ភ្នំពេញ ៖ ឯកឧត្តមឱសថការី ឈី ហុង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា នៅកម្ពុជា អត្តឃាតនៅតែជាបញ្ហាដ៏រសើប និងតម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ជាពិសេសក្នុងបរិបទនៃការផ្សព្វផ្សាយព័ត៌មាន ការបណ្តុះបណ្តាលជាក់លាក់ដល់អ្នកប្រកបវិជ្ជាជីវសារព័ត៌មានអំពីរបៀប រាយការណ៍ប្រកបដោយក្រមសីលធម៌ ការទទួលខុសត្រូវខ្ពស់នៃករណ៏ធ្វើអត្តឃាត និងសុវត្ថិភាព គឺជាតម្រូវ ការចាំបាច់។
ឯកឧត្តមឱសថការី ឈី ហុង បានថ្លែងបែបនេះ នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការរាយការណ៍ព័ត៌មានអត្តឃាត ដោយមានការទទួលខុសត្រូវសម្រាប់អ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាន ប្រព្រឹត្តទៅម៉ោង ៨:៣០នាទី នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ។
អង្គការសុខភាពពិភពលោក បានបញ្ជាក់ថា អត្តឃាតជាមូលហេតុនាំមុខមួយនៃការស្លាប់នៅលើពិភព លោក ដោយរៀងរាល់ប្រហែល ៤០ វិនាទី មានមនុស្សម្នាក់បាត់បង់ជីវិត ដោយសារអត្តឃាត។ ស្ថានភាពនេះ បង្ហាញយ៉ាងច្បាស់ថា បញ្ហាអត្តឃាត មិនមែនជាបញ្ហាបុគ្គលតែមួយទេ ប៉ុន្តែជាបញ្ហាសង្គម ដែលតម្រូវឱ្យមាន ការឆ្លើយតបដោយកិច្ចសហការពហុវិស័យ។
ឯកឧត្តមឱសថការីរដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថា នៅកម្ពុជា អត្តឃាតនៅតែជាបញ្ហាដ៏រសើប និងតម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ជាពិសេសក្នុង បរិបទនៃការផ្សព្វផ្សាយព័ត៌មាន ការបណ្តុះបណ្តាលជាក់លាក់ដល់អ្នកប្រកបវិជ្ជាជីវសារព័ត៌មានអំពីរបៀប រាយការណ៍ប្រកបដោយក្រមសីលធម៌ ការទទួលខុសត្រូវខ្ពស់នៃករណ៏ធ្វើអត្តឃាត និងសុវត្ថិភាព គឺជាតម្រូវ ការចាំបាច់។ វិស័យព័ត៌មាន និងអ្នកសារព័ត៌មាន មានតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មាន ត្រឹមត្រូវ ប្រកបដោយមានការទទួលខុសត្រូវ ការលើកកម្ពស់ការយល់ដឹងអំពីសុខភាពផ្លូវចិត្ត និងការនាំផ្លូវសាធារណជនឱ្យ ស្វែងរកសេវាជំនួយឱ្យបានសមស្រប។
ភស្តុតាងជាសកលបានបង្ហាញយ៉ាងច្បាស់ថា ការផ្សាយព័ត៌មានអត្តឃាតដោយធ្វើឱ្យមានការចាប់ អារម្មណ៍ខ្លាំង ការបរិយាយលម្អិតពីវិធីសាស្ត្រ ឬការប្រើភាសាមិនសមរម្យ អាចនាំឱ្យកើតមានការធ្វើអត្តឃាតជា បន្តបន្ទាប់។ ផ្ទុយទៅវិញ ការរាយការណ៍ព័ត៌មានប្រកបដោយសីលធម៌ មនុស្សធម៌ និងគោរពតាមភស្តុតាង អាចរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយការមាក់ងាយ លើកទឹកចិត្តឱ្យប្រជាពលរដ្ឋស្វែងរកជំនួយ និង ការពារអាយុជីវិតមនុស្ស។
ឯកឧត្តមឱសថការី បានថ្លែងលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ ចូលរួមស្តាប់ ចូលរួមពិភាក្សា និងចែករំលែកបទពិសោធន៍ ល្អៗប្រកបដោយស្មារតីបើកចំហ ដើម្បីឱ្យចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្ដាលនេះ អាចយកទៅ អនុវត្តជាក់ស្ដែង ក្នុងការងារផ្សព្វផ្សាយព័ត៌មានប្រចាំថ្ងៃពាក់ព័ន្ធនឹងការធ្វើអត្តឃាត ដោយមានការទទួលខុសត្រូវ និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។
ក្រសួងសុខាភិបាល នឹងបន្តសហការជាមួយ ក្រសួងព័ត៌មាន និងដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីលើក កម្ពស់សុខភាពផ្លូវចិត្ត កាត់បន្ថយហានិភ័យនៃការធ្វើអត្តឃាត និងការពារអាយុជីវិតប្រជាពលរដ្ឋកម្ពុជា។
ក្នុងនាមតំណាង ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមឱសថការី សូមឱ្យនាយកដ្ឋាន សុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន បន្តកិច្ចសហការជាមួយអង្គភាពជំនាញនៃក្រសួងព័ត៌មាន និង អង្គការសុខភាពពិភពលោកដើម្បី៖
(១) រៀបចំគោលការណ៍រាយការណ៍ប្រកបដោយការទទួលខុសត្រូវពាក់ព័ន្ធនឹងការធ្វើអត្តឃាតសម្រាប់ អ្នកសារព័ត៌មាន រួមទាំងអ្នកដែលមានឥទ្ធិពលក្នុងបណ្ដាញសង្គម។
(២) ផ្ដល់ការបណ្តុះបណ្តាលបន្តស្តីពីរាយការណ៍ប្រកបដោយការទទួលខុសត្រូវ ពាក់ព័ន្ធនឹងការធ្វើ អត្តឃាត ដល់អ្នកសារព័ត៌មាន រួមទាំងអ្នកដែលមានឥទ្ធិពលក្នុងបណ្ដាញសង្គម ដើម្បីឱ្យការរាយការណ៍ មានការទទួលខុសត្រូវ និងប្រកបដោយក្រមសីលធម៌។
(៣) ផ្តល់ការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពបន្ថែមដល់អ្នកសារព័ត៌មាន រួមទាំងអ្នកដែលមានឥទ្ធិពល ក្នុងបណ្តាញសង្គម ដើម្បីឱ្យគាត់អាចចូលរួមក្នុងការផ្តល់ប្រឹក្សាជាបឋម និងបញ្ចូនទៅកាន់សេវាសមស្រប៕ រក្សាសិទ្ធដោយ៖សុទ្ធលី







