ខេត្តកំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញក្នុងពិធីសំណេះសំណាល អបអរសាទរ ទិវាអន្ដរជាតិ នៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ឆ្នាំ២០២៣ ក្រោមមូលបទ « ស្ម័គ្រចិត្ត ដើម្បីក្តីសង្ឃឹមសហគមន៍» ដែលបានប្រព្រឹត្តទៅ នា សាលប្រជុំទីស្នាក់ការអនុសាខាស្រុកស្ទឹងត្រង ដោយធ្វើឡើងនៅថ្ងៃទី២០ធ្នូ ឆ្នាំ២០២៥ ។ ជាមួយនោះមានការចូលរួមពីរនាក់ស្ម័គ្រចិត្តមកពីតាមបណ្ដាឃុំនានា ដើម្បីទទួលបានចំណេះបន្ថែមទៅអនុវត្តហើយបានទទួលជោគជ័យ។
ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានអានទាំងស្រុង នូវសារលិខិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ឆ្នាំ ២០២៥ ក្រោមមូលបទ “ពង្រឹងសមត្ថភាពនិងសាមគ្គីភាពដើម្បីភាពធន់សហគមន៍” ជូនដល់អង្គពិធីទាំងមូល ដែលក្នុងនោះ ក្នុងព្រះបរមនាម ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស, សម្តេចប្រធាន បានសម្តែងក្តីសោមនស្សរីករាយចូលរួមជាមួយអង្គការសហប្រជាជាតិនិងសហព័ន្ធអន្តរជាតិក្នុងការប្រារព្ធទិវាដ៏មានសារៈសំខាន់នេះ បង្ហាញពីបណ្ដាញអ្នកស្ម័គ្រចិត្តរបស់ចលនាអន្តរជាតិ ដែលមានវត្តមានធ្វើប្រតិបត្តិការនៅតាមសហគមន៍គ្រប់ទីកន្លែងទូទាំងពិភពលោក ។. យើងបានប្រារព្ធទិវានេះជារៀងរាល់ឆ្នាំ ជាឱកាសដ៏សំខាន់សម្រាប់ថ្លែងនូវការកោតសរសើរនិងកតញ្ញូតាធម៌ចំពោះកម្លាំងអ្នកស្ម័គ្រចិត្ត រាប់សែន លាននាក់ដែលកំពុងមមាញឹកក្នុងការលះបង់កម្លាំងកាយចិត្ត ពេលវេលាដ៏មានតម្លៃ ចូលរួមខិតខំប្រឹងប្រែងក្នុងប្រតិបត្តិការមនុស្សធម៌ ជួយដល់អ្នករងគ្រោះទាំងឡាយ ដោយសារតែការកើតមានសង្គ្រាម ជម្លោះប្រដាប់អាវុធ អំពើហិង្សា គ្រោះមហន្តរាយធម្មជាតិជំងឺឆ្លង/មិនឆ្លងនានា រួមជាមួយការបង្ហាញពីកម្លាំងពិត និង សកម្មភាពពិត នៅតាមមូលដ្ឋានរបស់អ្នកស្ម័គ្រចិត្តយើងគ្រប់ៗរូប ។
ឯកឧត្តម ប្រធានគណៈកម្មាធិការសាខា បានរំឭក អនុសាសន៍របស់សម្តេចប្រធានកាកបាទក្រហមកម្ពុជា ចំពោះ សាខា ក៏ដូចជា អនុសាខានីមួយៗ ត្រូវយកចិត្តទុកដាក់ក្នុងការកសាងសមត្ថភាពជំនាញដល់មន្ត្រីរបស់ខ្លួន ពិសេសអ្នកស្ម័គ្រចិត្ត ដែលជាប្រតិបត្តិករនៅតាមសហគមន៍ និង យុវជនកាកបាទក្រហមកម្ពុជា ដែលជាប្រតិបត្តិករ នៅតាមគ្រឹះស្ថានសិក្សានូវជំនាញសំខាន់ៗមានដូចជា វិជ្ជាសង្គ្រោះបឋម ការត្រៀមបង្ការនិងការឆ្លើយតបគ្រោះមន្តរាយ ការអប់រំថែទាំសុខភាពតាមសហគមន៍ គោលការណ៍គ្រឹះនៃតម្លៃមនុស្សធម៌ ការការពារបដិរូប ការបង្ការទប់ស្កាត់គ្រោះថ្នាក់មីន គ្រាប់បែកចង្កោម ការធ្វើយុទ្ធនាការអនាម័យបរិស្ថានស្អាតការចូលរួមទប់ស្កាត់គ្រឿងញៀន អំពើហិង្សា ដោយមានផែនការច្បាស់លាស់ មួយ និង មានកញ្ចប់ថវិកាសម្រាប់ចុះធ្វើសកម្មភាពដូចភ្លៀងរលឹម នៅតាមមូលដ្ឋាននិងគ្រឹះស្ថានសិក្សារបស់ខ្លួន នោះទើបការអនុវត្តនូវទិសស្លោក “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា – មិនទុកនរណាម្នាក់ចោល ” មានប្រសិទ្ធភាពនិង រួមចំណែកបង្ហាញពីកម្លាំងនៅមូលដ្ឋាន មាននៅគ្រប់ទីកន្លែង៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី












