគយល់​ចំពោះ​ការខកខាន​ប្រជុំ​កាលពី​ឆ្នាំ​២០១៦ ហើយ​ត្រូវ​ពន្យារពេល​រហូតមកដល់​ពេលនេះ គឺ​អាស្រ័យ​ដោយសារ​ពេលនោះ​កម្ពុជា​មានការ​មមាញឹក​ក្នុងការ​ត្រៀម​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៤ ដែល​កិច្ចការ​ទាំងនោះ​តម្រូវ​ឲ្យ​កងកម្លាំង​របស់​យើង​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់បំផុត ដើម្បី​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ សំដៅ​ធានា​ឲ្យ​ដំណើរការ​បោះឆ្នោត​ប្រព្រឹត្តទៅ​ប្រកបដោយ​ជោគជ័យ និង​សុវត្ថិភាព ។​

​ជាការ​ពិតណាស់​រយៈពេល​២​ឆ្នាំ​កន្លងទៅ សន្តិភាព​នៅតាម​តំបន់​ព្រំដែន នៃ​ប្រទេស​ទាំងពីរ​បាននិងកំពុង​បន្ត​និរន្តរភាព ក្រោម​បរិយាកាស​ដ៏​ល្អប្រសើរ ដោយ​ធានាបាន​នូវ​ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ ដែល​សមិទ្ធិផល​ដ៏​ថ្លៃថ្លា គឺជា​សក្ខីភាព​ឆ្លុះបញ្ចាំង​អំពី​ភាព​រីកចម្រើន​ឥតឈប់ឈរ និង​កាន់តែ​រឹងមាំ​ជា​លំដាប់​នៃ​ចំណងមិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​កងកម្លាំង​ការពារ​ព្រំដែន នៃ​ប្រទេស​ទាំងពីរ ។​

​សូមជម្រាបថា ក្នុងអំឡុង ២​ឆ្នាំ​កន្លងទៅនេះ បទល្មើស​កើតឡើង​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​វៀតណាម មាន​ចំនួន ៣៩​ករណី បង្ក្រាបបាន​ចំនួន ៣៧​ករណី ចាប់ខ្លួន​ជនសង្ស័យ​សរុប​ចំនួន ៤៩​នាក់ (​ជនជាតិខ្មែរ ៩​នាក់ និង​ជនជាតិ​វៀតណាម ៤០​នាក់​) និង​នៅសល់ ២​ករណី​ទៀត​កំពុង​ស្រាវជ្រាវ គឺ​ករណី​ចោរកម្ម លួច​ម៉ូតូ​របស់​ពលរដ្ឋ​ខ្មែរ និង​លួច​ទូក​ពី​វៀតណាម​មក​ខ្មែរ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

×