ភ្នំពេញ៖ ស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា បានប្រកាសឲ្យអង្គការក្រៅរដ្ឋាភិបាល ដាក់ពាក្យសុំថវិកា ពីមូលនិធិឯកអគ្គរដ្ឋទូតអាមេរិក សម្រាប់ការអភិរក្សវប្បធម៌ (AFCP) នៅកម្ពុជា សម្រាបឆ្នាំ២០១៨។ ការប្រកាសនេះ សម្រាប់តែចំពោះអង្គការមិនធ្វើពាណិជ្ជកម្ម ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់អាចដាក់ពាក្យសុំបាន។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិក នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះបានបញ្ជាក់ថា អង្គការមិនធ្វើពាណិជ្ជកម្ម ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ អាចដាក់ពាក្យសុំបាន។ កាលបរិច្ឆេទចុងក្រោយ ដែលស្ថានទទួលពាក្យសុំគឺថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៧។ មូលនិធិ AFCP ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០០ ដោយសភាសហរដ្ឋអាមេរិក ដើម្បីជួយអភិរក្ស បេតិកភណ្ឌវប្បធម៌រូបី និងបេតិកភណ្ឌវប្បធម៌អរូបី ដែលប្រឈមនឹងការបាត់បង់ នៅក្នុងប្រទេសដែលមានការអភិវឌ្ឍតិច រួមទាំងប្រទេសកម្ពុជាផងដែរ។ កម្មវិធីនេះ ត្រូវបានគ្រប់គ្រងដោយមជ្ឈមណ្ឌល បេតិកភណ្ឌវប្បធម៌ក្រោមការិយាល័យកិច្ចការអប់រំ និងវប្បធម៌ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។
សហរដ្ឋអាមេរិកមានមោទនភាពក្នុងការជួយដល់ការខិតខំរបស់ប្រទេសកម្ពុជា នៅក្នុងការការពារ ចងក្រងឯកសារ និងបង្ហាញចេញនូវបេតិកភណ្ឌវប្បធម៌ដ៏ល្អឯករបស់ខ្លួន ។ នៅក្នុងរយៈពេល១៦ឆ្នាំកន្លងមកនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានចំណាយថវិកាអស់ចំនួនជាង៤លានដុល្លារអាមេរិក លើកម្មវិធីបេតិកភណ្ឌវប្បធម៌នានា រាប់ពីការចងក្រងឯកសារ ស្តីពីការរាំរបាំបូរាណ ដល់ការប្រយុទ្ធប្រឆាំង នឹងការលួចប្លន់ និងដល់ការងារអភិរក្សទីតាំងប្រវត្តិសាស្ត្រ ដូចជានៅប្រាសាទភ្នំបាក់ខែងនៅអង្គរវត្តជាដើម។ តាំងពីឆ្នាំ២០០១ មក ប្រទេសកម្ពុជា បានទទួលអំណោយថវិកាចំនួន២០ពីមូលនិធិ AFCP ដោយគិតជាទឹកប្រាក់សរុបជាង ៣,៣លានដុល្លារអាមេរិក។ កម្មវិធីធំជាងគេមួយនៅក្នុងប្រវត្តិរបស់មូលនិធិ AFCP គឺអំណោយថវិកាចំនួន៩៧៩.០០០ដុល្លារ ដែលត្រូវបានផ្តល់ឲ្យនៅឆ្នាំ២០០៨ សម្រាប់បន្តការងារដែលកំពុងដំណើរការនៅប្រាសាទភ្នំបាក់ខែង ដោយអង្គការមូលនិធិប្រាសាទពិភពលោក (World Monuments Fund) ដោយធ្វើសហប្រតិបត្តិការជាមួយអាជ្ញាធរអប្សរា៕ ដោយ៖បញ្ញាស័ក្តិ