ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និយាយថា លោកនឹងដោះស្រាយបញ្ហាកូរ៉េខាងជើង ប៉ុន្តែពុំផ្លាស់ប្តូរវិធីដោះស្រាយករណីនេះ ក្រោយពេលដែលក្រុងព្យុងយ៉ាងបានបាញ់កាំជ្រួចអន្តរទ្វីប។
តាម CNN ប៉ុន្មានម៉ោងដែលកូរ៉េខាងជើងបាញ់បង្ហោះកាំជ្រួច លោក ត្រាំ បានបង្ហាញឲ្យឃើញនូវការអត់ធ្មត់ខណៈពេលនិយាយប្រាប់អ្នកកាសែតប្រចាំសេតវិមាន លោកនឹង “ដោះស្រាយបញ្ហានេះ”។
“ខ្ញុំនឹងនិយាយជាមួយមិត្តទាំងអស់គ្នាយ៉ាងខ្លីថា យើងខ្ញុំនឹងដោះស្រាយបញ្ហានេះ ហើយករណីបាញ់បង្ហោះកាំជ្រួចរបស់កូរ៉េខាងជើងពុំបានធ្វើឲ្យប្រែប្រួលជម្រើសដោះស្រាយបញ្ហារបស់អាមេរិកឡើយ”។
ប្រធានាធិបតី ត្រាំ ក៏បានទូរស័ព្ទសន្ទនាជាមួយនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe ដើម្បីពិភាក្សាពីករណីនេះ ។ សេចក្តីថ្លែងការណ៍របស់សេតវិមានឲ្យដឹងថា “មេដឹកនាំទាំង២ យល់ឃើញដូចគ្នាថា ទង្វើញុះញង់ទាំងឡាយរបស់រដ្ឋការក្រុងព្យុងយ៉ាងកំពុងធ្វើឲ្យចុះខ្សោយសន្តិសុខរបស់ខ្លួនឯងទេ ហើយកាន់តែធ្វើឲ្យពួកគេឯកោជាមួយសហគមន៍អន្តរជាតិ”។ មេដឹកនាំទាំង២ បានអះអាងសារជាថ្មីអំពីកិច្ចព្រមព្រៀងប្រឆាំងតបនឹងគ្រោះគំរាមកំហែងពីសំណាក់កូរ៉េខាងជើង។ សេចក្តីប្រកាសដដែលបានបញ្ជាក់ថា អាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានធ្វើសំណូមពរឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើកអង្គប្រជុំបន្ទាន់ជុំវិញហេតុការណ៍នេះ៕ ដោយ ៖ សូយន