ខេត្តកែប៖ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង១៧:៣០នាទី លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានដឹកនាំបញ្ជាផ្ទាល់ដល់កម្លាំងនគរបាលផែនការងារអន្តោប្រវេសន៍ ,ផែនការងារព្រហ្មទណ្ឌ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងកែប ចុះស្រាវជ្រាវបង្ក្រាបករណី កាន់កាប់ រក្សាទុក និង ប្រើប្រាស់អាវុធខ្លីដោយគ្មានការអនុញ្ញាត នៅចំណុចផ្ទះជួល ស្ថិតនៅភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប ខេត្តកែប។
ករណីនេះបង្កឡើងដោយជនជាតិចិនឈ្មោះ FEI YICHAO ភេទប្រុស អាយុ៣០ឆ្នាំ កាន់លិខិតឆ្លងដែនលេខ EJ6458756 មុខរបរអ្នកបើកបររថយន្ត ស្នាក់នៅផ្ទះជួល ស្ថិតនៅភូមិ សង្កាត់កើតហេតុខាងលើ ដែលបានធ្វើសកម្មភាពយកអាវុធខ្លីម៉ាក COONAN លេខ357 ពណ៌ទឹកប្រាក់ ស្ដាប់ដៃពណ៌ខ្មៅ បាញ់សំដៅឡើងលើ ចំនួន ៦ គ្រាប់ នៅដីឡូតិ៍មួយកន្លែងចម្ងាយប្រមាណ ៨០០ម៉ែត្រ ពីទីតាំងផ្ទះជួលដែលខ្លួនស្នាក់នៅ។
ក្រោយទទួលបានបទបញ្ជាកម្លាំងសមត្ថកិច្ចយើងបានចុះទៅដល់កន្លែងកើតហេតុ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក អ៊ូច ពិសាល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកែប កម្លាំងនគរបាលយើងបានធ្វើការឃាត់ខ្លួនជនជាតិចិនចំនួន១នាក់ ឈ្មោះ FEI YICHAO និងបានធ្វើកំណត់ហេតុឆែកឆេផ្ទះជួលខាងលើ ដោយរកឃើញអាវុធខ្លីសរុបចំនួន៤ដើម សំបកគ្រាប់បាញ់ហើយចំនួន៣៥គ្រាប់ និងមិនទាន់បាញ់ចំនួន១៧៩គ្រាប់ រួចឃាត់ខ្លួនបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្ត និងស្នើសុំគោលការណ៍ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីចាប់បណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី



