ខេត្តកំពង់ចាម:”ប្រជាជនដែលបានភៀសសឹកគិតរហូតមកដល់ពេលនេះបានកើនឡើងដល់ជាងកន្លះលានអ្នកហើយដោយសារតែបញ្ហាសង្គ្រាមបង្កឡើងដោយកងទ័ពសៀមមកលើបូរណភាពទឹកដីកម្ពុជាបណ្ដាលហើយប្រជាពលរដ្ឋជាង២០នាក់ស្លាប់និងជាង ៨០នាក់បានរងរបួស”។នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមអ៊ុនចាន់ដា អភិបាលខេត្តក្នុងឱកាសផ្ដល់ស្បៀងជូនជនភៀសសឹកហ្នឹងគ្រួសារវីរកងទ័ពចំនួន៣១៩ គ្រួសារ ដោយធ្វើឡើងក្នុងបរិវេណវត្តមហាលាភ ក្នុងឃុំមហាលាភ ស្រុកកោះសូទិន នាព្រឹកថ្ងៃទី២៤ធ្នូ ឆ្នាំ២០២៥។
ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍លើកឡើងថា: កន្លងមកក្រុមការងារបានផ្ដល់ស្បៀងជូនដល់ជនភៀសសឹកមានជាង២០០គ្រួសារម្ដងរួចមកហើយ ដោយសារតែភ្លើងសង្គ្រាមបង្កឡើងដោយទ័ពសៀមនោះបានអូសបន្លាយជាច្រើនថ្ងៃធ្វើឲ្យជនភៀសសឹកបានកើនដល់ជាង៣០០ គ្រួសារនៅក្នុងស្រុកកោះសូទិន។ ដោយឡែកនៅល្ងាចថ្ងៃទី២៣ធ្នូគឺមានប្រាំបីគ្រួសារ ដែលទើបនឹងមកដល់ ហើយអាជ្ញាធរមូលដ្ឋាននិងរៀបចំស្បៀងជូនពួកគាត់ធ្វើយ៉ាងណាឱ្យប្រជាជនមានភាពកក់ក្តៅ ស្របតាមការណែនាំរបស់សម្ដេចបវរធិបតីគឺតម្រូវឲ្យអាជ្ញាធរគ្រប់រាជធានី-ខេត្ត យកចិត្តទុកដាក់ចំពោះបងប្អូនជនភៀសសឹក។
ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍បន្តថា ក្នុងនាមរដ្ឋបាលខេត្តសូមធ្វើការណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវតែយកចិត្តទុកដាក់តាមដានពិនិត្យមើលតាមភូមិឋានរបស់ខ្លួនក្រែងមានបងប្អូនជនភៀសសឹក ដែលបានរត់គេចពីគ្រាប់ប្លោងមលរស់នៅកន្លែងឆ្ងាយដែលមានសុវត្ថិភាពដូចជានៅក្នុងខេត្តកំពង់ចាមយើងជាដើម។ ជាការពិតណាស់ស្បៀងដែលផ្ដល់ជូនបងប្អូនទាំងអស់នេះត្បិតមិនមានចំនួនច្រើនក៏ពិតមែនតែបង្ហាញពីទឹកចិត្តអាណិតអាសូរស្រឡាញ់។កងទ័ពសៀមបានប្រើយន្តហោះចម្បាំងបាញ់ផ្សែងពុលពីលើអាកាស ដូច្នេះខ្យល់អាចប៉ើងធ្វើឲ្យសារធាតុគីមីនោះប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋ។ហើយគ្រូពេទ្យត្រូវតែចុះតាមដានពិនិត្យសុខភាពរបស់ពួកគាត់ដល់លំនៅឋានសាច់ញាតិឬជាស្រុកកំណើតរបស់គាត់មួយវិញទៀតបើមិនស្រួលខ្លួនផ្នែកផ្លូវដង្ហើមសូមប្រញាប់មកមន្ទីរពេទ្យព្យាបាល ដោយមិនអស់កម្រៃនោះទេ។
អភិបាលខេត្តបញ្ជាក់ថាយន្តហោះចម្បាំងរបស់សៀមបានហោះចូលរំលោភមកបូរណភាពទឹកដីកម្ពុជាចូលក្នុងរង្វង់៧០ទៅ៨០គីឡូម៉ែត្រហើយបានទម្លាក់គ្រាប់ដោយមិនរើសមុខជាហេតុបណ្ដាលឡើយប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធនានារួមទាំងអាយុជីវិតពលរដ្ឋស្លូតត្រង់។លោកថាសូមឱ្យបងប្អូនមានការជឿទុកចិត្តដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាគឺសម្ដេចតេជោនិងសម្ដេចបវរធិបតីបានខិតខំប្រើគ្រប់ពិធីធ្វើយ៉ាងណា ដើម្បីឲ្យសង្គ្រាមព្រំដែនកម្ពុជា-សៀមឆាប់ចប់ នាំមកនូវភាពសុខសាន្ត ដូច្នេះបងប្អូនអាចវិលត្រឡប់ទៅកាន់ភូមិឋានវិញប្រកបរបរលក់ដូរនិងការងារផ្សេងៗដើម្បីដោះស្រាយជីវភាពគ្រួសារ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី











