ភ្នំពេញ ៖ សារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូន
វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២២ ស្ដីពី “តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន» ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថ្ងៃនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមចូលរួមអបអរសាទរវទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២២ ដែលបានរៀបចំឡើងដោយ ក្លិបអ្នកកាសែតកម្ពុជា ដើម្បីផ្តល់នូវឱកាសដល់ថ្នាក់ដឹកនាំស្ថាប័ននិងអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មាន មកពីអង្គភាពនានា បានជួបជុំពិភាក្សាផ្លាស់ប្ដូរមតិយោបល់ ចែករំលែកបទពិសោធស្ដីពីបញ្ហាប្រឈម និង ដំណោះស្រាយ សម្រាប់លើកទិសដៅអនុវត្តបន្ត សំដៅតម្រង់ទិសនិងជំរុញឱ្យអ្នកសារព័ត៌មានបំពេញការងារ កាន់តែមានគុណភាព ប្រសិទ្ធភាព ប្រកបដោយវិជ្ជាជីវៈនិងការទទួលខុសត្រូវ ព្រមទាំងចូលរួមលើកកម្ពស់ សិទ្ធិសេរីភាពសារព័ត៌មាន ស្របតាមគោលការណ៍ច្បាប់ លទ្ធិប្រជាធិបតេយ្យ និងចូលរួមចំណែករក្សា សណ្តាប់ធ្នាប់សារព័ត៌មាន និងសន្តិសុខព័ត៌មាន នៅព្រះរាជាណាចក្រកម្ពុជា។
ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះវេទិកានិពន្ធនាយកសារព័ត៌មានឆ្នាំ២០២៥ ដែលបានលើកយកប្រធានបទ ស្ដីពី «តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន» ជាប្រធានបទដ៏មានសារៈសំខាន់ក្នុងអំឡុងពេល នៃជម្លោះបញ្ហាព្រំដែនកម្ពុជា-ថៃ។ ជម្លោះព្រំដែននៃប្រទេសទាំងពីរ នាពេលថ្មីៗនេះ មិនត្រឹមតែមានការប៉ះទង្គិច ផ្នែកកម្លាំងប្រដាប់អាវុធប៉ុណ្ណោះទេ ប៉ុន្តែមានសមរភូមិជាច្រើន ដែលស្ថិតក្រោមផ្លូវច្បាប់នៃយុត្តាធិការអន្តរជាតិ នយោបាយការទូត សមរភូមិព័ត៌មាននិងសាធារណមតិ ដែលភាគីជម្លោះ និងជនឱកាសនិយមបានប្រើប្រាស់ គ្រប់មធ្យោបាយនៃប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញទំនាក់ទំនងសង្គម តាមគ្រប់រូបភាពក្នុងគោលបំណងដណ្ដើម យកប្រៀបខ្លាំង ឈ្នះនៅលើសមរភូមិយោធា នយោបាយ ការទូត និងសមរភូមិព័ត៌មាន នៅក្នុងយុគសម័យ បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត។
ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្ថាប័ននិងអង្គភាពសារព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មាន ដែលបានខិតខំបំពេញតួនាទីយ៉ាងសកម្ម និងប្រកបដោយវិជ្ជាជីវៈក្នុងការចុះយកព័ត៌មាន ផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយព័ត៌មានបានរហ័សទាន់សភាពការណ៍ជូនសាធារណជនជាតិ-អន្តរជាតិ បានយល់ដឹងអំពី សភាពការណ៍ពិតរបស់កម្ពុជា។ ទន្ទឹមនេះ ខ្ញុំសូមថ្លែងអំណរគុណចំពោះក្រសួងព័ត៌មាន ដែលបានដាក់ចេញ
