ភ្នំពេញ ៖ ក្លិបអ្នកកាសែតកម្ពុជា បានចេញសេចក្តីថ្លែងការណ៍រួមវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២២លើប្រធានបទ «តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន»ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥។
វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា (វ.ន.ស.ក) ចាត់ទុកជម្លោះព្រំដែនជាមូលបទដ៏សំខាន់ មួយសម្រាប់វិស័យសារព័ត៌មាននៅកម្ពុជា ដែលអ្នកដឹកនាំស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មាន ត្រូវដកស្រង់ពិសោធន៍ បង្កើនចំណេះដឹងបន្ថែម និងត្រៀមខ្លួនសម្រាប់បញ្ហាប្រឈម ដែលនឹងកើតឡើង។ ក្នុង ន័យនេះការលើកយកប្រធានបទ «តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន» មកជជែកពិភាក្សា នាពេលនេះមិនគ្រាន់តែឆ្លុះបញ្ចាំងនូវបច្ចុប្បន្នភាពប៉ុណ្ណោះទេ ប៉ុន្តែវាបណ្តុះស្មារតីអ្នកសារព័ត៌មានក្នុងការលើក កម្ពស់ការទទួលខុសត្រូវលើអត្ថបទព័ត៌មាន ការផ្ទៀងផ្ទាត់ព័ត៌មាន និងពាក្យពេចន៍មុននឹងផ្សព្វផ្សាយព័ត៌មាន ជូនដល់សាធារណជនជាតិ និងអន្តរជាតិ។
ផ្តើមពីនោះម្ចាស់ស្ថាប័នសារព័ត៌មាន និពន្ធនាយក និពន្ធនាយករង រួមទាំងតំណាងស្ថាប័នសារព័ត៌មាន បានយកចិត្តទុកដាក់ពិភាក្សាផ្លាស់ប្តូរយោបល់ ហើយបានអនុម័តចេញនូវសេចក្តីថ្លែងការណ៍រួមដែល មានខ្លឹមសារដូចខាងក្រោម៖
១- វ.ន.ស.ក. សូមកោតសរសើរដោយស្មោះចំពោះអ្នកសារព័ត៌មាន ស្ថាប័ន និងសមាគមសារព័ត៌មានដែល បានពុះពារ គ្រប់ឧបសគ្គក្នុងការបំពេញការងាររបស់ខ្លួនបានយ៉ាងល្អតាមវិជ្ជាជីវៈ ក្រមសីលធម៌ សំខាន់ ក្នុងដំណាក់កាលនៃជម្លោះព្រំដែន។
២- វ.ន.ស.ក. យល់ឃើញថា អំឡុងពេលនេះ ឬចាប់ពីពេលនេះទៅអ្នកសារព័ត៌មាន ក៏ដូចជាម្ចាស់ស្ថាប័ន សារព័ត៌មាននីមួយៗត្រូវត្រៀមខ្លួនឱ្យបានល្អថែមមួយកម្រិតទៀតដើម្បីប្រឈមមុខនឹងហេតុការណ៍ ដែលកើតចេញពីបញ្ហាជាម្លោះព្រំដែន។
៣- វ.ន.ស.ក. យល់ឃើញថា កាលៈទេសៈនៃជម្លោះព្រំដែន ការិយាល័យនិពន្ធ រួមទាំងអ្នកចងក្រងអត្ថបទ សារព័ត៌មាន និងអ្នករាយការណ៍ព័ត៌មានត្រូវពង្រឹងសមត្ថភាពវិជ្ជាជីវៈបន្ថែមទៀតទាក់ទងនឹងការផ្សព្វផ្សាយ ព័ត៌មាន ការចុះយកព័ត៌មាននិងការធ្វើសេចក្តីរាយការណ៍ព័ត៌មាន។ បង្កើនការយកចិត្តទុកដាក់ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ឱ្យបានហ្មត់ចត់ទាំងខ្លឹមសារ រូបភាព និងអក្ខរាវិរុទ្ធចៀសវាងការរិះគន់ពីសាធារណជន រួមទាំងការ ប្រឈមផ្លូវច្បាប់។
