ភ្នំពេញ ៖ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់អង្ករ ទឹកបរិសុទ្ធ និងភេសជ្ជៈ ជូនរដ្ឋបាលខេត្តជាប់ព្រំដែនចំនួន៣ សម្រាប់ប្រើប្រាស់តាមការចាំបាច់ ក្នុងនោះរដ្ឋបាលខេត្តឧត្តរមានជ័យ ទទួលបាន (អង្ករ ២០តោន, ទឹកបរិសុទ្ធ វី-អាកទីវ ៤០០កេស និងភេសជ្ជៈ វី-កូឡា ៤០០កេស), ខេត្តបន្ទាយមានជ័យ ទទួលបាន (អង្ករ ២០តោន, ទឹកបរិសុទ្ធ វី-អាកទីវ ៣០០កេស និងភេសជ្ជៈ វី-កូឡា ៣០០កេស), និងខេត្តព្រះវិហារ ទទួលបាន (អង្ករ ២០តោន, ទឹកបរិសុទ្ធ វី-អាកទីវ ៣០០កេស និងភេសជ្ជៈ វី-កូឡា ៣០០កេស)។
ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ក៏បានសម្រេចផ្តល់ភួយសរុបចំនួន ១២.៥០០ភួយ ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តចំនួន៧ សម្រាប់ប្រតិបត្តិការមនុស្សធម៌ចែកជូនប្រជាជនភៀសសឹក ក្នុងនោះសាខាខេត្តបន្ទាយមានជ័យ ទទួលបាន ៣.០០០ភួយ, ខេត្តសៀមរាប ទទួលបាន ៣.០០០ភួយ, ខេត្តឧត្តរមានជ័យ ទទួលបាន ២.០០០ភួយ, ខេត្តបាត់ដំបង ទទួលបាន ២.០០០ភួយ, ខេត្តព្រះវិហារ ទទួលបាន ១.៥០០ភួយ, ខេត្តពោធិ៍សាត់ ទទួលបាន ៥០០ភួយ និងខេត្តកោះកុង ទទួលបាន ៥០០ភួយ។
សូមរំលឹកជូនថា កាលពីពេលកន្លងទៅថ្មីៗនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់ថវិកា ២១ម៉ឺនដុល្លារអាម៉េរិក ជូនគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សម្រាប់ទិញកៅស៊ូតង់ សង់ជម្រកជូនប្រជាជនភៀសសឹក និងបានផ្ដល់អង្ករ ទឹកបរិសុទ្ធ និងភេសជ្ជៈ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តចំនួន៦ គឺ ឧត្តរមានជ័យ ព្រះវិហារ សៀមរាប បន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់ ដែលសាខានីមួយៗ ទទួលបានអង្ករ ២០តោន, ទឹកបរិសុទ្ធ វី-អាកទីវ ២០០កេស និងភេសជ្ជៈ វី-កូឡា ២០០កេស។
កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋានដែលបានឧបត្ថម្ភស្បៀង សម្ភារ និងថវិកា ដោយសទ្ធាជ្រះថ្លាដល់កាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការមនុស្សធម៌ជួយដល់ប្រជាជនភៀសសឹកនៅតាមបណ្តោយព្រំដែន៕ រក្សាសិទ្ធដោយ៖សុទ្ធលី









