ភ្នំពេញ ៖ ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ បានជួបពិភាក្សាការងារជាមួយ លោកជំទាវ KUNIMITSU Ayano អនុរដ្ឋមន្ត្រីការបរទេសជប៉ុន ដោយក្នុងជំនួបនេះ។
ឯកឧត្តមបានបញ្ជាក់ប្រាប់មន្រ្តីជាន់ខ្ពស់ជប៉ុន អំពីការវិវត្តចុងក្រោយ នៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ដោយសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តយ៉ាងរឹងមាំរបស់កម្ពុជា ចំពោះសន្តិភាព។
នៅក្នុងជំនួប ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងការកោតសរសើរចំពោះការគាំទ្រជាបន្តបន្ទាប់របស់ជប៉ុន និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន និងការអនុវត្តកញ្ចប់សហបង្កើតសេដ្ឋកិច្ចកម្ពុជា-ជប៉ុន។
ឯកឧត្តមឯកអគ្គរាជទូត បានគូសបញ្ជាក់អំពីអាទិភាពសំខាន់ៗសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំង ទិសដៅរួមនៃកិច្ចសន្ទនានយោបាយ ភាពជាដៃគូសេដ្ឋកិច្ច ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន កិច្ចសហប្រតិបត្តិការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។
ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈគ្នាលើការវិវឌ្ឍថ្មីៗនៃផលប្រយោជន៍ទៅវិញទៅមក និងបានគូសបញ្ជាក់អំពីសារសំខាន់នៃការរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីធានាសន្តិភាព ស្ថិរភាព និងកំណើនប្រកបដោយចីរភាពនៅក្នុងតំបន់។ លោកឯកអគ្គរាជទូត បានបង្ហាញពីការ កោតសរសើររបស់កម្ពុជាចំពោះតួនាទីប្រកបដោយន័យស្ថាបនារបស់ជប៉ុនក្នុងកិច្ចការតំបន់ និងការគាំទ្រយូរអង្វែងរបស់ជប៉ុនចំពោះការអភិវឌ្ឍរបស់កម្ពុជា។
ជំនួបនេះបានបញ្ជាក់ជាថ្មីអំពីមិត្តភាពជិតស្និទ្ធ និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងកម្ពុជានិងជប៉ុន ព្រមទាំងការប្តេជ្ញាចិត្តរួមគ្នាក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើគ្រប់វិសាលភាពនៃ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
ស្ថានឯកអគ្គរាជទូតកម្ពុជា ទន្ទឹងរង់ចាំក្នុងការបន្តការចូលរួមយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលជប៉ុន ដើម្បីជំរុញផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជាតិនិងប្រជាជនទាំងពីរ។
ឯកឧត្តមឯកអគ្គរាជទូត បានជម្រាបជូន លោកជំទាវអនុរដ្ឋមន្ត្រីជប៉ុនផងដែរ អំពីការវិវត្តចុងក្រោយ នៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ដោយសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តយ៉ាងរឹងមាំរបស់កម្ពុជា ចំពោះសន្តិភាព, ការអត់ធ្មត់ និងដំណោះស្រាយដោយសន្តិវិធីតាមរយៈកិច្ចសន្ទនា៕ រក្សាសិទ្ធដោយ៖សុទ្ធលី