នូវវិធានការនានាក្នុងការគ្រប់គ្រង ផ្សព្វផ្សាយព័ត៌មានបានទូលំទូលាយដល់សាធារណជន ធ្វើការតម្រង់ទិស និងសម្របសម្រួលការងារជូនអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ក្នុងការចុះយកព័ត៌មានដល់ទីតាំងផ្ទាល់ ដើម្បី ផ្សព្វផ្សាយព័ត៌មានពិតជូនដល់ប្រជាពលរដ្ឋ និងពិភពលោកបានយល់ដឹងអំពីសភាពការណ៍ពិតនៃបញ្ហា ជម្លោះព្រំដែនដែលបានកើតឡើង និងបន្ថយកម្ដៅភាពតានតឹងទាំងយោធា និងសមរភូមិនយោបាយ ការទូត សតិអារម្មណ៍ និងជាពិសេសឆ្លើយតបចំពោះការផ្សព្វផ្សាយព័ត៌មានបំភ្លៃឬប្រឌិត និងព័ត៌មានក្លែងក្លាយ ដែលមានចរិតបំពុលសង្គម ញុះញង់ បញ្ឆេះកំហឹង ដើម្បីបង្កើតឱ្យមានអរិភាពជាតិសាសន៍ និងជំរុញស្ថានការណ៍ ឱ្យកាន់តែមានភាពតានតឹង ដែលអាចពង្រីកពីការប៉ះទង្គិចដោយប្រដាប់អាវុធទៅជាសង្គ្រាមរវាងប្រទេស និងប្រទេស បង្កបញ្ហាគ្រប់រូបភាពក្នុងចេតនាបំបាត់ទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាល
និងបំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុងនិងឯកភាពជាតិខ្មែរ ដែលជាកម្លាំងចលករដ៏រឹងមាំក្នុងបុព្វហេតុការពារ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា។
ក្នុងដំណាក់កាលនេះ បន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារមុនមកលើកងទ័ព ជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធនានារបស់កម្ពុជា ភារកិច្ចចំបងនិងចំពោះមុខរបស់រាជរដ្ឋាភិបាលគឺ ទី១. ការពារប្រជាជន និងទី២. ការពារបូរណភាពទឹកដីក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។ សូមគ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរ គ្រប់លំដាក់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋខ្មែរទាំងអស់ និងបងប្អូនអ្នកសារព័ត៌មាន រួមសាមគ្គីគ្នាជាកម្លាំងតែមួយដើម្បីបុព្វហេតុជាតិ មាតុភូមិ។
តាមរយៈវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមប្រកាសជំហរ ជាថ្មីម្តងទៀតដោយឥតងាករ កម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ដែលសម្រេចបានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ តាមរយៈកិច្ចប្រជុំពិសេស នៅទីក្រុងពូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី ដែលសហរៀបចំដោយ ម៉ាឡេស៊ី និងសហរដ្ឋអាមេរិក និងចូលរួមយ៉ាងសកម្មពីសាធារណរដ្ឋប្រជាមានិតចិន បន្ទាប់ពីនាយករដ្ឋមន្តី នៃប្រទេសទាំងពីរកម្ពុជា-ថៃ បានឯកភាពគ្នាតាមការសម្របសម្រួលរបស់ ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកម្ពុជា-ថៃ និងមានការចូលរួមធ្វើ ជាសាក្សីពី ឯកឧត្តមប្រធានាធិបតី សហរដ្ឋអាមេរិក និង ឯកឧត្តមនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី ជាប្រធានអាស៊ានប្តូរវេន។
កម្ពុជាត្រូវការសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនានានៅលើសកលលោក និងកសាងសន្តិភាពទាំងនៅក្នុងតំបន់និងសកលលោក ដើម្បីរក្សាអាយុជីវិតនិងការរស់នៅរបស់ប្រជាពលរដ្ឋ ប្រកបដោយភាពសុខសាន្ត និងអភិវឌ្ឍប្រទេសជាតិឱ្យសម្បូររុងរឿង ក្នុងគោលដៅឈានឆ្ពោះទៅសម្រេចបាន នូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
ខ្ញុំសូមកោតសរសើរដោយស្មោះ និងសូមចាត់ទុកនូវបេសកកម្មដ៏មានសារៈសំខាន់របស់បងប្អូន អ្នកសារព័ត៌មាន ជាការរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ប្រទេសជាតិប្រកបដោយចីរភាព។ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានបន្តប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការលើកកម្ពស់សិទ្ធិសេរីភាពសារព័ត៌មាន និងភាពជាដៃគូមិនអាចខ្វះបានជាមួយអ្នកសារព័ត៌មានក្នុង ក្របខ័ណ្ឌប្រទេសប្រជាធិបតេយ្យ សេរីពហុបក្ស ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនេះ ក្នុងកាលៈទេសៈដែលយើងកំពុងដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ខ្ញុំសូមអំពាវនាវដល់បងប្អូន អ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងអ្នកពាក់ព័ន្ធផ្សេងទៀត សូមរក្សានូវក្រមសីលធម៌ និងវិជ្ជាជីវៈ សារព័ត៌មាន ដោយមិនត្រូវប្រឌិតព័ត៌មានដើម្បីញុះញង់នាំឱ្យកើតមានអរិភាពជាតិសាសន៍ ឬបង្កការយល់ច្រឡំ មកលើគណៈកម្មការព្រំដែន រាជរដ្ឋាភិបាលកម្ពុជា រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងគណៈកម្មការចម្រុះ ខណ្ឌសីមាព្រំដែនគោកកម្ពុជា ដែលកំពុងអនុវត្តការងារវាស់វែង និងកំណត់បង្គោលព្រំដែនបណ្តោះអាសន្នដោយ ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា ផែនទីនិងឯកសារដែលបន្សល់ទុកពីបារាំង។
ក្នុងន័យនេះ សូមបងប្អូនអ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានបន្តចូលរួមអនុវត្តនូវលក្ខខណ្ឌ គុណវុឌ្ឍនិងវិជ្ជាជីវៈសារព័ត៌មាន ដើម្បីពង្រឹងសណ្តាប់ធ្នាប់សារព័ត៌មាន លើកកម្ពស់វិជ្ជាជីវៈសារព័ត៌មាន និងពង្រឹងគុណភាពព័ត៌មាននិងសុវត្ថិភាពព័ត៌មានឱ្យកាន់តែប្រសើរឡើង ព្រមទាំងបន្តចូលរួមប្រយុទ្ធប្រឆាំង
ព័ត៌មានក្លែងក្លាយឱ្យខានតែបាន ជាពិសេសក្នុងអំឡុងពេលដែលប្រទេសជាតិកំពុងស្ថិតក្នុងបញ្ហាជម្លោះព្រំដែន។ ទន្ទឹមនេះ សូមបងប្អូនអ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានបន្តចូលរួមអនុវត្តឱ្យបានកាន់តែខ្ជាប់ខ្ជួននូវ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ក្នុងគោលបំណងបន្តធានានូវបរិយាកាសល្អប្រសើរសម្រាប់ការអនុវត្តក្រមសីលធម៌ ប្រកបដោយវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ដើម្បីបង្កើនទំនុកចិត្ត ប្រសិទ្ធភាព គុណភាព និងទំនួលខុសត្រូវវិជ្ជាជីវៈ។
ក្នុងឪកាសដ៏មានសារៈសំខាន់នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សូមផ្ដល់អនុសាសន៍មួយចំនួនសម្រាប់លោក លោកស្រី និពន្ធនាយកសារព័ត៌មាន បន្តយកចិត្តទុកដាក់អនុវត្តដូចខាងក្រោម៖
១- សូមលើកកម្ពស់មនសិការស្នេហាជាតិ និងត្រូវបន្តចូលរួមឱ្យកាន់តែសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងបុព្វហេតុជាតិ ការពារអធិបតេយ្យនិងបូរណភាពទឹកដី រក្សាសុខសន្តិភាព ស្ថិរភាពនយោបាយនិងការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព។
២- ត្រូវពង្រឹងការគ្រប់គ្រងអង្គភាព លើកកម្ពស់ការអនុវត្តក្រមសីលធម៌ ប្រកបដោយវិជា្ជជីវៈរបស់ អ្នកសារព័ត៌មានឱ្យបានល្អប្រសើរ និងត្រូវពង្រឹងគុណវុឌ្ឍនិងវិជ្ជាជីវៈសារព័ត៌មាន តាមរយៈ ការរៀបចំ និង/ឬ ចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលឱ្យបានជាប្រចាំ។
៣- ត្រូវមានការទទួលខុសត្រូវខ្ពស់ក្នុងការចុះយកព័ត៌មាន ការធ្វើសេចក្តីរាយការណ៍ និងផ្សព្វផ្សាយ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន អនុវត្តតាមការណែនាំ របស់សមត្ថកិច្ចពាក់ព័ន្ធ និងមិនត្រូវផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ព័ត៌មានក្លែងបន្លំ ព័ត៌មាន បំភ្លឺ ដែលបង្កឱ្យស្ថានភាពជម្លោះកាន់តែមានភាពតានតឹងជាឧបសគ្គដល់កិច្ចសន្ទនាស្វែងរក សន្តិភាព។
៤- រាល់ការផ្សព្វផ្សាយព័ត៌មាន ជាពិសេស ព័ត៌មានទាក់ទងនឹងបញ្ហាជម្លោះព្រំដែនជាមួយប្រទេស ជិតខាង ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យផ្ទៀងផ្ទាត់ជាមួយប្រភពព័ត៌មានផ្លូវការរបស់ថ្នាក់ដឹកនាំ ក្រសួង ស្ថាប័នមានសមត្ថកិច្ចឱ្យបានហ្មត់ចត់ ចៀសវាងការផ្សព្វផ្សាយព័ត៌មានខុសឬមិនពិត ព័ត៌មានប្រឌិតញុះញង់បញ្ឆេះកំហឹងជាតិសាសន៍ និងពង្រីកបញ្ហាជម្លោះឱ្យកាន់តែធំធ្វើឱ្យប៉ះពាល់ ដល់សន្តិសុខជាតិ ការបំបែកបំបាក់សាមគ្គីជាតិនិងឯកភាពជាតិ ឬបង្កឱ្យមានការភាន់ច្រឡំ ក្នុងចំណោមសាធារណជនជាតិ-អន្តរជាតិ។ រាល់ការផ្សាយនិងចែករំលែកព័ត៌មាន ត្រូវធានាថា នឹងមិនធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តកងទ័ព ឬបង្កការរំខានដល់ការបំពេញបេសកកម្មរបស់កងទ័ពជួរមុខឡើយ។
៥- សូមបន្តណែនាំនិងពង្រឹងស្មារតីវិជ្ជាជីវៈបន្ថែម ដោយមិនត្រូវធ្វើការផ្សព្វផ្សាយនិងចែករំលែក ព័ត៌មានអំពីទីតាំងឈរជើង ការចល័តទ័ព លេណដ្ឋានកងទ័ព ការប្រើប្រាស់គ្រឿងសព្វាវុធ យុទ្ធោបករណ៍ ព្រមទាំងការសម្ងាត់របស់កងទ័ព ដែលនាំឱ្យអន្តរាយដល់សន្តិសុខជាតិនិង បង្កគ្រោះថ្នាក់ដល់អ្នកបំពេញបេសកកម្មជូនជាតិ។ សូមពង្រឹង និងយកចិត្តទុកដាក់តាមដាន និងទទួលព័ត៌មានពីប្រភពផ្លូវការ ជាពិសេសប្រភពពីអ្នកនាំពាក្យក្រសួងការពារជាតិដែលនឹង ផ្តល់ព័ត៌មានជាប្រចាំពីការវិវត្តនៃស្ថានការណ៍។
៦ – សូមរក្សាការប្រុងប្រយ័ត្នខ្ពស់ ក្នុងការចែករំលែកបន្តនូវសារមួយចំនួន ដែលផ្សព្វផ្សាយពី សំណាក់អ្នកលេងបណ្តាញសង្គមមួយចំនួន ដែលបានផ្សព្វផ្សាយព័ត៌មានដោយគ្មានប្រភព ច្បាស់លាស់។ ក្នុងកាលៈទេសៈនេះ សូមបន្តតាមដាន និងទទួលនូវព័ត៌មានពីប្រភពផ្លូវការនានា ជាពិសេស ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់ព័ត៌មានពិតំ និងមាន ប្រភពច្បាស់លាស់ពីសមរភូមិមុខ និងពីអាជ្ញាធរខេត្តពាក់ព័ន្ធ។ ជាមួយគ្នានេះ សូមបងប្អូន ជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំ កងយោធពលខេមរភូមិន្ទ ដែលតែងតែប្រកាន់ នូវគោលការណ៍ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងការពារប្រជាជននិងការពារបូរណភាព ទឹកដីក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី





















