ភ្នំពេញ ៖ សហភាពសហព័ន្ធយុវជនកម្ពុជា បានឲ្យដឹងថា មហាជនមកពីគ្រប់ទិសទី បាននិងកំពុងចូលរួមយ៉ាងច្រើនកុះករក្នុងព្រឹត្តិការណ៍ ដើរដើម្បីសន្តិភាព ( March for Peace) ដើម្បីបង្ហាញស្មារតីគាំទ្រសន្តិភាព ពិសេសជំរុញឱ្យមានគោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ។
ព្យុហយាត្រា «ដើរដើម្បីសន្តិភាព» របស់មហាគ្រួសារខ្មែរ បានចាប់ផ្ដើមចេញដំណើរពីបរិវេណផ្សាររាត្រីមាត់ទន្លេ ឆ្ពោះទៅកាន់សួនច្បារវិមានឯករាជ្យ ក្នុងបរិយាកាសពោរពេញដោយក្ដីសង្ឃឹម ក្ដីជឿជាក់ និងស្មារតីសាមគ្គីភាពជាតិ។
ជំហានរបស់យើង គឺជាជំហានដ៏មានអត្ថន័យជ្រាលជ្រៅ ក្នុងការផ្ញើសារសន្តិភាពចេញពីបេះដូងប្រជាពលជនខ្មែរ ទៅកាន់សង្គមជាតិ និងសហគមន៍អន្តរជាតិថា យើងមិនចង់ឃើញការបំផ្លិចបំផ្លាញ វិនាសកម្ម និងការបាត់បង់អាយុជីវិតណាមួយឡើយ ទោះជាក្នុងកាលៈទេសៈ ឬបរិបទណាក៏ដោយ។
សំឡេងរបស់យើង គឺជាសំឡេងឆន្ទៈរួមរបស់ប្រជាពលរដ្ឋខ្មែរ ដែលឱ្យតម្លៃលើសន្តិភាព និងប្រាថ្នាការរួមរស់ដោយសន្តិសហវិជ្ជមានជាមួយគ្រប់ប្រជាជាតិទាំងអស់។
នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២៥ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី បានរៀបចំកម្មវិធី «ដើរដើម្បីសន្តិភាព» ដែលជាការដើរថ្មើរជើងចម្ងាយ ៣ គីឡូម៉ែត្រ គិតចាប់ពីផ្សាររាត្រីមុខមាត់ទន្លេ រហូតដល់វិមានឯករាជ្យ។ ដំណើរព្យុហយាត្រាដើម្បីសន្តិភាពនេះ គឺធ្វើឡើងដើម្បីបង្ហាញពីបំណងរបស់កម្ពុជាដែលចង់សន្តិភាព មិនចង់ឃើញការបំផ្លិចបំផ្លាញ វិនាសកម្ម និងការបាត់បង់ណាមួយបន្ថែមទៀតឡើយ៕រក្សាសិទ្ធដោយ៖សុទ្ធលី




























