Thursday, December 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តឧត្ដរមានជ័យ ៖ ក្នុងកាលៈទេសៈដ៏លំបាកនេះ ក្រុមការងារយើងទាំងអស់គ្នាត្រូវរួបរួមសាមគ្គីគ្នាជាធ្លុងមួយ មិនថាផ្នែកស៊ីវិល ឬកងកម្លាំងឡើយ។

ខេត្តឧត្ដរមានជ័យ ៖ ដើម្បីធានាបាននូវប្រសិទ្ធភាពការងារ និងការយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពរបស់ប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខផ្ទាល់ជាមួយបងប្អូនក្រុមការងារសម្របសម្រួលជនភៀសសឹក ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្មនៅមណ្ឌលសុវត្ថិភាព២ទីតាំង។

ក្នុងឱកាសចុះសួរសុខទុក្ខនេះ ឯកឧត្ដម មាន ចាន់យ៉ាដា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីលះបង់ និងការខិតខំប្រឹងប្រែងរបស់ក្រុមការងារទាំងអស់ ដែលបានបំពេញភារកិច្ចមិនខ្លាចនឿយហត់ក្នុងការសម្របសម្រួល បម្រើសេវា ក្នុងការផ្តល់ជម្រកសុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ។

ឯកឧត្ដម អភិបាលខេត្ត ក៏បានសង្កតធ្ងន់ថា “ក្នុងកាលៈទេសៈដ៏លំបាកនេះ ក្រុមការងារយើងទាំងអស់គ្នាត្រូវរួបរួមសាមគ្គីគ្នាជាធ្លុងមួយ មិនថាផ្នែកស៊ីវិល ឬកងកម្លាំងឡើយ។ យើងត្រូវចាត់ទុកទុក្ខលំបាករបស់ជនភៀសសឹក ជាទុក្ខលំបាករបស់យើងទាំងអស់គ្នា ហើយមានតែការសហការគ្នាយ៉ាងជិតស្និទ្ធប៉ុណ្ណោះ ទើបយើងអាចដោះស្រាយបញ្ហាប្រឈមនានាបានទាន់ពេលវេលា និងមានប្រសិទ្ធភាព”។

ឯកឧត្ដម មាន ចាន់យ៉ាដា ក៏បានចុះពិនិត្យមើលស្ថានភាពទូទៅនៃការស្នាក់នៅ ការហូបចុក និងការរៀបចំសណ្តាប់ធ្នាប់ក្នុងមណ្ឌល ដើម្បីធានាថាបងប្អូនប្រជាពលរដ្ឋដែលភៀសខ្លួនពីហានិភ័យផ្សេងៗ ទទួលបាននូវការគាំពារប្រកបដោយសុវត្ថិភាព និងភាពកក់ក្តៅបំផុតផងដែរ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×