ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី១៦ខែធ្នូនេះ បានមានប្រសាសន៍ថា ប៉ុន្មានថ្ងៃមកនេះមានការចុះផ្សាយដោយសាព័ត៌មានថៃមួយចំនួន ដោយបានលើកឡើងថាមានទាហ៊ានរស្សុីនិងជនបរទេសមួយចំនួនកំពុងចូលរួមប្រយុទ្ធនៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តទៀតថា ដើម្បីរក្សានូវសេចក្តីថ្លៃថ្នូររបស់កម្ពុជា
ក៏ដូចជារបស់រុស្សុីនិងជនបរទេសផ្សេងទៀតដែលត្រូវបានគេចោទ។ ខ្ញុំសូមបញ្ជាក់ជូនថាកម្ពុជាពុំមានជន
ជនជាតិរុស្សុីឬជនជាតិបរទេសផ្សេងទៀតចូលរួមការប្រយុទ្ធលើសមរភូមិឬធ្វើជាទីប្រឹក្សាយោធាសម្រាប់កងទ័ពកម្ពុជានោះឡើយ។
យើងមិនមានយោធាបរទេសលើទឹកដីកម្ពុជាកើតមានតាំងពីអ៊ុនតាក់ដកចេញចេញពីកម្ពុជានាឆ្នាំ១៩៩៣មកម្លេះ។
សម្តេចតេជោ បានលើកឡើងថា យើងទទួលស្គាល់ថាយើងធ្លាប់មានយោធាបរទេសចូលមកដើម្បីធ្វើសមយុទ្ធចម្រុះជាតិសាសន៍ឬទ្វេភាគីនៅលើទឹកដីកម្ពុជាពិសេសកងទ័ពជើងទឹកបរទេសដែលមកតាមច្រកសមុទ្រខេត្តព្រះសីហនុដែលនេះជាទម្លាប់ធម្មតាដែលប្រទេសផ្សេងទៀតធ្លាប់បានធ្វើដូចគ្នាក្នុងក្របខ័ណ្ឌនៃកិច្ចសហការក្នុងវិស័យការពារជាតិ។
សម្តេចប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា យើងក៏ទទួលស្គាល់ផងដែរថាពេលនេះមានជនជាតិបរទេសជាច្រើនជាតិសាសន៍កំពុងស្នាក់នៅកម្ពជាដែលជាទេសចរណ៍ វិនិយោគិនអ្នកបច្ចេកទេស អ្នកធ្វើការឲ្យក្រុមហ៊ុនបរទេសឬក្នុងស្រុក។ល។តែអ្នកទាំងនោះមិនពាក់ពន្ធ័ជាមួយវិស័យយោធាឬការប្រយុទ្ធនោះឡើយ។
សូមរំលឹកថា លោក Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំនៅកម្ពុជា បានចេញមកទាត់ចោលការផ្សាយរបស់ថៃថា មានពលរដ្ឋរុស្ស៉ីធ្វើជាទាហានស៉ីឈ្នួលឲ្យកម្ពុជា ក្នុងសង្គ្រាមឈ្លានពានថៃលើកម្ពុជា។
លោក Anatoly Borovik បានច្រានចោលបែបនេះ ក្នុងសន្និសីទសារព័ត៌មានរបស់លោក ស្តីពីលទ្ធផលគោលនយោបាយការបរទេសរុស្ស៉ី នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា «សេចក្តីប្រកាសរបស់ថៃ? មិនដែលមានព័ត៌មានបែបនេះទេ។ ដូច្នេះមិនមានភស្តុតាងអ្វីឡើយ។ បើថៃចោទដោយព័ត៌មានក្លែងក្លាយ យើងខាតពេលច្រើន។ ខ្ញុំមិនធ្វើអត្ថាធិប្បាយទេ»។
ស្ថានទូតរុស្ស៉ី អះអាងថា ព័ត៌មានដែលពលរដ្ឋរុស្ស៉ីមួយចំនួនធ្វើជាទាហានស៊ីឈ្នួលក្នុងជម្លោះរវាងប្រទេសទាំង២ គឺជារឿងមិនពិត ហើយ ទំនងជាត្រូវបានប្រឌិតឡើងដោយពីប្រភពនៅខាងក្រៅតំបន់។ ស្ថានទូតបន្ថែមថា ការចោទប្រកាន់បែបនេះអាចធ្វើឱ្យប៉ះពាល់ដល់ សិទ្ធិរបស់ពលរដ្ឋរុស្ស៉ីនៅក្នុងប្រទេសថៃ ដែលស្នាក់នៅក្នុងប្រទេសមួយនេះ ជាភ្ញៀវទេសចរណ៍ ឬធ្វើជំនួញ ហើយក៏អាចបំផ្លាញដល់ទំនាក់ទំនងយូរអង្វែងរវាងរុស្ស៉ី និងថៃផងដែរ។
ស្ថានទូតរុស្ស៉ី រក្សាទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទាំងជាមួយកម្ពុជា និងថៃ ហើយគាំទ្រដល់ដំណោះស្រាយសន្តិវិធីដើម្បីបិទបញ្ចប់ជម្លោះព្រំដែន។
យោធាថៃ បានបើកការឈ្លានពានលើកកម្ពុជា កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។ កម្ពុជា បានស្វាគមន៍ការស្នើរបស់សហគមន៍អន្តរជាតិ ដើម្បីការដោះស្រាយសន្តិភាពដោយសន្តិភាពវិធី ប៉ុន្តែភាគីថៃបានទាត់ចោលសំណើទាំងនោះ។
សកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ មកលើអធិបតេយ្យភាពនិងបូរណភាពដែនដីកម្ពុជាបានបង្កឱ្យមានផលវិបាកយ៉ាងច្រើន ខណៈយោធាថៃបានប្រើប្រាស់អាវុធធុនធ្ងន់រួមទាំងយន្តហោះទម្លាក់គ្រាប់បែកវាយប្រហារមិនត្រឹមតែកងទ័ពទេ ក៏បានយកជនស៊ីវិលជាគោលដៅ។ កុមារជាង ១២៧ ០០០ នាក់បានរត់ភៀសខ្លួនជាមួយឪពុកម្តាយនិងក្រុមគ្រួសាររបស់ពួកគេ, ចោលផ្ទះសម្បែង សាលារៀនជាដើម៕ រក្សាសិទ្ធដោយ៖សុទ្ធលី


