Thursday, December 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ ៖ តំបន់និងពិភពលោកត្រូវថ្កោលទោសថៃ

ភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងថា
១.សង្គ្រាមឈ្លានពាន ដែលទីក្រុងបាងកក កំពុងបន្តធ្វើមកលើកម្ពុជា ជារបត់ភូមិសាស្ត្រនយោបាយមួយដ៏គ្រោះថ្នាក់។ នៅក្នុងបរិបទពិភពលោក គឺជាការវិលទៅរកសណ្តាប់ធ្នាប់អន្តរជាតិ មុនសម័យសង្គ្រាមលោកលើកទី២។ រីឯនៅក្នុងបរិបទនៃតំបន់អាសុីអាគ្នេយ៍វិញ គឺជាការត្រឡប់ទៅរកសករាជ មុនកំណើតអាស៊ាននៅឆ្នាំ១៩៦៧។ ពោលគឺជាសម័យកាលនៃ «អាធំវ៉ៃអាតូច» «អានេះវ៉ៃអានោះ» ស្រេចតែអំពើចិត្ត។

២.«សង្គ្រាមថៃឈ្លានពានកម្ពុជា»នេះ គឺ ជាព្រៃយុទ្ធសាស្ត្រមួយ ដែលនៅក្នុងនោះ គេបោះចោល ក្នុងធុងសម្រាមប្រវត្តិសាស្ត្រ នូវ ប៊ិចសរសេរ សន្ធិសញ្ញា កិច្ចព្រមព្រៀង និងផែនទីផ្លូវការ ដើម្បីគូសបន្ទាត់ព្រំដែនឡើងវិញ ដោយប្រើប្រាស់ កម្លាំងបាយ, យន្តហោះចម្បាំងF-16, T-50TH, Gripen, គ្រាប់បែកចង្កោម, ផ្សែងពុល, ដ្រូនពិឃាដ, ដ្រូនទម្លាក់គ្រាប់បែក, រថក្រោះ, រថពាសដែក…។

៣.«សង្គ្រាមថៃឈ្លានពានកម្ពុជា»នេះ មិនយូរមិនឆាប់ នឹងអាចរុញច្រានតំបន់អាសុីអាគ្នេយ៍ទាំងមូល ទៅក្នុងជ្រោះនៃ អសន្តិសុខ អស្ថិរភាព និងចម្បាំងរាំងជល។ វានឹងអាចបំផ្លាញ យ៉ាងលឿនរហ័ស លទ្ធផលនៃការប្រឹងប្រែងច្រើនទសវត្សរ៍របស់អាស៊ានក្នុងការ បង្កើត ពង្រឹងពង្រីក និង រក្សាបាននូវ លំហតំបន់មួយនៃ កិច្ចសហប្រតិបត្តិការ សន្តិភាព និងវិបុលភាពរួម។ ហេតុអ្វី? ពីព្រោះចង់ឬមិនចង់ ស្ថាបត្យកម្មអាស៊ានផ្តើមបែកប្រេះឆារួចស្រេចបាត់ទៅហើយ ខណ:ដែល តាំងពីថ្ងៃ៧ធ្នូ២០២៥មក ប្រទេសសមាជិកមួយវាយឈ្លានពានប្រទេសសមាជិកមួយទៀត។

៤.តើបណ្តាប្រទេសជិតខាងដទៃរបស់ថៃដែលសុទ្ធតែជាសមាជិក អាស៊ាន អាចកក់ក្តៅចិត្តដែរឬទេ នៅពេលដែលឃើញថៃវាយប្រហារកម្ពុជា ទាំងនៅលើដី ពីលើអាកាស និងពីនាវាចម្បាំង? ដូចគ្នា គេគួរសាកល្បងមមៃមើលថា តើសសរគ្រឹះនៃសហភាពអឺរ៉ុបនឹងរង្គោះរង្គើខ្លាំងក្លាបែបណា បើសិនជាប្រទេសសមាជិកអឺរ៉ុបមួយចូលឈ្លានពានទាំងកំរោលប្រទេសសមាជិកអឺរ៉ុបមួយទៀត?

ម្ល៉ោះហើយ ថ្នាក់ដឹកនាំតំបន់ និងពិភពលោក ព្រមទាំងសាធារណមតិតំបន់និងអន្តរជាតិ ត្រូវតែក្លាហានហ៊ានប្រតិកម្ម ហ៊ានថ្កោលទោស ហ៊ានហៅសង្គ្រាមនេះថា ជា«សង្គ្រាមថៃឈ្លានពានកម្ពុជា»៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×