Tuesday, December 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន និងអភិបាលខេត្តកំពង់ចាម អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកវរសេនីយ៍ឯក ស៊ុន សំបូរ វីរកងទ័ពដែលបានពលីជីវិតដោយក្រុមចោរឈ្លានពានទ័ពសៀម

ខេត្តកំពង់ចាម៖ ក្រោមការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ឯក ស៊ុន សំបូរ នាយរងការិយាល័យអភិវឌ្ឍន៍ កងពលធំអន្តរាគមន៍ លេខ៣ វីរកងទ័ព លោកបានពលីជីវិតកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ក្នុងបុព្វហេតុការពារបូរណភាពទឹកដី ពីចោរឈ្លានពានសៀម ក្នុងភូមិសាស្ត្រនៅចំណុចប្រាសាទព្រះវិហារ។ ពិធីគោរពវិញ្ញាណក្ខន្ធសពនេះ រៀបចំធ្វើឡើងនាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតនៅភូមិស្រែប្រាំង ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម ជាមួយនោះមានការចូលរួមពីសហការីជាច្រើននាក់ទៀតផងដែរ។

នាឱកាសដ៏សោកសង្រេងនិងក្តុកក្តួលបំផុតនេះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ក៏បានពាំនាំមកនូវការចូលរួមមរណៈទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះការលះបង់អាយុជីវិតរបស់សព លោកវរសេនីយ៍ឯក ស៊ុន សំបូរ ក្នុងការការពារបូរណភាពទឹកដីជូនជាតិខេមរា។

ឯកឧត្តមសន្តិបណ្ឌិត បានណែនាំដល់ រដ្ឋបាលខេត្តកំពង់ចាម អាជ្ញាធរស្រុក ចំការលើ អាជ្ញាធរមូលដ្ឋាន យកចិត្តទុកដាក់ ជួយ រៀបចំពិធីបុណ្យសពជូនចំពោះ លោកវរសេនីយ៍ឯក ស៊ុន សំបូរ ទៅតាមប្រពៃណីខ្មែរ ទាំងបុណ្យ ៧ថ្ងៃនិងបុណ្យ១០០ថ្ងៃ ហើយ ក្នុងនាមរាជរដ្ឋាភិបាល ក៏បានសូមថ្លែងអំណរគុណដល់ស្ថាប័ន ធនាគារ ដែលបានសម្រេចលុបចោលបំណុលទាំងស្រុង ជូនដល់ យោធិនពលី។

នាឱកាសនោះ ឯកឧត្តមសន្តិបណ្ឌិត បានបង្ហាញនូវសេចក្ដីក្ដុកក្ដួលរំជួលចិត្តឥតឧបមា ចូលរួមរំលែកមរណៈទុក្ខដ៏ក្រៀមក្រំបំផុតជាមួយលោកស្រី ឈិត សុខចាន់ ត្រូវជាភរិយារបស់ លោកវរសេនីយ៍ឯក ស៊ុន សំបូរ ព្រមទាំងក្រុមគ្រួសារ និងបានមានប្រសាសន៍សង្កត់ធ្ងន់ លោកវរសេនីយ៍ឯក ស៊ុន សំបូរ ជាវីរជនដ៏អង់អាចរបស់ជាតិ ក្នុងចំណោមវីរជនឆ្នើមដ៏អស្ចារ្យជាច្រើនរូបទៀត ដែលបានតស៊ូប្រយុទ្ធជាមួយសត្រូវដ៏សាមាន្យ ប្រកបដោយភាពអង់អាចក្លាហាន ហ៊ានបូជាសាច់ស្រស់ ឈាមស្រស់ ធ្វើពលិកម្មដើម្បីបុព្វហេតុជាតិនិងប្រជាជនកម្ពុជា។

ឯកឧត្តមសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ទៀតថា ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការស៊ីវិល កងកម្លាំង បងប្អូនប្រជាពលរដ្ឋ និងនិយាយជារួម ជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ចងចាំជាអមតៈនូវគុណបំណាច់នៃពលិកម្មដ៏ធំធេងឥតគណនាបានរបស់ លោកវរសេនីយ៍ឯក ស៊ុន សំបូរ រួមទាំងយុទ្ធជនពលីដ៏អង់អាចផ្សេងទៀតរបស់ជាតិ ព្រមទាំងបានប្ដេជ្ញាចិត្តបន្តរួបរួមកម្លាំងមហាសាមគ្គីជាតិ គាំទ្ររាជរដ្ឋាភិបាល បន្តការពារបូណភាពទឹកដី និងអធិបតេយ្យភាពជាតិ ឱ្យបានជាដាច់ខាត៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×