ភ្នំពេញ ៖ ក្រសួងមហាផ្ទៃរាជរដ្ឋភិបាលកម្ពុជា នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៦
បានចេញសេចក្តីប្រកាសព័ត៍មានស្ដីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង១រសៀល ដល់ម៉ោង៦ល្ងាច ថ្ងៃទី២ ខែមករា ឆ្នាំ២០២៦។
វីរយុទ្ធជនកម្ពុជា និងយោធាថៃ បានបន្តអនុវត្តបទឈប់បាញ់ ធ្វើឱ្យស្ថានភាពស្ងប់ស្ងាត់ ពលរដ្ឋភៀសសឹកបាន វិលត្រឡប់ទៅលំនៅឋានវិញជាបណ្ដើរៗ ជាពិសេសវីរកងទ័ពទាំង១៨រូប បានធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព ស្របតាមសេចក្ដីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅច្រក ព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ គិតចាប់ពីម៉ោង១រសៀល ដល់ម៉ោង៦ល្ងាច ថ្ងៃទី២ ខែមករា ឆ្នាំ២០២៦នេះ ស្ថានភាពជារួម មានដូចខាងក្រោម៖
១-ស្ថានភាពពលរដ្ឋភៀសសឹក៖ មានជនភៀសសឹក៦៧.០៧៧នាក់ បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ដែលធ្វើឱ្យជនភៀសសឹកនៅសល់សរុបមានចំនួន ៣២៦.៥៦៣នាក់ ក្នុងនោះស្រ្តី ១៧១.៩៨៧នាក់ និងកុមារ១០៥.៣៣៣នាក់។
២-ការបន្តបិទផ្អាក និងការដំណើរការឡើងវិញសេវាសាធារណៈជាមូលដ្ឋាន៖ ខេត្តឧត្តរមានជ័យ មានសាលារៀន ១០៧ មន្ទីរពេទ្យ/មណ្ឌលសុខភាព១០ រដ្ឋបាលនៅថ្នាក់ខេត្ត១ ក្រុង-ស្រុក២ ឃុំ-សង្កាត់៩ និងប៉ុស្តិ៍នគរបាលរដ្ឋបាល១ បានបន្តបិទផ្អាក ខណៈសាលារៀន១០១ មន្ទីរពេទ្យ/មណ្ឌលសុខភាព៨ រដ្ឋបាលស្រុក៤ អង្គភាពកងកម្លាំងមាន សមត្ថកិច្ចថ្នាក់ក្រុង ស្រុក១០ រដ្ឋបាលឃុំ១៨ និងប៉ុស្តិ៍នគរបាលរដ្ឋបាល២៣ បានដំណើរការឡើងវិញ។ ខេត្ត បន្ទាយមានជ័យ មានសាលារៀន៣២១ (រដ្ឋ២៣៧ ឯកជន៨៤) និងមន្ទីរពេទ្យ/មណ្ឌលសុខភាព៦ បន្តបិទផ្អាក ខណៈសាលារៀន៩ មន្ទីរពេទ្យ/មណ្ឌលសុខភាព១៦ និងរដ្ឋបាលនៅថ្នាក់ខេត្ត ក្រុង ស្រុក និងឃុំ-សង្កាត់ បានដំណើរការ ឡើងវិញ។ ខេត្តព្រះវិហារ មានសាលារៀន៦១ និងមន្ទីរពេទ្យមណ្ឌលសុខភាព១៤ នៅបន្តបិទផ្អាក ខណៈរដ្ឋបាលនៅ ថ្នាក់ស្រុក១ និងឃុំចំនួន៦ បានដំណើរការឡើងវិញ។ ចំពោះ ខេត្តកោះកុង មានសាលារៀន៦៦ ដែលបាន បិទផ្អាក បានបើកដំណើរការឡើងវិញទាំងអស់។
៣-ផលប៉ះពាល់ និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិល៖ គ្មានថ្មី។ ដូច្នេះ បើគិតចាប់ពីថ្ងៃទី៧ ខែធ្នូមក ការខូចខាតទ្រព្យសម្បត្តិឯកជន សរុប រួមមាន ផ្ទះ៣២៣ខ្នង អគារស៊ីវិលឯកជន៧ អគារស្នាក់នៅ/សណ្ឋាគារ៥ ស្ថានីយ៍ប្រេង៣ ផ្សារឯកជន១ រថយន្ត៣៣គ្រឿង ម៉ូតូ១គ្រឿង លានទិញដំឡូង១ អគារឃ្លាំងទំនិញ១ បង្គោលអង់តែន ទូរសព្ទ២ ជង្រុកស្រូវ១ និងសត្វពាហនៈ/សត្វព្រៃ២ក្បាល។ ការខូចខាតទ្រព្យសម្បត្តិសាធារណៈ សរុប រួមមាន សាលារៀន ១៦ មណ្ឌលសុខភាព៧ សំណង់អគារ៣៩ វត្តអារាម៥ សាលាឆទាន១ រូបសំណាក១ រថយន្ត១គ្រឿង ប្រាសាទបុរាណ៤ ស្ពាន៥ ផ្សារ១ ផ្លូវ៤ និងប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី១ទីតាំង។
៤-កិច្ចអន្តរាគមន៍រៀបចំផ្ទះសំបែង និងភូមិករពលរដ្ឋភៀសសឹក៖ ខេត្តឧត្តរមានជ័យ មានពលរដ្ឋ២៥.៧១២ គ្រួសារ ស្មើនឹងមនុស្សចំនួន៩៣.៣០៨នាក់ បានវិលចូលរស់នៅក្នុងផ្ទះសំបែងឡើងវិញ មានភូមិចំនួន៨៤ពុំទាន់អាច ឱ្យពលរដ្ឋចូលទៅរស់នៅបាន និងភូមិចំនួន១៧២ទៀត ត្រូវបានអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធចុះរៀបចំផ្ទះសំបែងជូន ពលរដ្ឋរួចរាល់។ ខេត្តបន្ទាយមានជ័យ មានពលរដ្ឋចំនួន៣៥.០៦៧គ្រួសារ ស្មើនឹងមនុស្សចំនួន១១១.៤៨៥នាក់។
ខេត្តព្រះវិហារ មានពលរដ្ឋ៥.៧៤៦គ្រួសារ ស្មើនឹងមនុស្សចំនួន១៧.៣០៤នាក់ និងខេត្តបាត់ដំបង មានពលរដ្ឋ ២.៩៩០គ្រួសារ បានវិលចូលរស់នៅក្នុងផ្ទះសំបែងឡើងវិញ។ ជារួម ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័ន ពាក់ព័ន្ធ ព្រមទាំងរដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ-សង្កាត់ បានកំពុងបន្តយកចិត្តទុកដាក់ពិនិត្យ និងដោះស្រាយកិច្ចការ អាទិភាពជាច្រើនទៀត ដើម្បីធានាការវិលមករកប្រក្រតីភាព នៃសេវាសាធារណៈជាមូលដ្ឋាននៅតាមបណ្តាក្រុង ស្រុក និងឃុំ-សង្កាត់ ជាពិសេសក្នុងខេត្តជាប់ព្រំដែនដែលបានបិទផ្អាកក្នុងរយៈកាលកន្លងមក។ ជាមួយគ្នានេះ ក៏បាននិង កំពុងខិតខំបង្កលក្ខណៈជូនជនភៀសសឹកឆាប់បានវិលត្រឡប់ទៅលំនៅឋានវិញប្រកបដោយសុវត្ថិភាព។ ក្នុងនោះរួម ទាំងការដោះស្រាយបញ្ហាចំពោះមុខសម្រាប់ផ្ទះសំបែង និងភូមិករពលរដ្ឋដែលរងការខូចខាត ការបោសសម្អាត យុទ្ធភណ្ឌមិនទាន់ផ្ទុះ ទន្ទឹមនឹងការពិនិត្យនិងបន្តហាមឃាត់ការបង្ហោះអាកាសយានគ្មានមនុស្សបើក(ដូន) គ្រប់ ទីកន្លែង គ្រប់ពេលវេលា រហូតដល់មានការណែនាំថ្មី។
