ភ្នំពេញ ៖ លោកខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានថ្លែងថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដោយមានការស្នើសុំពីម្ចាស់ឧបត្ថម្ភកម្មវិធី ម្ចាស់ស្ថានីយទូរទស្សន៍ ដៃគូអភិវឌ្ឍ ក៏បានឯកភាពគ្នាក្នុងការផ្អាកការប្រកួតប្រដាល់គុនខ្មែរគ្រប់កម្មវិធីទាំងអស់នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី៧ខែធ្នូ ក្នុងកំឡុងពេលដែលយើងទទួលរងនូវការឈ្លានពានពីយោធាសៀម។
តាមរយៈបណ្តាញសង្គមនាថ្ងៃទី១៦ខែធ្នូឆ្នាំ២០២៥នេះ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានថ្លែងបន្តទៀតថា ក្នុងកាលៈទេសៈនេះ ក្នុងនាមយើងជាពលរដ្ឋខ្មែរ យើងត្រូវរួបរួមគ្នាគ្រប់និន្នាការ គ្រប់រូបភាព គ្រប់មធ្យោបាយ ដើម្បីគាំទ្រដល់ វីរកងទ័ពជួរមុខយើងប្រយុទ្ធតតាំង ដេញចោរឈ្លានពានអោយខ្ចាត់ខ្ចាយចេញអស់ពីទឹកដីយើង។
លោកខូវ ឆាយ បានបញ្ជាក់បន្ថែមថា ” ក្នុងឱកាសនេះ ខ្ញុំស្នើសុំការយោគយល់ពីគ្រប់ភាគីពាក់ព័ន្ធក្នុងវិស័យគុនខ្មែរទាំងមូល ដែលកំពុងទទួលរងផលប៉ះពាល់ ដោយសារការផ្អាកសកម្មភាពប្រកួតនេះ។ ក៏សូមអំពាវនាវ ដល់កីឡាករ កីឡាការិនីយើងទាំងអស់ សូមអត់ធ្មត់បន្តការប្រឹងប្រែងហ្វឹកហាត់ជាប់ជាប្រចាំ ដើម្បីរក្សាគុណផលកីឡាអោយបានល្អ និងបន្តជឿជាក់លើរដ្ឋាភិបាលយើង ដែលដឹកនាំដោយសម្តេចតេជោ-ធិបតី នឹងយកឈ្នះលើសត្រូវឈ្លានពានទាំងលើសមរភូមិសឹក និងសមរភូមិការទូត ដើម្បីបញ្ចប់សង្គ្រាមឈ្លានពាននេះ ព្រមទាំងរិលរកជីវភាពប្រក្រតីវិញក្នុងពេលដ៏ខ្លីខាងមុខ”៕ រក្សាសិទ្ធដោយ៖សុទ្ធលី










