រាជធានីភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែធ្នូ ឆ្នាំ២០២៥ នេះ បានប្រកាសថា កងកម្លាំងនគរបាលជាតិ នៅតែបន្ដប្រកៀកស្មាគ្នាយ៉ាងរឹងមាំស្អិតរមួត តស៊ូក្រាញននៀលជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ប្រឆាំងនឹងការឈ្លានពានរបស់បរទេស។
ក្នុងសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ប្រចាំឆ្នាំ២០២៥ និងដាក់ចេញទិសដៅការងារឆ្នាំ២០២៦ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានសម្ដែងនូវការគោរពកោតសរសើរដោយស្មោះ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវីរកងទ័ព និងវីរកងកម្លាំងនគរបាលការពារព្រំដែនដ៏អង់អាចក្លាហាន ដែលបានតស៊ូក្រាញននៀលយ៉ាងស្វិតស្វាញ ដោយធ្វើពលិកម្មគ្រប់បែបយ៉ាង និងហ៊ានបូជាអាយុជីវិតក្នុងសមរភូមិប្រយុទ្ធប្រឆាំងនឹងខ្មាំងសត្រូវបរទេសឈ្លានពាន ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីឲ្យបានគង់វង្សជូនជាតិ និងប្រជាជន។
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានអះអាងថា មនសិការស្នេហាជាតិមាតុភូមិប្រកបដោយវីរភាពអង់អាចក្លាហាននេះ ត្រូវបានចារឹកទុក និងចងចាំជានិច្ចក្នុងក្រអៅបេះដូងកូនខ្មែរគ្រប់ជំនាន់ ព្រមទាំងបានជំរុញ និងលើកទឹកចិត្តយុទ្ធជន យុទ្ធនារីខ្មែរគ្រប់រូប ឲ្យបន្តត្រងត្រាប់យកគំរូវីរភាពនេះ ធ្វើការតស៊ូប្រយុទ្ធប្រឆាំងនឹងខ្មាំងសត្រូវបរទេសឈ្លានពាន ដើម្បីការពារជាតិ និងទឹកដី ឲ្យបានគង់វង្សជាដាច់ខាត គ្រប់កាលៈទេសៈទាំងបច្ចុប្បន្ន និងទៅអនាគត។
ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានកោតសរសើរចំពោះវីរភាពរបស់កងម្លាំងនគរបាលជាតិនៅទូទាំងប្រទេស ដែលបានតស៊ូពុះពារជម្នះរាល់គ្រប់ឧបសគ្គ ក្នុងការបំពេញភារកិច្ចទទួលខុសត្រូវរបស់ខ្លួន ទាំងថ្ងៃទាំងយប់ដោយមិនគិតពីការនឿយហត់ និងហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ហើយពេលខ្លះមានរបួស និងពលីជីវិតថែមទៀត ដើម្បីបុព្វហេតុជាតិមាតុភូមិ និងសេចក្តីសុខសាន្ដរបស់ប្រជាពលរដ្ឋក្នុងសង្គមជាតិទាំងមូល។
ជាក់ស្តែងតាមរយៈរបាយការណ៍របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានឆ្លុះបញ្ចាំងឲ្យឃើញថា ក្នុងឆ្នាំ២០២៥កន្លងទៅនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ សម្រេចបាននូវស្នាដៃ និងសមិទ្ធផលថ្មីៗបន្ថែមទៀតជាច្រើន ក្នុងការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សារធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ និងសង្គមជាតិ បានល្អប្រសើរ។
បន្ថែមពីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានណែនាំឲ្យជំរុញចលនាអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» ដោយដាក់ចេញនូវផែនការ វិធានការជំនាញក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀន អំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវ កម្មផ្លូវភេទ សកម្មភាពក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ការប្រើប្រាស់ ប្រព័ន្ធទូរគមនាគមន៍ប្រព្រឹត្តអំពើឆបោក បទល្មើសសេដ្ឋកិច្ចដែលនាំឲ្យប៉ះពាល់សុខមាលភាព អាយុជីវិតប្រជាពលរដ្ឋ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានជំរុញឲ្យបង្កើនការស្រាវជ្រាវ ស៊ើបអង្កេត និងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (Online Scams) ដើម្បីការពារកិត្តិយសប្រទេសជាតិ។ ទន្ទឹមនោះ ត្រូវខិតខំចាត់វិធានការបន្ទាន់ចុះអន្តរាគមន៍ភ្លាមៗ តាមសំណើសុំអន្តរាគមន៍ពីគ្រប់ប្រភព សំដៅធានាដល់សុវត្ថិភាពជនដែលបានស្នើសុំអន្តរាគមន៍៕ រក្សាសិទ្ធដោយ៖សុទ្ធលី