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមគាំទ្រជំហរដ៏មោះមុត និងច្បាស់លាស់របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានគូសបញ្ជាក់ថា ការអនុវត្តបទឈប់បាញ់ មិនមែនជាការចុះចាញ់ ឬយកបូរណភាពទឹកដី និង អធិបតេយ្យជាតិ ទៅដោះដូរយកសន្តិភាពនោះឡើយ ដោយសង្កត់ធ្ងន់ថា ខ្សែបន្ទាត់ព្រំដែនអន្តរជាតិរវាងកម្ពុជា-ថ នៅតែកំណត់ដោយសន្ធិសញ្ញា និងអនុសញ្ញាអន្តរជាតិមានស្រាប់ ដែលកម្ពុជានៅតែរក្សាបានសិទ្ធិពេញលេញក្នុងការ ដោះស្រាយបញ្ហាព្រំដែនអនុលោមតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា អនុសញ្ញា និងយន្តការទ្វេភាគីជាធរមាន ទាំងឡាយ។ សូមជនរួមជាតិ ជឿជាក់លើរាជរដ្ឋាភិបាល ដោយរួបរួមស្មារតីជាតិខ្មែរតែមួយ ចៀសវាងចាញ់ឧបាយកលឃោសនា ញុះញង់ពីក្រុមជ្រុលនិយមណាមួយ ធ្វើឱ្យប៉ះពាល់ដល់យុទ្ធសាស្ត្រ «ស្ងាត់តែមិនស្ងៀម» ដោយសន្តិវិធី តាមផ្លូវច្បាប់ និងការទូត។ ជាក់ស្ដែង យុទ្ធសាស្ត្រ «ស្ងាត់តែមិនស្ងៀម» បាននាំមកនូវការធ្វើមាតុភូមិនិវត្តន៍នៃវីរកងទ័ពកម្ពុជាទាំង ១៨រូប ប្រកបដោយមោទកភាព ដែលក្រសួងមហាផ្ទៃមានក្តីស្ញប់ស្ញែងយ៉ាងក្រៃលែងបំផុត ទាំងមាគ៌ាដឹកនាំរបស់ រាជរដ្ឋាភិបាល និងសន្ទុះមនសិការជាតិរបស់ប្រជាពលរដ្ឋ ពេលទទួលស្វាគមន៍ដំណើរត្រឡប់របស់វីរកងទ័ព ដូច សម្តេច តេជោ ហ៊ុន សែន បានគូសបញ្ជាក់ក្នុងពិធីជួបសំណេះសំណាលវីរកងទ័ពទាំង១៨រូប នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ អំពីអត្ថន័យកម្លាំងមហាសាមគ្គីជាតិ ដែលកាន់តែផុសខ្ពស់ត្រដែតចេញពីកូនខ្មែរគ្រប់ទិសទី។
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមគោរពថ្លែងអំណរគុណ និងគាំទ្រយ៉ាងស្មោះស្ម័គ្រចំពោះ សម្តេច តេជោ ហ៊ុន សែន និង សម្ដេចធិបតី ហ៊ុន មាំណែត ដែលបានដាក់ចេញយុទ្ធសាស្ត្រការពារជាតិយ៉ាងត្រឹមត្រូវ ធ្វើឱ្យ ប្រជាជនកម្ពុជា ទាំងក្នុង និងក្រៅប្រទេស កាន់តែទទួលបានអារម្មណ៍កក់ក្ដៅ ដែលមានប្រតិបត្តិករ គឺវីរយុទ្ធជនជួរមុខ ឈរជើងយ៉ាងរឹងមាំអង់អាចជាញជ័យ រយៈពេល២០យប់ ២១ថ្ងៃ ការពារអធិបតេយ្យជាតិ និងប្រជាជន។ យើង ទាំងអស់គ្នា សូមបន្ទន់កាយ សង្រួមចិត្ត គោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលី និងសូមចូលរួមទទួលអារម្មណ៍ឈឺចាប់ និង ក្តីមោទនជាមួយក្រុមគ្រួសារ។ យើងក៏សូមជូនពរវីរយុទ្ធជន ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យឆាប់បាន ជាសះស្បើយ។ សូមជនរួមជាតិ បន្តស្មារតីព្រលឹងខ្មែរតែមួយជានិរន្តរ៍រៀងទៅ៕រក្សាសិទ្ធដោយ៖សុទ្ធលី





















