ព្រៃវែង ៖ នាព្រឹកថ្ងៃអាទិត្យ ២កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឡាំ ជា រដ្ឋមន្រ្ដីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រៃវែងបានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ ចែកសម្ភារៈ ព្រមទាំងថវិកា ដែលគិតជាទឹកប្រាក់សរុបចំនួន ៤៣,៦៥០,០០០ រៀល ចែកជូនបងប្អូនជនភៀសសឹកកម្ពុជា ដែលបានវិលត្រលប់ចូលមូលដ្ឋានវិញ សរុបចំនួន២៣៥នាក់ ស្ថិតក្នុងភូមិសាស្រ្តក្រុងព្រៃវែង ខេត្តព្រៃវែង។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខវីរៈយុទ្ធជនជួរមុខដែលបានរងរបួសនៅក្នុងការប្រយុទ្ធតតាំងជាមួយខ្មាំងសត្រូវឈ្លានពានថៃ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។
ពិធីសំណេះសំណាលនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រៃវែង លោក លោកស្រី សមាជិកក្រុមប្រឹក្សាក្រុង លោក លោកស្រីនៃគណៈអភិបាលក្រុង និងលោក លោក លោកស្រីមន្រ្ដីរាជការក្នុងមូលដ្ឋានក្រុងព្រៃវែង។
មុនពិធីសំណេះសំណាលសួរសុខទុក្ខ ឯកឧត្ដមរដ្ឋមន្ត្រី និងអង្គពិធីបានគោរពស្មិងស្មាធិ៍រយៈពេល៣០វិនាទីដើម្បីសម្តែងការដឹងគុណដ៏ជ្រាលជ្រៅបំផុត និងដើម្បីឧទ្ទិសជូនដល់វិញ្ញាណន្ធក្ខវីរៈយុទ្ធជន វីរៈនគរបាលកម្ពុជា ដែលបានប្ដូរផ្ដាច់ពលីជីវិតនៅក្នុងសមរភូមិប្រឆាំងនឹងការឈ្លានពានរបស់កងកម្លាំងយោធាថៃរំលោភលើអធិបតេយ្យនិងបូរណភាពដែនដី ការពារប្រជាជន និងការពារអនាគតកម្ពុជា និងប្រជាពលរដ្ឋស្លូតត្រង់កម្ពុជា ដែលបានស្លាប់យ៉ាងអាណោចអាធ័មដោយសារការវាយប្រហារយ៉ាងឃោរឃៅរអមនុស្សធម៌ពីកងកម្លាំងឈ្លានពានថៃ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្ដី បានពាំនាំសារផ្តាំផ្ញើសួរសុខទុក្ខ និងការយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់បងប្អូនជនភៀសសឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ដព្រៃវែង ជូនចំពោះបងប្អូនជនភៀសសឹកព្រមទាំងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារការឈ្លានពានរបស់កងកម្លាំងយោធាថៃរំលោភលើដែនអធិបតេយ្យរបស់កម្ពុជា។
ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវដល់លោកតា លោកយាយ អ៊ំ ពូមីង បងប្អូន កូនក្មួយ និងជនរួមជាតិទាំងអស់ សូមជឿជាក់លើថ្នាក់ដឹកនាំ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសជិតខាងនិងសូមចូលរួមយ៉ាងក្លៀវក្លាសាមគ្គីជាធ្លុងមួយក្នុងការពង្រឹងការពារ ថែរក្សាឱ្យបាននូវសុខសន្ថិភាព សាមគ្គីភាព អធិបតេយ្យជាតិបូរណភាពទឹកដី ឱ្យស្ថិតស្ថេរគង់វង្សជាដរាបតរៀងទៅ៕ រក្សាសិទ្ធដោយ៖សុទ្ធលី




















