ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រម ដោយផ្តន្ទាទោស មនុស្សបីរូប ដែលរួមមាន លោក កែវ ហ៊ាង អាយុ ៧៥ ឆ្នាំ ជាសមាជិកគណបក្សកម្លាំងជាតិ លោក ឃុន ថងឌី អាយុ ៥១ ឆ្នាំ ជាប្រធានគណបក្សដំណើរឆ្ពោះទៅមុខ និងលោក កុល គីម អាយុ ៣០ ឆ្នាំ ជាជាងកាត់សក់ម្នាក់ ឱ្យជាប់ពន្ធនាគារ រយៈពេល ២ ឆ្នាំ និងពិន័យម្នាក់ៗ ជាប្រាក់ចំនួន ៣ លានរៀល (ប្រមាណ ៧៥០ ដុល្លារអាមេរិក) ។ អ្នកទាំងបី ត្រូវបានតុលាការចោទប្រកាន់ពីបទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ យោងតាមមាត្រា ៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ ហើយលោក គីម និងលោក ហ៊ាង ក៏ត្រូវបានចោទប្រកាន់មួយបទល្មើសបន្ថែម គឺបទ ប្រមាថ យោងតាមមាត្រា ៥០២ នៃក្រមព្រហ្មទណ្ឌ ។ នេះបើតាមការចេញផ្សាយដោយអង្គការ លីកាដូ នាថ្ងៃនេះ។
ប្រជាពលរដ្ឋជាច្រើននាក់ ត្រូវបានចាប់ខ្លួន ចោទប្រកាន់ និងជាប់ក្នុងពន្ធនាគារ ក្រោយពេលអ្នកទាំងនោះបានបញ្ចេញមតិលើបណ្តាញសង្គម ក្នុងអំឡុងពេលមានជម្លោះព្រំដែន ខ្មែរ-ថៃ ចាប់តាំងពីខែកក្កដាមក ។ អ្នកទាំងនោះរួមមាន សកម្មជន សមាជិក និងប្រធានគណបក្សជំទាស់ ដូចជាលោក ហ៊ាង ដែលជាសមាជិកគណបក្សកម្លាំងជាតិ និងលោក ថងឌី ដែលជាប្រធានគណបក្សឆ្ពោះទៅមុខ ។ មនុស្សដទៃទៀត រួមមានពលរដ្ឋប្រើប្រាស់បណ្តាញសង្គមដែលជា ជាងកាត់សក់ កម្មករដឹកគ្រឿងសំណង់ មគ្គទេសក៍ទេសចរ និង បុគ្គលិកធនាគារឯកជន ។ លោក គីម ត្រូវបានចាប់ខ្លួននៅក្នុងហាងកាត់សក់របស់គាត់ក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី០៥ ខែកក្កដា ហើយ លោក ហ៊ាង ត្រូវបានចាប់ខ្លួននៅគេហដ្ឋានរបស់លោកក្នុងខេត្តកំពត កាលពីថ្ងៃទី៧ ខែកក្កដា រីឯលោក ថងឌី ត្រូវបានចាប់ខ្លួននៅទីស្នាក់ការគណបក្សដំណើរឆ្ពោះទៅមុខក្នុងរាជធានីភ្នំពេញ កាលថ្ងៃទី៣០ ខែកក្កដា ។
អ្នកទាំងបី កំពុងជាប់ឃុំក្នុងមណ្ឌលអប់រំកែប្រែទី ១ ក្នុងពន្ធនាគារ ព្រៃស រាជធានីភ្នំពេញ ៕រក្សាសិទ្ធដោយ៖សុទ្ធលី


