ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានផ្លាស់ប្តូរយោបល់ស្ដីអំពីការពង្រឹងទំនាក់ទំនងទ្វេភាគីកម្ពុជា-រុស្ស៊ី ជាមួយ ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា ក្នុងអំឡុងពេលឯកឧត្តមឯកអគ្គរដ្ឋទូត ជួបសម្ដែងការគួរសមនៅទីស្ដីការក្រសួង។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពប្រពៃណីយូរអង្វែងរវាងកម្ពុជា និងរុស្ស៊ី ដោយកត់សម្គាល់ពីខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនៅឆ្នាំ២០២៦។ ភាគីទាំងពីរបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍ទៅវិញ
ទៅមក។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនឯកអគ្គរដ្ឋទូត Anatoly Borovik អំពីស្ថានភាពធ្ងន់ធ្ងរ នៃជម្លោះកម្ពុជា-ថៃ និងបានថ្លែងអំណរគុណដល់ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានចូលរួមរំលែកទុក្ខ ចំពោះការបាត់បង់ជីវិត និងការសម្តែងនូវសមានចិត្តអាណិតអាសូរចំពោះជនស៊ីវិលដែលរងផលប៉ះពាល់។
ភាគីទាំងពីរមានក្ដីបារម្ភដូចគ្នាលើផលប៉ះពាល់ធ្ងន់ធ្ងរនៃព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត និងបាន បដិសេធចំពោះសេចក្តីរាយការណ៍តាមប្រព័ន្ធផ្សព្វផ្សាយដែលគ្មានមូលដ្ឋាន ចោទប្រកាន់ថាពលរដ្ឋរុស្ស៊ី កំពុងបម្រើការជាទាហានស៊ីឈ្នួលនៅកម្ពុជា។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានសម្តែងការកោតសរសើរចំពោះឯកអគ្គរដ្ឋទូត Anatoly Borovik ដែលបានគាំទ្រដល់ការឈប់បាញ់ជាបន្ទាន់ និងការវិលត្រឡប់ទៅរកដំណោះស្រាយដោយសន្តិវិធី។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ស្ថានទូតសហព័ន្ធរុស្ស៊ី ដែលបានចូលរួមចំណែកក្នុងកិច្ចខិតខំ ប្រឹងប្រែងផ្តល់ជំនួយសង្គ្រោះដល់ប្រជាជនភៀសសឹកជាច្រើនគ្រួសារ តាមរយៈកាកបាទក្រហមកម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី





