ភ្នំពេញ៖ថវិកា អង្ករ ម៉ូតូ និងគ្រឿងឧបភោគ បរិភោគមួយចំនួនត្រូវបានក្រុមហ៊ុនថោនគ្រុបនិងផែស្ងួត លី ធាម ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅ ចែកជូនដល់វីរកងទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំតស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ ខណៈក្រុមទាហានថៃនៅតែបន្តឈ្លានពានលើបូរណៈភាពទឹកដីកម្ពុជាយ៉ាងគឃ្លើននោះ។ចំណែករដ្ឋបាលខណ្ឌព្រែកព្នៅមានថវិកាចំនួន៣០លានរៀលនិងសំភារៈស្បៀងអាហារគ្រប់ប្រភេទចំនួន៥ឡានបន្ថែមទៀត។
ពិធីប្រគល់និងទទួលអំណោយមនុស្សធម៌ខាងលើបានធ្វើឡើងនារសៀលថ្ងៃទី២០ ធ្នូ២០៥នេះ ក្រោមវត្តមាន ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅក្នុងបរិវេណសាលារាជធានីភ្នំពេញ។
ឯកឧត្ដម ឃួង ស្រេង បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុនថោនគ្រុបនិងផែស្ងួត លី ធាម ដែលបានឧបត្ថម ថវិកា អង្ករ ម៉ូតូនិងគ្រឿងឧបភោគ បរិភោគ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅ ចែកជូនដល់វីរៈកងទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំតស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រកបដោយ ភាពអង់អាចក្លាហាន មោះមុត ប្រឆាំងនឹងសត្រូវឈ្លានពាន ក្នុងស្មារតីស្នេហាជាតិមាតុភូមិ ព្រមទាំងបងប្អូន ប្រជាពលរដ្ឋភៀសសឹក។
ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា៖ នៅពេលប្រទេសជាតិមានសង្គ្រាមជាមួយចោរឈ្លានពានសៀម បងប្អូនប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសបានសាមគ្គីគ្នាល្អណាស់ ដោយបានជួយឧបត្ថម ជាថវិកាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់រាប់សិបមុខ ដើម្បីឧបត្ថម្ភដល់វីរៈកងទ័ពជួរមុខ និងជនភៀសសឹក។ ជាក់ស្តែងនៅពេលនេះ ក្រុមហ៊ុនថោនគ្រុប បានឧបត្ថមអង្ករចំនួន១៥តោននិងថវិកា២០លានរៀល,ផែស្ងួត លី ធាម របស់ឧកញ៉ា លី ប៊ុនឡុង ចូលរួមឧបត្ថម យឺត ចំនួន៥០០ ម៉ូតូម៉ាកវេវ ចំនួន២គ្រឿង ទឹកសុទ្ធ ចំនួន ១២០កេស និងបារី ចំនួន ១០ប៉ិច។ ទឹកចិត្តដ៏សប្បុរសនេះ ពិតជាបានរួមចំណែកលើកទឹកចិត្តដល់បងប្អូនកងកម្លាំងប្រដាប់អាវុធជួរមុខ ទាំងអស់ ដែលបានខិតខំការពារខ្សែបន្ទាត់ព្រំដែន និងការពារបូរណភាពទឹកដីឱ្យបានរឹងមាំ ដែលបានឆ្លុះ បញ្ចាំងពីខឿនការពារជាតិ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។
ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ ក៏បានសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ជឿជាក់លើការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិង សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា។
ក្រៅពីក្រុមហ៊ុនទាំង២ខាងលើ នាថ្ងៃទី២០ ធ្នូដដែលនេះ សប្បុរសជន មន្ត្រីរាជការតាមស្ថាប័នរដ្ឋ អាជ្ញាធរខណ្ឌនានា ដូចជារដ្ឋបាលខណ្ឌទួលគោក, រដ្ឋបាលខណ្ឌ
ច្បារអំពៅ ,គណៈកម្មការគ្រប់គ្រងផ្សារច្បារអំពៅជាដើមនោះក៏បានសម្រុកមកចូលរួម ចែករំលែក បរិចាកជាថវិកាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់រាប់សិបមុខ ដើម្បីឧបត្ថម្ភដល់វីរៈកងទ័ពជួរមុខ និងក្រុមគ្រួសារពលរដ្ឋជាជនភៀសសឹកផងដែរ។ សំរាប់អាជ្ញាធររាជធានីភ្នំពេញ នៅតែបន្តទទួលអំណោយពីសប្បុរសជនតទៅទៀត នៅសាលារាជធានីភ្នំពេញ៕ រក្សាសិទ្ធដោយ៖សុទ្ធលី











