Thursday, December 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការបាញ់ប្រហារមិនរើសគោលដៅរបស់យោធាថៃដែលបានចូលជ្រៅក្នុងទឹកដីកម្ពុជា គឺ ជាការរំលោភបំពានដ៏ធ្ងន់ធ្ងរបំផុតពីប្រទេសថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា

ភ្នំពេញ ៖ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ការបាញ់ប្រហារមិនរើសគោលដៅ ការបំផ្លាញហេដ្ឋរចនាសម្ព័ន្ធ និងបេតិកភណ្ឌវប្បធម៌នៅប្រាសាទតា ក្របីនិងប្រាសាទព្រះវិហារ និងប្រតិបត្តិការយោធាអាកាសរបស់ថៃដែលបានចូលជ្រៅក្នុងទឹកដីកម្ពុជា គឺ ជាការរំលោភបំពានដ៏ធ្ងន់ធ្ងរបំផុតពីប្រទេសថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា នៅក្នុង ដំណាក់កាលដ៏លំបាកនាគ្រានេះ យើងគ្រប់គ្នាមានអារម្មណ៍សោកសៅ និងសង្វេគដល់ជនរងគ្រោះ និង បងប្អូនជនភៀសសឹកជាង៤០ម៉ឺននាក់ដែលបង្ខំចាកចេញពីភូមិឋានរបស់ខ្លួន។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ យើងមិនត្រូវឲ្យស្ថានភាពនេះ បំបាក់ទឹកចិត្ត និងស្មារតីរបស់យើងនៅក្នុងការបន្តកិច្ចខិតខំប្រឹង ប្រែងបំពេញការងារ ក៏ដូចជាការប្រកបមុខរបរប្រចាំថ្ងៃឡើយ។

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងយ៉ាងដូច្នេះ ក្នុងពិធីបិទបញ្ចប់គម្រោងជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាបន្ន (ផ្នែកនេសាទ) នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នៅសណ្ឋាគារ Shangri-La ភ្នំពេញ។

ឯកឧត្តម ប្រាក់ ដាវីដ បានបញ្ជាក់ថា ដោយបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខ្ញុំមានកិត្តិយសចូលរួមធ្វើជាអធិបតីក្នុងពិធីបិទបញ្ចប់កម្មវិធីជំរុញកំណើនវិស័យជលផល ប្រកបដោយចីរភាព និងបរិយាបន្ន (ផ្នែកនេសាទ)នាថ្ងៃនេះ។ ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ឯកឧត្តមរដ្ឋមន្រ្តី លោកពុំអាចអញ្ជើញមកចូលរួមកម្មវិធីយើងនាថ្ងៃ នេះបាន ដោយសារលោកមានកាតព្វកិច្ចបំពេញការងារជួយប្រជាពលរដ្ឋភៀសសឹកដែលទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការរំលោភឈ្លានពានពីភាគីថៃ។

ឯកឧត្តម បានបន្តថា អស្ថិរភាព ជម្លោះ ភាពតានតឹងភូមិសាស្ត្រនយោបាយនៅជុំវិញពិភពលោក និងជម្លោះនៅតាមបណ្ដោយ ព្រំដែនដែលកម្ពុជាកំពុងជួបប្រទះ បានក្រើនរំឭកឲ្យយើងដឹងអំពីសារៈសំខាន់មិនអាចកាត់ថ្លៃបាននៃ សន្តិភាព កិច្ចសហប្រតិបត្តិការ និងកិច្ចសន្ទនា ដើម្បីរក្សាបាននូវការអភិវឌ្ឍ និងគុណតម្លៃមនុស្ស។ នៅក្នុង កាលៈទេសៈនេះ រឿងដែលសំខាន់បំផុតសម្រាប់យើងទាំងអស់គ្នា គឺការរួបរួមគ្នា ការការពារសន្តិភាព និង ស្ថិរភាព និងបន្តគាំទ្រពង្រឹងមូលដ្ឋានអភិវឌ្ឍន៍របស់ប្រទេសយើងឲ្យកាន់តែរឹងមាំ។ ទាល់តែយើងខ្លាំង និង រឹងមាំ ទើបគេមិនអាចមើលងាយ និងរំលោភបំពានបាន។ ក្នុងន័យនេះ ការអភិវឌ្ឍសេដ្ឋកិច្ច និងការកសាង ធនធានមនុស្សឲ្យខ្លាំង គឺជាកត្តាចាំបាច់។ ដូច្នេះសាររបស់ខ្ញុំនាពេលនេះ គឺយើងត្រូវបន្តពង្រឹងខ្លួនយើងឲ្យ រឹងមាំ ជំនះរាល់ឧបសគ្គទាំងឡាយ និងមិនត្រូវឲ្យកាលៈទេសៈនេះ មករារាំងកិច្ចការងារក៏ដូចជាមុខរបរ ប្រចាំថ្ងៃរបស់យើងឡើយ។

ឯកឧត្តម បានលើកឡើងថា យើងធ្លាប់បានឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃ និងការបែកបាក់ផ្ទៃក្នុង ប៉ុន្តែវាមិនបានរារាំងដំណើរឆ្ពោះទៅមុខរបស់ យើងឡើយ។ ស្ថិរភាពនយោបាយ និងសន្តិភាពដែលទទួលបានតាមរយៈគោលនយោបាយ ឈ្នះ ឈ្នះ អនុញ្ញាតឲ្យកម្ពុជាយើងផ្ដោតលើការអភិវឌ្ឍ ការកសាងនិងពង្រឹងស្ថាប័ន ការគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយការទទួលខុសត្រូវ ការអភិវឌ្ឍសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ជាមួយនឹង ស្មារតីនេះ ខ្ញុំមានកិត្តិយសចូលរួមជាមួយ ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី ពូមីងបងប្អូន ប្រជានេសាទ សហគមន៍នេសាទ អាជីវករដែលធ្វើអាជីវកម្មផល និងផលិតផលជលផល នាថ្ងៃនេះក្នុង ការប្រារព្ធពិធីបិទគម្រោង CAPFISH-Capture និងបង្ហាញសមិទ្ធផលសំខាន់ៗរបស់គម្រោងដែលអនុវត្ត រយៈពេល៦ឆ្នាំកន្លងមក៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×