៤- វ.ន.ស.ក. ស្នើដល់ស្ថាប័នសារព័ត៌មាននានានូវរាល់អត្ថបទផ្សព្វផ្សាយក្នុងពេលមានជម្លោះព្រំដែន គប្បីចៀសវាងឱ្យបាននូវអត្ថបទព័ត៌មានដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខជាតិ ការបញ្ឆេះកំហឹងជាតិសាសន៍ ឬបង្កគ្រោះថ្នាក់ដល់ពលរដ្ឋកម្ពុជា និងពលរដ្ឋនៃប្រទេសដែលជាភាគីជម្លោះជាមួយកម្ពុជា ហើយដែលកំពុង រស់នៅតាមបណ្តោយព្រំដែនក៏ដូចជាពលរដ្ឋដែលកំពុងបំពេញការងារ និងប្រកបរបរចិញ្ចឹមជីវិតដោយរួម ទាំងអ្នកទេសចរផងដែរ។
៥- វ.ន.ស.ក. អំពាវនាវដល់អ្នកសារព័ត៌មានមិនត្រូវធ្វើសេចក្តីរាយការណ៍ព័ត៌មានពីបញ្ហាជម្លោះដោយ សំអាងលើប្រភពមិនច្បាស់លាស់ ឬផលិតមាតិកាក្នុងគោលដៅទាក់ទាញចំណាប់អារម្មណ៍អ្នកទស្សនា និង ខ្វះការទទួលខុសត្រូវដែលនាំឱ្យជម្លោះកាន់តែតានតឹង។
៦- វ.ន.ស.ក. ស្នើដល់អ្នកសារព័ត៌មានទាំងឡាយគប្បីធ្វើសេចក្តីរាយការណ៍ព័ត៌មានដែលមានចរិតជួយ ជ្រោមជ្រែងឱ្យមានសន្តិភាពជាជាងមានចរិតដុតជម្លោះរវាងប្រទេសជាតិមួយ ជាមួយប្រទេសជាតិមួយទៀត។ ការធ្វើដូច្នេះដើម្បីធានាថាអ្នកសាព័ត៌មានបានបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការបម្រើផលប្រយោជន៍ សាធារណៈដែលជាតួនាទីចម្បងរបស់អ្នកសារព័ត៌មាន។
៧- វ.ន.ស.ក. ស្នើផងដែរចំពោះការប្រើពាក្យពេចន៍អត្ថាធិប្បាយដោយប្រកាន់យកក្រមសីលធម៌វិជ្ជាជីវៈ សារព័ត៌មាន។ ចំពោះព័ត៌មានរសើប ការិយាល័យនិពន្ធ ស្ថាប័នព័ត៌មានគប្បីផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់ រាល់ព័ត៌មានដែលត្រូវចេញផ្សាយលឿនទាន់ហេតុការណ៍ ដើម្បីធានាថារាល់ខ្លឹមសារដែលចេញផ្សាយបាន ត្រឹមត្រូវ ដោយប្រមូលពីប្រភពច្បាស់ការណ៍ និងផ្លូវការ ជាភស្តុតាងរឹងមាំសម្រាប់សេចក្តីរាយការណ៍របស់ខ្លួន។
៨- វ.ន.ស.ក. រម្លឹកអ្នកសារព័ត៌មានគប្បីយល់ថា នៅក្នុងជម្លោះលើបញ្ហាព្រំដែន បញ្ហាយោធា បញ្ហាការទូត បញ្ហាសេដ្ឋកិច្ច និងបញ្ហាសង្គមរវាងប្រទេសដែលមានជម្លោះ ព័ត៌មានមួយចំនួនត្រូវបានរដ្ឋាភិបាលនៃប្រទេស នីមួយៗរក្សាជាការសម្ងាត់។ ដូច្នេះការផ្សព្វផ្សាយព័ត៌មានត្រូវមានការប្រុងប្រយ័ត្នផ្ទៀងផ្ទាត់ និងស្វែងរក ប្រភពដែលច្បាស់លាស់។ ទន្ទឹមនឹងនេះ វ.ន.ស.ក. ស្នើរដ្ឋាភិបាលផ្តល់ព័ត៌មានបច្ចុប្បន្នភាពឱ្យបានទៀង ទាត់ ទាន់ពេលដល់អ្នកសារព័ត៌មានតាមសមត្ថកិច្ចរៀងៗខ្លួន។
៩- វ.ន.ស.ក. ស្នើដោយទទូចថា បើទោះបីជាអ្នកសារព័ត៌មាននៅក្នុងប្រទេសដែលមានជម្លោះ នឹងគ្នាមាន និន្នាការ ទស្សនៈនយោបាយ និងសាសនាខុសគ្នា ព្រមទាំងមានចិត្តស្រលាញ់ជាតិសាសន៍រៀងៗខ្លួនក៏ដោយ ក៏ត្រូវគិតឱ្យបានល្អិតល្អន់មុនផ្សាយអត្ថបទព័ត៌មានស្តីពីជម្លោះ ដើម្បីចៀសវាងការយល់ច្រឡំគ្នាកាន់តែធំ និង ពង្រីកជម្លោះកាន់តែខ្លាំងឡើង។
១០- ផ្តើមពីនោះ វ.ន.ស.ក. សូមអំពាវនាវដោយទទួចជាថ្មីទៀតដល់និពន្ធនាយក និងអ្នកកែសម្រួល អត្ថបទព័ត៌មាននៃប្រទេសមានជម្លោះជាមួយកម្ពុជាត្រូវប្រកាន់យកជំហរដូចគ្នាដើម្បីរក្សាភាពថ្លៃថ្នូរ ក្រមសីល ធម៌ និងសុខដុមរមនាសម្រាប់ប្រទេសដែលមានព្រំដែនជាប់គ្នា។
១១- វ.ន.ស.ក. ស្នើស្ថាប័ន អង្គការ សមាគមពាក់ព័ន្ធរៀបចំវេទិកា កិច្ចពិភាក្សាដើម្បីផ្តល់ឱកាសដល់ និពន្ធនាយក និងអ្នកកែសម្រួលអត្ថបទព័ត៌មាននៅកម្ពុជាបានជួបជាមួយសមភាគីនៃប្រទេសជិតខាងក៏ដូចជា នៅក្នុងតំបន់ ពិសេសប្រទេសក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឱ្យបានញឹកញាប់ទាំង ទ្វេភាគី និងពហុភាគី ដើម្បីបង្កើនការយល់គ្នាទៅវិញទៅមក និងជួយសម្រាលភាពតានតឹងក្នុងករណីដែល ប្រទេសរបស់ខ្លួនមានជម្លោះនឹងគ្នា។
១២- វ.ន.ស.ក. ក្នុងស្ថានភាពនៃជម្លោះដែលបានសម្លាប់ជីវិតមនុស្ស និងបង្ករបួសស្នាមជាបន្តបន្ទាប់ រួមទាំងជនស៊ីវិល ក្នុងនោះមានស្ត្រី កុមារ រហូតដល់អ្នកសារព័ត៌មាន យើងសូមអំពាវនាវចំពោះអ្នកសារ ព័ត៌មានអន្តរជាតិទាំងអស់ឱ្យមកយកព័ត៌មានដោយផ្ទាល់ ផ្សព្វផ្សាយព័ត៌មានពិត ត្រឹមត្រូវ មានតុល្យភាព និង មានទំនួលខុសត្រូវតាមវិជ្ជាជីវៈដើម្បីរួមចំណែកកាត់បន្ថយភាពតានតឹង និងឈានទៅបញ្ឈប់សង្គ្រាមតែម្តង។
១៣- វ.ន.ស.ក. ស្នើដល់អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន ស្ថាប័នសារព័ត៌មានគប្បីចូលរួមកសាង ឯកសាររស់ (រូបភាព រូបថត សំឡេង អត្ថបទ) ពីវិនាសកម្មសង្គមដែលបង្កឡើងដោយភាគីម្ខាងទៀតនៅ ក្នុងជម្លោះព្រំដែនរវាងប្រទេសទាំងពីរ ដើម្បីទុកជាតឹកតាងប្រវត្តិសាស្ត្រជាតិ៕ រក្សាសិទ្ធដោយ៖សុទ្ធលី







