Tuesday, December 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន បានសម្តែងនូវសេចក្ដីសង្ឃឹមថា ភាគីទាំងពីរនឹងបន្តការប្ដេជ្ញាចិត្តឡើងវិញ ដើម្បីអនុវត្តកិច្ចព្រមព្រៀងទាំងនេះឱ្យបានពេញលេញ ដោយស្មោះត្រង់ និងដោយសុទ្ធចិត្ត

ភ្នំពេញ ៖ ក្រសួងការបរទស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥បានចេញសេចក្តីប្រកាសព័ត៌មានលទ្ធផលនៃកិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុងគូឡាឡាំពួ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥។

១. ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញ ចូលរួមកិច្ចប្រជុំពិសេសនៃរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីអំពីបច្ចុប្បន្នភាពស្ថានការណ៍កម្ពុជា-ថ នៅទីក្រុងគូឡាឡាំពួ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងតាមការឯកភាព របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី កម្ពុជា និងថៃ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥។ ក្រុមអ្នកសង្កេតការណ៍ អាស៊ាន (AOT) ក៏បានចូលរួមធ្វើសេចក្ដីរាយការណ៍ស្របតាមអាណត្តិរបស់ខ្លួនផងដែរ។

២. ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ ឯកឧត្តម ប្រាក់ សុខុន បានសម្តែងការសោកស្តាយដែលស្ថិរភាពដ៏ ផុយស្រួយត្រូវបានបំផ្លាញដោយសារផ្ទុះការប្រយុទ្ធគ្នាឡើងវិញ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបាន ជម្រាបជូនអង្គប្រជុំថា ក្នុងនាមជាប្រទេសមួយដែលផ្តល់តម្លៃខ្ពស់បំផុតដល់សន្តិភាព កម្ពុជាបានធ្វើ គ្រប់បែបយ៉ាងអស់ពីលទ្ធភាព ដើម្បីឱ្យមានការអនុវត្តពេញលេញ និងការថែរក្សានូវបទឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក៏ដូចជាសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ចំពោះបទឈប់បាញ់ ព្រមទាំងវិធាននានាដើម្បីបន្ធូរបន្ថយភាពតានតឹង និងកសាងទំនុកចិត្ត ដូច មានចែងក្នុងសេចក្ដីថ្លែងការណ៍រួម។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានសម្តែងនូវសេចក្ដីសង្ឃឹមថា ភាគីទាំងពីរនឹងបន្តការប្ដេជ្ញាចិត្តឡើងវិញ ដើម្បីអនុវត្តកិច្ចព្រមព្រៀងទាំងនេះឱ្យបានពេញលេញ ដោយស្មោះត្រង់ និងដោយសុទ្ធចិត្ត។

៣. ឯកឧត្តម ប្រាក់ សុខុន បញ្ជាក់ជាថ្មីឡើងវិញថា ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងពិតប្រាកដចំពោះបទ ឈប់បាញ់ដែលបានឯកភាពគ្នា កម្ពុជាបានអត់ធ្មត់ចៀសវាងមិនធ្វើការឆ្លើយតបអស់រយៈពេលជាង ២៤ ម៉ោង ក្រោយពីបានរងនូវការវាយប្រហារ នាថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២៥។ ឯកឧត្តមឧបនាយករដ្ឋមន្តី បានរំឭកអំពីការខកចិត្តចំពោះបរាជ័យ មិនអាចសម្រេចបាននូវបទឈប់បាញ់តាមការស្នើឡើងដោយ ឯកឧត្តមនាយករដ្ឋមន្ត្រី ដាតូ សិរិ អាន់វ៉ា អ៊ីប្រាហ៊ីម នៅថ្ងៃទី៩ ទី១១ និងទី១៣ ខែ ឆ្នាំ២០២៥ និងដោយឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ដែលកម្ពុជាបានន ទទួលយកដោយមិនស្ទាក់ស្ទើ ហើយមិនត្រឹមតែប៉ុណ្ណោះ ថែមទាំងបានអំពាវនាវសុំឱ្យប្រទេសម៉ាឡេស៊ី និងសហរដ្ឋអាម៉េរិកប្រើប្រាស់មធ្យោបាយ រួមទាំងសមត្ថភាពផ្កាយរណប ដើម្បីជួយត្រួត ពិនិត្យ និងផ្ទៀងផ្ទាត់នូវការអនុលោមតាមបទឈប់បាញ់។

