Tuesday, December 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមអូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ស្តីពីការពិនិត្យលើការ រៀបចំឯកសារគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និង លំនៅឋានតម្លៃសមរម្យ

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) បានដឹកនាំកិច្ចប្រជុំ គ.ស.ហ. ដើម្បីពិនិត្យ និងពិភាក្សាលើការរៀបចំនិងកែសម្រួលសេចក្តីព្រាង «គោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និង លំនៅឋានតម្លៃសមរម្យ» ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី លោកជំទាវអគ្គទេសាភិបាល និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួង-ស្ថាប័នពាក់ព័ន្ធ, នាព្រឹកថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២៥, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ជា “គោលនយោបាយថ្មី” ដែលជាការធ្វើបច្ចុប្បន្នកម្មជំនួសឱ្យ “គោលនយោបាយស្តីពីការលើកទឹក ចិត្ត និងការបង្កើតកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ ឆ្នាំ ២០១៧”, “គោលនយោបាយ អភិវឌ្ឍន៍លំនៅឋានសង្គម និង លំនៅឋានតម្លៃសមរម្យ” ត្រូវបានរៀបចំឡើងក្នុងគោលដៅជំរុញដល់ការ អនុវត្តគោលនយោបាយជាតិ ស្ដីពីលំនៅឋានៈ ឆ្នាំ ២០១៤ និង ធានានិរន្តភាព ក្នុងការដោះស្រាយបញ្ហា ប្រឈមក្នុងវិស័យលំនៅឋាន ឱ្យកាន់តែមានប្រសិទ្ធភាព និង ស័ក្តិសិទ្ធភាព ដើម្បីចូលរួមចំណែកលើកកម្ពស់ សុខុមាលភាពរបស់ប្រជាជន ។ “គោលនយោបាយថ្មី” នេះ មានគោលបំណង៖ ១, ផ្គត់ផ្គង់លំនៅឋាន សង្គម និងលំនៅឋានតម្លៃសមរម្យកម្មសិទ្ធិ ប្រកបដោយគុណភាព សុវត្ថិភាព និងមានការតភ្ជាប់ដល់ប្រជាជន ដែលមានចំណូលកម្រិតទាប មធ្យម និង ក្រុមងាយរងគ្រោះ និងបំពេញបន្ថែមនូវលំនៅឋានតម្លៃសមរម្យ សម្រាប់ជួល ដោយផ្អែកតាមការសិក្សាលើតម្រូវការជាក់ស្ដែងរបស់សិស្ស និស្សិត កម្មករនិយោជិត; និង អ្នកធ្វើចំណាកស្រុក និង ២. ជំរុញការអភិវឌ្ឍនគរូបនីយកម្ម ។
ដើម្បីសម្រេចគោលបំណងខាងលើ, “សេចក្តីព្រាងគោលនយោបាយ” នេះបានបញ្ចូលនូវទិដ្ឋភាព ថ្មី ចំនួន ៤ ដែលមានលក្ខណៈខុសប្លែកពីគោលនយោបាយ ឆ្នាំ ២០១៧ រួមមាន៖

១. ការដាក់បញ្ចូលប្រភេទលំនៅឋានសង្គម និង លំនៅឋានតម្លៃសមរម្យសម្រាប់ជួល តាមរយៈ ការលើកកម្ពស់ការចូលរួមពីរាជរដ្ឋាភិបាល, អង្គការមិនមែនរដ្ឋាភិបាល, ដៃគូអភិវឌ្ឍ, និង វិស័យឯកជន; ២. ការបន្ថែមជម្រើសហិរញ្ញប្បទាន និង យន្តការក្នុងការអភិវឌ្ឍលំនៅឋានសង្គម, លំនៅឋានតម្ល សមរម្យកម្មសិទ្ធិ, និង លំនៅឋានតម្លៃសមរម្យសម្រាប់ជួល;
៣. ការកែតម្រូវ និង ធ្វើបច្ចុប្បន្នភាពលក្ខខណ្ឌវិនិច្ឆ័យសំណើគម្រោង និង អតិថិជនគោលដៅ សម្រាប់ប្រភេទលំនៅឋាននីមួយៗឱ្យសមស្របតាមបរិបទសង្គម-សេដ្ឋកិច្ច; និង
៤. ការកែសម្រួលនីតិវិធីនៃការដាក់ស្នើគម្រោង ដើម្បីធានាភាពងាយស្រួលនៃការអនុវត្តគម្រោង ។
ទន្ទឹមនេះ, ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការអនុវត្តគោលនយោបាយថ្មី និង ជំរុញការអភិវឌ្ឍ លំនៅឋានសង្គម និង លំនៅឋានតម្លៃសមរម្យ (កម្មសិទ្ធិ និង ជួល), “គោលនយោបាយថ្មី” នេះ ក៏បានកំណត់ ផែនការសកម្មភាពក្នុងរយៈពេលខ្លី; មធ្យម; និង វែង ដែលមានភាពគ្រប់ជ្រុងជ្រោយ និង អាចអនុវត្តបាន ។
ជាលទ្ធផល, អង្គប្រជុំ បានពិភាក្សា និងកែសម្រួលលើចំណុចគន្លឹះមួយចំនួន និង បានស្នើឱ្យ ក្រុមការងារពិនិត្យបន្ថែមលើការប្រើប្រាស់ពាក្យពេជន៍ក្នុងផ្នែកខ្លះរបស់ឯកសារ ដើម្បីឱ្យមានសង្គតិភាព និង មានភាពគ្រប់ជ្រុងជ្រោយ ព្រមទាំងបានវាយតម្លៃខ្ពស់ ចំពោះការរៀបចំសេចក្តីព្រាងឯកសារ «គោល នយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និង លំនៅឋានតម្លៃសមរម្យ» នេះ។
ជាចុងបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី បានថ្លែង អំណរគុណចំពោះការចូលរួម និង កិច្ចសហការក្នុងការផ្ដល់យោបល់កែលម្អជាបន្តបន្ទាប់ពីគ្រប់ក្រសួង ស្ថាប័ន ពាក់ព័ន្ធ ជាពិសេស គណៈកម្មាធិការអន្តរក្រសួងសម្រាប់គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ ដែល បានខិតខំដឹកនាំធ្វើការសិក្សា និងកែសម្រួលនាពេលកន្លងមក ដែលធ្វើឱ្យសេចក្តីព្រាងនៃឯកសារ “គោល នយោបាយថ្មី” នេះកាន់តែមានភាពច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ដើម្បីដាក់ជូនរាជរដ្ឋាភិបាល ពិនិត្យ និង អនុម័តនាពេលឆាប់ៗខាងមុខ ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×