ខេត្តកំពង់ស្ពឺ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ថ្ងៃសុក្រ ១៤រោច ខែមិគសិរ ឆ្នាំ ម្សាញ់ សប្តស័ក ព.ស២៥៦៩ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១៧:១០ នាទីរសៀល មានករណីអគ្គិភ័យឆេះផ្ទះមានទំហំ ១១x១៧ មែត្រ ធ្វើអំពីថ្មដំបូលប្រក់ស័ង្កសីដែលជាកម្មសិទ្ធរបស់ម្ចាស់ផ្ទះមានឈ្មោះ តេង សំអុល ភេទ ប្រុស អាយុ ៥៦ ឆ្នាំ និងប្រពន្ធមានឈ្មោះ អៀង ស្រីមុំ ភេទ ស្រី អាយុ ៥៥ ឆ្នាំ រស់នៅភូមិព្រៃស្លឹក សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
យោងតាមសមត្ថកិច្ចនគរបាលមូលដ្ឋាន លោកវរសេនីយ៍ទោ យ័ន្ដ សង្ហារ អធិការនគរបាលក្រុងច្បារមន និងបានការបញ្ជាផ្ទាល់ភ្លាមៗ ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ អោយរថយន្ដអគ្គិភ័យគ្រប់អធិការដ្ឋាននគរបាលក្រុង/ស្រុក ស្នងការដ្ឋានត្រៀមចេញជួយអន្ដរាគមន៍ ក្នុងនោះលោកអធិការបានចូលរួមផ្ទាល់តាំងពីដំបូងកេីតហេតុការប៉ាន់ស្មានបឋម ករណីអគ្គិភ័យអាចបណ្ដាលមកការឆ្លងចរន្ដអគ្គិសនី ក្នុងផ្ទះបាយខាងក្រោយ និងឆេះរាលដាលមកដល់ផ្នែកខាងក្នុងផ្ទះដល់ទីតាំងឡចំរាញ់ប្រេងខ្លឹមច័ន្ទ និងគំនរអុសឈេីសម្រាប់ដុត ព្រមទាំងប្រេងខ្លឹមច័ន្ទដែលបានចំរាញ់រួច គណនានៃការខូចខាតរួមមាន ៖ ឆេះផ្ទះមួយខ្នងនិងសម្ភារៈក្នុងផ្ទះមួយចំនួនធំ តែមិនបណ្ដាលឱ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស សត្វ ទេ៕ រក្សាសិទ្ធដោយ៖សុទ្ធលី





