ភ្នំពេញ ៖ ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យស្តីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅរសៀល ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ បានថ្លែងថា ការដែលយោធាថៃកាន់កាប់ទឹកដីកម្ពុជាក្រោយបទឈប់បាញ់ បិទសិទ្ធិ របស់ជនស៊ីវិលភៀសសឹកកម្ពុជាមិនឱ្យវិលត្រឡប់ទៅផ្ទះរបស់គេវិញ និងបង្កើនការវាយកម្ទេចហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងវប្បធម៌របស់កម្ពុជា ជាពិសេសនៅក្នុងភូមិព្រៃចាន់ ជោគជ័យ និងបឹងត្រកួន ខេត្តបន្ទាយមានជ័យ និងនៅតំបន់ច្រកទ្វារអន្តរជាតិថ្មដា ក្នុងខេត្តពោធិ៍សាត់ គឺជាការរំលោភយ៉ាងជាក់ច្បាស់ចំពោះគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ៖ មាត្រា ២(៣) និង ២(៤) នៃធម្មនុញ្ញអង្គការសហប្រជាជាតិ, មាត្រា៥៣ នៃអនុសញ្ញាទី៤ ក្រុងហ្សឺណែវ ឆ្នាំ១៩៤៩, មាត្រា៥២ នៃពិធីសារបន្ថែមទី១ ឆ្នាំ១៩៧៧ នៃអនុសញ្ញាក្រុងហ្សឺណែវឆ្នាំ១៩៤៩។
ឯកឧត្តម ចាន់ រតនា បានថ្លែងបន្តទៀតថា កម្ពុជាសង្ឃឹមថាសហគមន៍អន្តរជាតិនឹងជួយជំរុញប្រទេសថៃឱ្យដោះស្រាយជម្លោះព្រំដែនស្របតាមច្បាប់អន្តរជាតិ និងកាតព្វកិច្ចរបស់ខ្លួនក្រោមសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់។
ការដែលយោធាថៃកាន់កាប់ទឹកដីកម្ពុជា ដែលទទួលបានពីការគំរាមកំហែង និងប្រើប្រាស់កម្លាំង គឺផ្ទុយទៅនឹងគោលការណ៍ជាមូលដ្ឋាន និងដាច់ខាតនៃច្បាប់អន្តរជាតិ ដែលហាមឃាត់នូវការដណ្ដើមយកទឹកដីដោយប្រើប្រាស់កម្លាំង ហើយវាក៏គ្មានតម្លៃតាមផ្លូវច្បាប់ និងមិនអាចបង្កើតសិទ្ធិស្របច្បាប់ណាមួយបានឡើយ។
រាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន ដោយឥតងាករេ ចំពោះការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាមួយ ប្រទេសជិតខាងទាំងអស់ តាមរយៈមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដោយប្តេជ្ញាចិត្តជា ដាច់ខាតចំពោះការប្រកាន់ជំហរជាគោលការណ៍ថា ខ្សែព្រំដែនមិនត្រូវបានផ្លាស់ប្តូរ តាមរយៈការប្រើប្រាស់កម្លាំងនោះឡើយ។
អ្នកនាំពាក្យស្តីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអះអាងថា សកម្មភាពឈ្លានពានរបស់យោធាថៃផ្ទុយស្រឡះទៅនឹងការប្ដេជ្ញាចិត្តរបស់ពួកគេ ក្នុងការដោះស្រាយវិវាទដោយសន្តិវិធី ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួមស្ដីពីសន្តិភាពថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ បទឈប់បាញ់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងផ្សេងៗទៀត ដែលបញ្ជាក់ជារួមអំពីកាតព្វកិច្ចរបស់ភាគីកម្ពុជា-ថៃ ក្នុងការមិនអនុវត្តវិធានការជាឯកតោភាគី និងដោះស្រាយបញ្ហាដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។
ឯកឧត្តមបានបន្តថា កម្ពុជាសូមទាមទារឱ្យប្រទេសថៃ៖
ក. បញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពយោធាប្រកបដោយអរិភាព នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ និងនៅក្នុងទឹកដីរបស់កម្ពុជា។
ខ. ដកបុគ្គលិក និងសម្ភារៈយោធាទាំងអស់ចេញពីទឹកដីកម្ពុជា ទៅកាន់ទីតាំងព្រំប្រទល់ ដែលទទួលស្គាល់ដោយច្បាប់។
គ. គោរពដោយស្មោះត្រង់ចំពោះ លក្ខខណ្ឌ និងស្មារតីនៃបទឈប់បាញ់ និងកិច្ចព្រមព្រៀងផ្សេងៗទៀត៕ រក្សាសិទ្ធដោយ៖សុទ្ធលី