៤. ឯកឧត្តម ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា គោលបំណងចម្បងរបស់កម្ពុជា គឺការបញ្ចប់នូវទុក្ខវេទនា របស់ប្រជាជន ទប់ស្កាត់ការបំផ្លិចបំផ្លាញបន្ថែមទៀត និងបន្តដើរលើមាគ៌ាឆ្ពោះទៅរកសន្តិភាព ដំណោះស្រាយប្រកបដោយយុត្តិធម៌ និងចីរកាល។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ជាថ្មីអំពី សារៈសំខាន់នៃការរក្សាភាពជឿជាក់ទៅលើអាស៊ាន ក្នុងនាមជាអង្គការតំបន់មួយដែលសម្រេចបាន ជោគជ័យបំផុតលើពិភពលោក ដោយមានសមត្ថភាពអាចជួយរដ្ឋសមាជិករបស់ខ្លួន ដោះស្រាយជម្លោះ ដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ រួមទាំងកាបដិសេធចំពោះការគំរាមកំហែង ឬ ការប្រើ ប្រាស់កម្លាំង។

៥. ឯកឧត្តម ប្រាក់ សុខុន បានគូសបញ្ជាក់អំពីវឌ្ឍនភាពដែលសម្រេចបានស្របតាមសេចក្តីថ្លែងការណ៍រួម ទីក្រុងគូឡាឡាំពួ ជាពិសេសពាក់ព័ន្ធនឹងការដកអាវុធធុនធ្ងន់ចេញពីព្រំដែន ការដោះមីនមនុស្សធម៌ និងការងារខ័ណ្ឌសីមាព្រំដែន
ក្រោមក្របខ័ណ្ឌគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែននៃប្រទេសទាំងពីរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានស្នើសុំរដ្ឋសមាជិកអាស៊ានឯទៀត ធ្វើការជំរុញនិងគាំទ្រវិធានការដូចខាងក្រោម៖
•ការបញ្ឈប់ជាបន្ទាន់នូវអរិភាពទាំងអស់ដោយភាគីទាំងពីរ ចាប់ផ្តើមពីម៉ោង ២២:០០ ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងការគោរព និងអនុវត្តពេញលេញចំពោះកិច្ចព្រមព្រៀងឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀតដែលសម្រេចបានក្រោមក្របខ័ណ្ឌនេះ។ ការកែសម្រួលកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរទៅកាន់ទីតាំងដើម ដូចមុនពេលផ្ទុះ ឡើងនៃអរិភាព និងការវិលត្រឡប់ទៅកាន់ផ្ទះសម្បែង បន្តជីវភាពដូចមុនពេលផ្ទុះជម្លោះ របស់ប្រជាជនជនស៊ីវិលរស់នៅតំបន់ព្រំដែនដែលរងផលប៉ះពាល់ ប្រកបដោយសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងគ្មានការរារាំង។

ការដោះស្រាយជម្លោះ រួមទាំងការកំណត់ខ័ណ្ឌសីមាព្រំដែន តែតាមរយៈមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន សន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ព្រមទាំងសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែល មានស្រាប់រវាងកម្ពុជា និងថៃ រួមទាំងការបន្តអនុវត្តឡើងវិញជាបន្ទាន់នូវសេចក្តីថ្លែងការណ៍រួម ទីក្រុងគូឡាឡាំពួ។

