Saturday, December 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្រ្តីក្រសួងព័ត៌មាន សង្កេតឃើញសារបងប្អូនអ្នកសារព័ត៌មានភាគច្រើន គោរពបានល្អនូវស្តង់ដារសុវត្ថិភាពការពារខ្លួន ពេលចុះបំពេញភារកិច្ចយកព័ត៌មាននៅតាមទីតាំងនានា ដែលមានការប្រយុទ្ធគ្នាដូចជាពាក់អាវកាក់ និងមួកមានសញ្ញា«សារព័ត៌មាន»​ឬ«PRESS»

ភ្នំពេញ ៖ ឯកឧត្តមនេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅថ្ងៃទី២០ខែធ្នូនេះ បានថ្លែងថា ជូនបងប្អូនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ! សុវត្ថិភាពក្នុងការយកព័ត៌មានពេលសង្គ្រាមជាកិច្ចការសំខាន់បំផុតសម្រាប់អ្នកសារព័ត៌មាន។ ខ្ញុំសង្កេតឃើញសារបងប្អូនអ្នកសារព័ត៌មានភាគច្រើនគោរពបានល្អនូវស្តង់ដារសុវត្ថិភាពការពារខ្លួនពេលចុះបំពេញភារកិច្ចយកព័ត៌មាននៅតាមទីតាំងនានាដែលមានការប្រយុទ្ធគ្នាដូចជាពាក់អាវកាក់ និងមួកមានសញ្ញា«សារព័ត៌មាន»​ឬ«PRESS»។

ឯកឧត្តមនេត្រ ភក្រ្តាបានថ្លែងថា ” ខ្ញុំសូមលើកទឹកចិត្តនិងជំរុញបងប្អូនអ្នកសារព័ត៌មានប្រកាន់ខ្ជាប់នូវវិធានការនេះ។ ករណីបងប្អូនសារព័ត៌មានត្រូវការអាវកាក់​«សារព័ត៌មាន» សូមទំនាក់ទំនងមកអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ នៃក្រសួងព័ត៌មាន”។

ជាមួយគ្នានេះ ឯកឧត្តមនេត្រ ភក្រ្តា ក៏បានសង្កេតឃើញអ្នកសារព័ត៌មានមួយចំនួនមិនទាន់បំពេញនិយាមស្តង់ដារសុវត្ថិភាពនេះនៅឡើយ។ ខ្ញុំក៏សង្កេតឃើញថាបងប្អូនអ្នកសារព័ត៌មានមួយចំនួនបានប្រើប្រាស់សម្លៀកបំពាក់ ឬមួក និងសម្ភារៈមួយចំនួនដែលស្រដៀងនឹងឯកសណ្តាន និងសម្ភារៈកងទ័ព ដែលអាចបង្កើតឱ្យមានការយល់ច្រឡំ ឬធ្វើឱ្យសត្រូវឈ្លានពានគិតថាជាកងទ័ព។ ដើម្បីបញ្ជៀសនូវរាល់ហានិភ័យដែលអាចកើតឡើងក្នុងយថាហេតុណាមួយចំពោះអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ រួមនឹងបងប្អូនប្រជាពលរដ្ឋ ចៀសវាងការប្រើប្រាស់សម្លៀកបំពាក់ សម្ភារៈដែលមានពណ៌ស្រដៀងនឹងកងកម្លាំងប្រដាប់អាវុធ។

យោងតាមច្បាប់ ជនស៊ីវិលគ្រប់រូប មិនត្រូវបានអនុញ្ញាតដាច់ខាតឱ្យស្លៀកពាក់ ឬប្រើប្រាស់នូវ ឯកសណ្ឋានកងទ័ព ឯកសណ្ឋានសមត្ថកិច្ច ឬសម្លៀកបំពាក់ដែលមានលក្ខណៈស្រដៀងទៅនឹងឯកសណ្ឋានកងទ័ព ឬឯកសណ្ឋានសមត្ថកិច្ចឡើយ។ ដូច្នេះសូមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ និងសាធារណជនមេត្តាជ្រាបជាព័ត៌មាន និងអនុវត្តឱ្យម៉ត់ចត់។

រូបខាងក្រោមនេះជាពណ៌សម្លៀកបំពាក់និងសម្ភារៈដែលបងប្អូនអ្នកសារព័ត៌មានគួរប្រកាន់យក៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×