៦. ឯកឧត្តម ប្រាក់ សុខុន បានបញ្ចប់សេចក្ដីថ្លែងការណ៍ ដោយគូសបញ្ជាក់អំពីការចាំបាច់ផ្នែកមនុស្សធម៌ ត្រូវមានការដោះលែងដោយគ្មានបង្អែរបង្អង់ និងឥតលក្ខខណ្ឌនូវយោធិនកម្ពុជាទាំង ១៨ នាក់ ដែល កំពុងបន្តស្ថិតក្នុងការឃុំឃាំង។

៧. កិច្ចប្រជុំបានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សកម្ម និងការបន្តចូលរួមចំណែករបស់ប្រទេសម៉ាឡេស៊ី សហរដ្ឋអាម៉េរិក និងប្រទេសចិន ក្នុងការជំរុញដំណោះស្រាយដោយសន្តិវិធីសម្រាប់ចំពោះម្ល ដែលកំពុងបន្តវិវត្តទៅមុខ ហើយក៏បានជំរុញឱ្យភាគីទាំងពីរវិលត្រឡប់ទៅរកការអនុវត្តភ្លាមៗ ចេញ លេញ និងប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ(GBC) នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២៥។

៨. កិច្ចប្រជុំបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃចំនួនអ្នកស្លាប់ និងរបួស ការខូច ខាតដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងប្រជាជនភៀសសឹកទាំងសងខាងព្រំដែន បណ្ដាលមកពី ជម្លោះកាន់តែធ្ងន់ធ្ងរ និងបានអំពាវនាវឱ្យប្រទេសទាំងពីរវិលត្រឡប់ទៅរកការសន្ទនា រួមទាំងតាមរយៈ យន្តការទ្វេភាគី និងការសម្របសម្រួលរបស់ប្រធានអាស៊ាន។ កិច្ចប្រជុំបានសង្កត់ធ្ងន់ថា ជនស៊ីវិល ដែលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់ គួរតែត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះ សម្បែងវិញដោយសុវត្ថិភាព ហើយទីតាំងសាសនា និងបេតិកភណ្ឌវប្បធម៌ត្រូវតែទទួលបាននូវការ ការពារមិនឱ្យរងការវាយប្រហារដោយអាវុធឡើយ។

៩. ជាមួយនឹងការបញ្ជាក់អំពីសារៈសំខាន់នៃឯកភាព និងសាមគ្គីភាពអាស៊ាន ក៏ដូចជាមជ្ឈភាពអាស៊ាន ក្នុងការធានាសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់ កិច្ចប្រជុំបានជំរុញឱ្យភាគីទាំងពីរ គោរពគោលការណ៍នៃច្បាប់អន្តរជាតិ សន្តិសហវិជ្ជមាន និងកិច្ចសហប្រតិបត្តិការពហុភាគី ក្នុងការ ស្វែងរកដំណោះស្រាយប្រកបដោយយុត្តិធម៌ និងចីរកាលចំពោះស្ថានការណ៍បច្ចុប្បន្ន។

១០. កិច្ចប្រជុំបានបញ្ចប់ដោយការចេញសេចក្ដីប្រកាសរបស់ប្រធានអាស៊ាន ស្តីពីលទ្ធផលនៃកិច្ចពិភាក្សា របស់រដ្ឋមន្ត្រីទាំងអស់ ដែលកំណត់នូវបរិយាកាសសម្រាប់បន្តកិច្ចប្រឹងប្រែងបន្ថែមទៀត ដើម្បីធានា បាននូវបទឈប់បាញ់ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ ព្រមទាំងការប្តេជ្ញាចិត្តដោយស្មោះត្រង់ចំពោះ មាគ៌ានៃការកាត់បន្ថយភាពតានតឹង ការកសាងទំនុកចិត្ត និងការស្វែងរកសន្តិភាពចីរកាល៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×